លោកហ៊ុនសែន និងលោកសម រង្ស៊ី បានជួបពិភាក្សាគ្នាផ្ទាល់មាត់ នៅព្រឹកថ្ងៃពុធនេះ
បញ្ចូលព័ត៌មានដោយ៖Unknown
on Thursday, April 10, 2014
0
មេដឹកនាំគណបក្សប្រជាជនកម្ពុជា គឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងប្រមុខបក្សប្រឆាំង លោក សម រង្ស៊ី បានជួបចរចាគ្នាផ្ទាល់មាត់ហើយ នៅថ្ងៃពុធទី៩មេសា ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ដែលកំពុងអូសបន្លាយក្រោយការបោះឆ្នោត។ ក្នុងជំនួបតាមទូរស័ព្ទរវាងប្រមុខបក្សដែលកំពុងមានជម្លោះទាំងពីរ បានពិភាក្សាគ្នាលើបញ្ហាបីចំណុច នោះគឺ កាលបរិច្ឆេទនៃការបោះឆ្នោត កំណែទម្រង់គ.ជ.ប និងប្រព័ន្ធផ្សព្វផ្សាយ។ យ៉ាងណាក៏ដោយ នៅមិនទាន់មានជំនួបកំពូលជាផ្លូវការណាមួយ ត្រូវបានទំលាយនៅឡើយទេ។
ទីបំផុតទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក សម រង្ស៊ី ប្រមុខបក្សប្រឆាំងបានជួបគ្នាផ្ទាល់មាត់ហើយ កាលពីព្រឹកថ្ងៃពុធទី៩ មេសានេះ។ នេះបើតាមការបញ្ជាក់របស់លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានថ្លែងប្រាប់វិទ្យុបារាំង អន្តរជាតិនៅរសៀលថ្ងៃពុធនេះ។ មានរបៀបវារៈចំនួន៣ចំណុចក្នុងជំនួបតាមទូរស័ព្ទ រវាងមេដឹកនាំ ចាស់វស្សាទាំងពីរ។
បើតាមលោកអេង ឆៃអ៊ាង ដដែល របៀបវារៈទាំងបីចំណុចដែលមេបក្សទាំងពីរពិភាក្សាជាមួយគ្នានោះ នៅមិនទាន់មានលទ្ធផលនៅឡើយនោះទេ។ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាលនៃគណបក្សសង្គ្រោះជាតិរូបនេះ បានបញ្ជាក់ថា ជំនួបកំពូលរវាងមេដឹកនាំនៃគណបក្សទាំងពីរ អាចនឹងកើត ឡើងជាផ្លូវការលើកទីពីរ ប្រសិនបើការចរចានយោបាយក្រៅផ្លូវការ ត្រូវបានព្រមព្រៀងជាមួយគ្នានោះ។
ខាងភាគីនៃគណបក្សប្រជាជនកម្ពុជា វិទ្យុបារាំងមិនអាចទាក់ទងបញ្ជាក់រឿងនេះបានទេ។
សូមបញ្ជាក់ថាកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅ ទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក សម រង្ស៊ី សុទ្ធតែបានប្រកាសប្រាប់មហាជន អំពីការចរចាជាសម្ងាត់ជាមួយគ្នាដើម្បី ស្វះស្វែងរកដំណោះស្រាយនយោបាយ។ លោកសម រង្ស៊ី បញ្ជាក់ថា ក្រុមការងារគណបក្សទាំងពីរអាចចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្នុងពេលឆាប់ៗនេះ ឬអាចចូលគាល់ព្រះមហាក្សត្ររួមគ្នាតែម្តង។
ចំណែកឯលោកនាយករដ្ឋមន្ត្រីហ៊ុន សែនវិញ ក៏បានផ្តល់ព័ត៌មានស្រដៀងគ្នានេះដែរ។ លោកបញ្ជាក់ថា គណបក្សទាំងពីរនៅសេសសល់តែចំណុចខ្វែងគំនិតគ្នាបន្តិចបន្តួច តែប៉ុណ្ណោះ នឹងអាចដល់កិច្ចព្រមព្រៀងហើយ។ ជំនួបថ្ងៃទី៩ មេសាដែលធ្វើឡើងតាមរយៈទូរស័ព្ទនេះ គឺជាជំនួបលើកទី២ហើយរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក សម រង្ស៊ី ក្រោយជំនួបផ្លូវការកាលពីខែកញ្ញា ឆ្នាំ២០១៣កន្លងទៅ។
សូមរំលឹកជូនថា គិតត្រឹមដើមខែមេសានេះ វិបត្តិនយោបាយនៅកម្ពុជាបានអូសបន្លាយអស់រយៈពេលជិត៩ខែមកហើយ ពោលគឺចាប់តាំងពីក្រោយការបោះឆ្នោតនីតិកាលទី៥ នៅថ្ងៃទី២៨កក្តដា ឆ្នាំ២០១៣។ វិបត្តិនយោបាយដែលបានកើតឡើងដោយសារគណបក្សសង្គ្រោះជាតិទាត់ចោល លទ្ធផលបោះឆ្នោតក្រោមហេតុផលថា មានភាពមិនប្រក្រតីនៃដំណើរការ បោះឆ្នោត។ វិបត្តិនយោបាយនេះ បាននាំឱ្យទីក្រុងភ្នំពេញបានស្គាល់ការរំជើបរំជួលទៅដោយបាតុកម្ម ជាច្រើនលើក រហូតបណ្តាលឱ្យមានមនុស្សស្លាប់នឹងរងរបួស។
យ៉ាងណាក៏ដោយ ជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក សម រង្ស៊ីនៅពេលនេះ គឺជាសញ្ញាណនៃការបិទបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា។ ប៉ុន្តែតើ លទ្ធផលនៃជំនួបមានលទ្ធផលយ៉ាងណានោះ ពលរដ្ឋខ្មែរទាំងអស់កំពុងទន្ទឹងរង់ចាំមើល៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: