លោកសម រង្ស៊ី អំពាវនាវអោយកម្លាំងប្រដាប់អាវុធចូលរួមក្នុងផែនការផ្លាស់ប្តូររបបគ្រប់គ្រងប្រទេសរបស់លោក
បញ្ចូលព័ត៌មានដោយ៖Unknown
on Friday, August 9, 2013
0
ពីសហរដ្ឋអាមេរិក លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីអំពាវនាវមួយ នាថ្ងៃទី៨ សីហានេះ ដោយស្នើអោយកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ចូលរួមក្នុងផែនការផ្លាស់ប្តូររបបដឹកនាំប្រទេសរបស់លោកអោយបានសម្រេចអោយខាងតែបាននៅឆ្នាំ២០១៣នេះ ។
សេចក្តីអំពាវនាវទៅកាន់កងកម្លាំងប្រដាប់អាវុធនេះ បានធ្វើឡើងនៅចំពេលដែលមានការចល័តកងទ័ព ប៉េអឹម និងប៉ូលីស អមដោយរថពាសដែក នៅក្នុងទីក្រុងភ្នំពេញ និងនៅតាមគោលដៅសំខាន់ៗនានា កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ ។
លោកសម រង្ស៊ី បានសរសេរនៅក្នុងសាររបស់លោកថា៖ «ប៉ុន្មានថ្ងៃចុងក្រោយនេះ, ខ្ញុំ ទទួលបានពត៍មានជាច្រើនទាក់ទងនឹងការចល័តទ័ព គម្រោងដាក់ពង្រាយកំលាំងប៉ូលិសនិងប៉េអឹម នៅតាម បណ្តាផ្លូវនានា ក្នុងរាជធានីភ្នំពេញ។ ខ្ញុំដឹងថា, សកម្មភាព បែបនេះ កើតឡើងតាមការបញ្ជារបស់បុគ្គលកាន់អំណាចម្នាក់ប៉ុណ្ណោះ» ។
«ហើយ ខ្ញុំ ក៏ដឹងទៀតថា, បងប្អូន, កូនក្មួយ, ពលទាហាន, ប៉ូលីស, និងកងកំលាំង ប្រដាប់អាវុធទាំងអស់ កំពុងទន្ទឹងរងចាំ រដ្ឋាភិបាលថ្មី ដែលនឹងផ្តល់ប្រាក់ខែជូន យ៉ាងតិច១លានរៀលក្នុងមួយខែ, ហើយរស់នៅក្រោមដំបូលរដ្ឋាភិបាលថ្មី ប្រកប ដោយការយកចិត្តទុកដាក់, ទទួលខុសត្រូវ, និងមានតំលៃក្នុងសង្គម។ ដូច្នេះ នៅពេលនេះ ជាឪកាសមាសរបស់បងប្អូន ក្នុងការរួមគ្នា ក្រោកឡើងជាមួយ ប្រជាពលរដ្ឋយើង និងជាមួយយុវជនសង្រ្គោះជាតិរបស់យើង ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលថ្មីក្នុងឆ្នាំ ២០១៣នេះឲ្យទាល់តែបាន» នេះជាសំណេរបស់លោកសម រង្ស៊ី ដែលត្រូវបានផ្សព្វផ្សាយតាមរយៈគេហទំព័រ KI Media ។
នៅស្របពេលជាមួយគ្នានេះដែរ ពលរដ្ឋខ្មែរ ដែលគេស្គាល់ថាតំណាងគណបក្សសង្គ្រោះជាតិ នៅតាមបណ្តាសហគមន៍អឺរុប និងនៅសហរដ្ឋសហរដ្ឋអា មេរិក ក៏បានចេញញត្តិ ដែលមានអត្ថន័យប្រហាក់ប្រហែលគ្នាទៅនឹងសាររបស់លោកសម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះដែរ ដោយពួក គេទទួចអោយកងកម្លាំងប្រដាប់អាវុធទាំងនោះចូលរួមជាមួយបេសកកម្មរបស់គណបក្សប្រឆាំងដើម្បីធ្វើការផ្លាស់ប្តូរមេដឹកនាំ និងស្នើអោយកងកម្លាំង ទាំងនោះអាណិតអាសូរដល់ប្រជាជន ។
KI Media បានធ្វើសេចក្តីសង្ខេបនៃញត្តិរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងនោះថា៖ «ពលរដ្ឋខ្មែរមួយចំនួន រស់នៅអាមេរិក បារាំង អាល្លឺម៉ង់ ហូល្លង់ ស្វីស ស៊ុយអែត អូទ្រីស និងន័រវេស្ស ហៅការចល័តកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលកម្ពុជា ថាជាការគម្រាមកំហែង ដល់ពលរដ្ឋ និងបង្ខំឲ្យពលរដ្ឋទទួលស្គាល់លទ្ធផលឆ្នោតសិប្បនិម្មិត!»។
ទោះជាយ៉ាងនេះក្តី លោកឧត្តមសេនីយ៍ ខេង ទីតូ អ្នកនាំពាក្យនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កងកម្លាំងទាំងនេះ គឺត្រូវដាក់ពង្រាយ និងចល័ត ដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនប្រជាជន រហូតទាល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ៕
ប្រភពដើម៖ fmponline.net
Tagged as: ព័ត៌មានជាតិ
About the Author
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: