លោក ខឹម វាសនា ថានឹងធ្វើបាតុកម្មទាមទារកែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា
បញ្ចូលព័ត៌មានដោយ៖Unknown
on Wednesday, April 8, 2015
0
ជម្លោះរវាងប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា និងសកម្មជនរបស់គណបក្ស លោក ឌុក មឿន បានប្ដឹងគ្នាទៅសាលាដំបូងរាជធានីភ្នំពេញ ដោយ លោក ឌុក មឿន ចោទមេបក្សខ្លួនថាបោកប្រាស់លុយ និងបទកំហែងយក។ បណ្ដឹងនោះ សាលាដំបូងមិនចាត់ការ ទើប លោក ឌុក មឿន ប្ដឹងបន្តទៅសាលាឧទ្ធរណ៍។
ករណីប្ដឹងនេះ បានធ្វើឲ្យ លោក ខឹម វាសនា ស្វះស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី និងបានធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ ដោយលោកថ្លែងថា អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ជាអ្នកនៅពីក្រោយនៃការប្ដឹងផ្តល់នេះ។
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែងថា នឹងធ្វើបាតុកម្មដើម្បីឲ្យមានការកែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា។ លោកថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៨ ខែមេសា នៅទីស្នាក់ការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
លោក ខឹម វាសនា អះអាងថា អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ មិនទទួលយកសាក្សី និងភស្តុតាងដើម្បីដោះបន្ទុក ទាក់ទងនឹងរឿងក្តីលើរូបលោកនោះទេ៖ «បើសិនណាកុំថាត្រឹមការជាប់គុកជាប់ច្រវាក់ដ៏អយុត្តិធម៌របស់ខ្ញុំ សូម្បីតែខ្មោចរបស់ខ្ញុំឲ្យបានទៅជាឈ្នាន់មួយសម្រាប់ផ្ទុះ ឲ្យដឹងថា តុលាការស្រុកខ្មែរអ៊ីចឹង។ ខ្ញុំថាខ្លួនខ្ញុំសមណាស់ ខ្ញុំអត់ស្ដាយជីវិតទេ កុំថាខ្ញុំជាប់គុកបានជាឈ្នាន់ សូម្បីតែខ្ញុំស្លាប់បានជាឈ្នាន់ ដើម្បីឲ្យដឹងថា តុលាការស្រុកខ្មែរអ៊ីចឹងណា ឲ្យប្រជាពលរដ្ឋងើប ទើបខ្ញុំងាប់សមណាស់»។
លោក ខឹម វាសនា បន្តថា លោក ឌុក មឿន ជាដើមបណ្ដឹងចោទគាត់ថាបោកលុយ និងកំហែងយកប្រាក់។ លោកបន្តថា មានសាក្សីមេភូមិ និងពលរដ្ឋក្នុងភូមិរស់នៅជាមួយ លោក ឌុក មឿន ដែលបានដឹងថា លោក ខឹម វាសនា បានដាំដូងលើដី លោក ឌុក មឿន ចំនួន ២០ហិកតារ អស់ទឹកប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ និងបានប្រគល់ប្រាក់ ៣ម៉ឺនដុល្លារទៅឲ្យ លោក ឌុក មឿន ទិញគ្រឿងចក្រដោយគ្មានលិខិតស្នាមប្រគល់ និងទទួលលុយទេ។ ក្រោយពីមានជម្លោះជាមួយគ្នាមក លោក ខឹម វាសនា បានដកយកគ្រឿងចក្រវិញ និងបានទុកចម្ការដូងជូន លោក ឌុក មឿន ជាម្ចាស់ដី។ ប្រមាណពីរឆ្នាំក្រោយមក ក្រោមការជួយណែនាំរបស់ លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជានាយកវិទ្យាស្ថានពលរដ្ឋវិជ្ជា និងជំនាញឯកទេសច្បាប់ផ្នែកនីតិរដ្ឋ ធម្មនុញ្ញ បានឲ្យ លោក ឌុក មឿន ប្ដឹងចោទលោកពីបទបោកលុយ និងកំហែងយកប្រាក់ ប៉ុន្តែបណ្ដឹងនោះ សាលាដំបូងរាជធានីភ្នំពេញមិនចាត់ការទេ។ មូលហេតុនេះ ទើប លោក ឌុក មឿន ប្តឹងទៅសាលាឧទ្ធរណ៍ ដោយមាន លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍នៅពីក្រោយរឿងក្តីនេះ។ លោក ខឹម វាសនា បារម្ភពីការកាត់ក្តីរបស់សាលាឧទ្ធរណ៍អាចមិនយុត្តិធម៌ ព្រោះអគ្គព្រះរាជអាជ្ញាមិនទទួលយកសាក្សី និងភស្តុតាងពីរូបលោក ដើម្បីដោះបន្ទុកទេ។ ហេតុនេះហើយ លោកសុំឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យសាលាឧទ្ធរណ៍កាត់ក្តីដោយយុត្តិធម៌។
ពាក់ព័ន្ធការលើកឡើងរបស់ លោក ខឹម វាសនា នោះ លោកបណ្ឌិត ឈឹម ផលវរុណ ថ្លែងថា លោកមិនបាននៅពីក្រោយនៃរឿងជម្លោះមេបក្ស និងសកម្មជនបក្សនោះទេ គ្រាន់តែពន្យល់ច្បាប់ប៉ុណ្ណោះ៖ «ប៉ុន្តែគាត់បានជំរុញឲ្យ លោក មឿន ថាបើច្បាស់អ៊ីចឹងប្ដឹងទៅតុលាការទៅ អ៊ីចឹងហើយបាន លោក មឿន ខ្លួនគាត់ទេដែលគាត់សម្រេចចិត្តប្ដឹងទៅតុលាការ ឯយើងគ្រាន់តែជាការផ្តល់នូវការយល់ដឹងពីច្បាប់ទម្លាប់ជាចំហ អត់នៅពីក្រោយខ្នងទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក អ៊ុក សាវុធ ដើម្បីសុំការបំភ្លឺពីហេតុផលដែលអគ្គព្រះរាជអាជ្ញារូបនោះមិនទទួលយកសាក្សី និងភស្តុតាងដោះបន្ទុករបស់ លោក ខឹម វាសនា បានទេនៅថ្ងៃទី៨ ខែមេសា។
ទន្ទឹមនោះដែរ វិទ្យុអាស៊ីសេរី ក៏មិនអាចទាក់ទងដើមបណ្ដឹង លោក ឌុក មឿន ដើម្បីសុំការបំភ្លឺបានដែរទាក់ទងរឿងប្តឹងផ្តល់គ្នានេះ ប៉ុន្តែក្នុងពាក្យបណ្ដឹងរបស់លោកបានបង្ហាញថា លោក ឌុក មឿន អាយុ ៤៥ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ប្ដឹងទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្ដឹង លោក ខឹម វាសនា ករណីព្រហ្មទណ្ឌពីបទឆបោក និងកំហែងយកប្រាក់ ពាក់ព័ន្ធនឹងទឹកប្រាក់ជាង ១លានបាតប្រាក់ថៃ និង ៤ម៉ឺនដុល្លារ។ បន្ថែមលើនេះទៀត ដើមបណ្ដឹងទាមទារសំណងជំងឺចិត្ត ដែលបានចំណាយលើពេលវេលាប្ដឹង និងចំណាយលើមេធាវីចំនួន ៣ម៉ឺនដុល្លារបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សន្និសីទកាសែត 08-April-2015 LDP Conference Part 1 | Khem Veasna 2015
Tagged as: Local News, Politics
About the Author
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: