កូនស្រីទោលរបស់ ប៉ុល ពត នឹងរៀបការនៅថ្ងៃអាទិត្យក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
បញ្ចូលព័ត៌មានដោយ៖Unknown
on Wednesday, March 12, 2014
0
យោងតាមលិខិតអញ្ជើញឲ្យដឹងថា កូនស្រីទោលរបស់ ប៉ុល ពត មេដឹកនាំខ្មែរក្រហមនឹងរៀបការនៅថ្ងៃអាទិត្យ នៅក្នុងខេត្តបន្ទាយមានជ័យ។ កញ្ញា ស ផត្ជតា គឺជាកូនទោលរបស់ ប៉ុល ពត ដែលឈ្មោះពិត គឺ សាឡុត ស ជាមួយអ្នកស្រី មាស សោម។ ក្នុងលិខិតអញ្ជើញនោះគឺកូនកម្លោះឈ្មោះ ស៊ី វិច្ឆិកា។
លោក ទេព ឃុនណាល់ ដែលជាឪពុកចុងរបស់កញ្ញា ផត្ជតា បាននិយាយថា ឥឡូវនេះកូនចុងរបស់ខ្ញុំមានអាយុ២៦ឆ្នាំ ហើយថា ពួកគេទាំងពីរនាក់បានជួបគ្នាពេលរៀនជាមួយគ្នានៅប្រទេស ម៉ាឡេស៊ី។ លោក ទេព ឃុនណាល់ ដែលបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមអំពីមង្គលការ នោះ បាននិយាយថា “ កូនស្រីរបស់ខ្ញុំរៀនចប់ថ្នាក់អនុបណ្ឌិតអក្សរសាស្ត្រអង់គ្លេសនៅ ប្រទេសម៉ាឡេស៊ី ហើយកូនកម្លោះក៏បានរៀននៅប្រទេសម៉ាឡេស៊ីដែរ ដូច្នេះពួកគេបានស្គាល់គ្នាពេលរៀនជាមួយគ្នា”។
ប៉ុល ពត គ្មានកូនជាមួយប្រពន្ធទី១របស់គាត់ គឺអ្នកស្រី ខៀវ ប៉ុណ្ណារី ទេ ហើយគាត់បានរៀបការជាមួយអ្នកស្រី មាស សោម នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៨០បន្ទាប់ពីខ្មែរក្រហមត្រូវ បានផ្ដួលរំលំដោយកងទ័ពវៀតណាម និងនៅពេលដែលគាត់ជាមេដឹកនាំចលនាឧទ្ទាមនៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។
កញ្ញា ផត្ជតា ដែលឈ្មោះដើម មាស សិទ្ធ នោះកើតនៅចុងទសវត្សរ៍ឆ្នាំ១៩៨០។ នៅពេល ប៉ុល ពត ស្លាប់នៅក្នុងឆ្នាំ១៩៩៨ ដោយសារជំងឺគាំងបេះដូង កងទ័ពខ្មែរក្រហមមានចំនួនជាង១.០០០នាក់ប៉ុណ្ណោះ ហើយបានបែកបាក់គ្នាជាបន្តបន្ទាប់នៅពេលមានការផ្តាច់ ខ្លួនចុងក្រោយចូលរួមជាមួយរាជរដ្ឋាភិបាល។
លោក ទេព ឃុនណាល់ ដែលជាឯកអគ្គរដ្ឋទូតខ្មែរក្រហមប្រចាំអង្គការសហប្រជាជាតិក្នុង របប ប៉ុល ពត នោះ បានរៀបការជាមួយអ្នកស្រី មាស សោម ក្នុងឆ្នាំដែលប្ដីរបស់អ្នកស្រីស្លាប់ ហើយក្រោយមកលោកបានបម្រើការជាអភិបាលស្រុកម៉ាឡៃ។
លោក សៅ ប៊ុន អធិការនគរបាលស្រុកបានមានប្រសាសន៍ថា លោកត្រូវបានអញ្ជើញជាភ្ញៀវនៅពិធីមង្គលការនៅថ្ងៃអាទិត្យដែរ ។
លោកបានមានប្រសាសន៍ថា“ ខ្ញុំត្រូវបានអញ្ជើញឲ្យចូលរួមពិធីមង្គល ការកូនស្រីរបស់លោក ទេព ឃុនណាល់។ គាត់គឺជាអតីតអភិបាលស្រុកម៉ាឡៃ ដូច្នេះខ្ញុំសង្ឃឹមថា នឹងមានភ្ញៀវចូលរួមពិធីនោះច្រើន”។
នៅក្នុងបទសម្ភាសជាមួយកាសែត ខេមបូឌា ដេលី កាលពីឆ្នាំ២០០៤ កញ្ញា ផត្ជតា បាននិយាយថា គាត់នៅចងចាំពីឪពុករបស់គាត់ ប៉ុន្តែគាត់គ្មានមហិច្ឆតាចង់សិក្សានៅបរទេសដូចឪពុកគាត់ទេ។ នៅពេលនោះ គាត់បានសិក្សានៅទីប្រជុំជនស៊ីសុផុន ហើយគាត់បាននិយាយថា គោលបំណងរបស់គាត់គឺត្រឡប់មកស្រុកម៉ាឡៃវិញ ដើម្បីជួយម្ដាយ និងឪពុកចុងរបស់គាត់គ្រប់គ្រងរោងម៉ាស៊ីនកិនស្រូវ និងផ្ទះសំណាក់។
មេដឹកនាំកំពូលៗក្នុងរបប ប៉ុល ពត ដែលនៅរស់ គឺ នួន ជា និង ខៀវ សំផន ឥឡូវនេះកំពុងប្រឈមនឹងការកាត់ក្ដីពីបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ក្នុងរយៈពេលប៉ុន្មាន ខែខាងមុខនេះ តុលាការនឹងប្រកាសសាលក្រមក្នុងដំណាក់កាលដំបូងនៃរឿងក្តី របស់ពួកគាត់ទាំងពីរដែលផ្ដោតទៅលើការជម្លៀសប្រជាជន ទាំងបង្ខំចេញពីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥៕
ប្រភពព័ត៌មាន៖ ខ្មែរស្ថាបនា
About the Author
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: