ហេតុផលដែល បក្សសង្គ្រោះជាតិ នៅមានសង្ឃឹមលើ បក្សប្រជាជន
បញ្ចូលព័ត៌មានដោយ៖Unknown
on Tuesday, October 29, 2013
0
ការបោះឆ្នោតអាណត្តិទី៥ ក្នុងឆ្នាំ២០១៣នេះ បានបង្កនូវកម្ដៅនយោបាយខ្លាំង បើយើងមើលទៅលើព្រឹត្តិការបោះឆ្នោត និង ព័ត៌មានពីមតិមហាជនខ្មែរ និង ថ្នាក់ដឹកនាំសង្គ្រោះជាតិ គឺបានចោទប្រកាន់ថា គជប និង បក្សប្រជាជនកម្ពុជា គឺមានទំនាក់ទំនងគ្នាដែលធ្វើអោយប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត។
អ្វីដែលជាចំណុចធ្វើអោយពលរដ្ឋខ្មែរមានមន្ទិលសង្ស័យគឺ ចាប់តាំងពីមុនថ្ងៃបោះឆ្នោត ២៨កក្ដដា យើងសង្កេតឃើញថា ចំនួនអ្នកគាំទ្របក្សសង្គ្រោះជាតិកើនឡើងយ៉ាងពុះកញ្ច្រោល គាំទ្រដោយចំហរ មិនខ្លាច មិនញញើតចំពោះនយោបាយទៀតឡើយ ពិសេសគឺពលរដ្ឋបានសហការគ្នា ចូលរួមការពារសន្លឹកឆ្នោតយ៉ាងសកម្ម សឹងតែគ្រប់ការិយាល័យបោះឆ្នោតទាំងអស់។
ប៉ុន្តែយើងនៅឃើញភាពមិនប្រក្រតីជាច្រើនបានកើតឡើងក្នុងអំឡុងថ្ងៃបោះឆ្នោត រួមមានដូចជា ឈ្មោះអ្នកបោះឆ្នោតស្ទួនៗគ្នា ហើយមានជនខ្លះមនុស្សតែម្នាក់ប៉ុន្តែទៅបោះឆ្នោតពីបីកន្លែង ទឹកខ្មៅលាងបានស្អាត លុបឈ្មោះអ្នកបោះឆ្នោតជាច្រើនម៉ឺននាក់ ល និង ល។
លុះពេលបញ្ចប់ការបោះឆ្នោតភ្លាមនាល្ងាចថ្ងៃទី ២៨ កក្ដដា គជប មិនបានប្រកាសលទ្ធផលបណ្ដោះអាសន្នភ្លាមៗនោះទេ ប៉ុន្តែបែរជា មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់គឺ លោក ខៀវ កញ្ញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានជាអ្នកប្រកាសការប៉ានស្មានមុនទៅវិញ។ លោកខៀវ កញ្ញារឹទ្ធបាន ប្រកាសនៅក្នុងទំព័រ Facebook របស់គាត់ថា បក្សប្រជាជនបាន ៦៨កៅអី និង បក្សសង្គ្រោះជាតិបាន ៥៥កៅអី។ ចំណែក គជប មិនបានប្រកាសលទ្ធផលច្បាស់លាស់ថែមទៀតផង គឺអូសបន្លាយពេលវេលាដល់យប់។
ក្នុងល្ងាចថ្ងៃដដែលនោះ ពលរដ្ឋឃើញមាន កងកម្លាំង ទាហានចល័តចូលក្រុងទៅ ឡោមព័ទ្ធស្នាក់ការ គជប និងតាមកន្លែងមួយចំនួនក្នុងរាជធានីភ្នំពេញ។ លុះក្រោយមកទៀត គជប បានប្រកាសលទ្ធផលបណ្ដោះអាសន្ន ដោយមិនបានលម្អិតលទ្ធផលពីគ្រប់ការិយាល័យទាំងអស់ឡើយ ប្រកាសបានបន្តិចបន្តួចក៏ផ្អាកទៅវិញ។
ចម្ងល់ត្រង់ថា ហេតុអ្វី បានជាមន្ត្រីបក្សប្រជាជនប្រកាសលទ្ធផលមុន គជប ទៅទៀត? ហើយ ហេតុអ្វី គជប ប្រកាសលទ្ធផលដូចគ្នានឹងសំដីរបស់មន្ត្រីបក្សប្រជាជន?
រំលងបាន ជិតជាង១ខែក្រោយមក នៅមិនទាន់មានដំណោះស្រាយណាមួយដែលចាត់ទុកថា យុត្តធម៌សម្រាប់បក្សប្រឆាំងដែលបានដាក់ពាក្យប្ដឹងនៅឡើយទេ។
ប៉ុន្តែទោះជាយ៉ាងណា បក្សសង្គ្រោះជាតិនៅតែបន្តស្វែងរកយុត្តិធម៌ ដោយធ្វើមហាបាតុកម្ម ទាមទាអោយដោះស្រាយបញ្ហា ដោយតំរូវអោយពិនិត្យមើលសន្លឹកឆ្នោតឡើងវិញ។
សួរថា ចុះបើសិនបក្សប្រជាជននៅតែមិនព្រម ហើយបក្សសង្គ្រោះជាតិច្រានចោលលទ្ធផលបោះឆ្នោត និងមិនព្រមចូលរួមប្រជុំសភាលើកដំបូង តើមានរឿងអ្វីកើតឡើង?
បើនិយាយតាមច្បាប់ ក្រោយការបោះឆ្នោតរយៈពេល ៦០ថ្ងៃចាំបាច់ត្រូវប្រជុំបង្កើតរដ្ឋសភា ដែលមានការចូលរួមយ៉ាងតិចបំផុត ១២០នាក់។ ប៉ុន្តែសំលេងជាប់ឆ្នោតរបស់បក្សប្រជាជនអាណត្តិនេះមានត្រឹម ៦៨នាក់ប៉ុណ្ណោះ វាមិនគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋសភាបានឡើយ។
តាមរូបមន្ត ៥០+១ គឺគណបក្សដែលមានសំលេងចាប់ពី ៦៣សំលេងក្នុងចំណោម ១២៣សំឡេងក្នុងសភា អាចដឹកនាំរដ្ឋាភិបាលបានហើយ ប៉ុន្តែដើម្បីបង្កើតរដ្ឋាភិបាលមួយបាន លុះត្រាបង្កើតរដ្ឋសភាជាមុនសិន។ មួយវិញទៀត ដើម្បីបង្កើតរដ្ឋសភានេះទៀត ចាំបាច់ត្រូវមានការប្រជុំដំបូងដែលមានសមាជិកយ៉ាងតិច ១២០រូប ក្នុងចំណោម ១២៣ ក្នុងសភា។ ឥចឹងហើយ បើបក្សសង្គ្រោះជាតិមិនចូលរួមប្រជុំទេនោះ រដ្ឋសភាមិនអាចបង្កើតឡើងបានទេ ហើយរដ្ឋាភិបាលក៏មិនអាចដំណើការបានដែរ។
ប៉ុន្តែមតិពលរដ្ឋមួយចំនួនបានឆ្ងល់ថា ចុះបើបក្សសង្គ្រោះជាតិ មិនចូលរួមប្រជុំ ហើយបក្សប្រជាជននៅតែរឹងទទឹង មិនខ្វល់ ព្រោះពួកគេនៅតែបន្តធ្វើធម្មតា ដោយសារតែថវិការជាតិ និង អំណាចអ្វីៗគឺ បក្សប្រជាជនជាអ្នកកាន់ទាំងអស់ ដូចនេះពួកគេនឹងជិះសេះលែងដៃ មិនខ្វល់ថាមានសំលេងគ្រប់ឬមិនគ្រប់ តើមានអ្វីកើតឡើង?
បញ្ហាត្រង់ថា ប្រទេសកម្ពុជាកកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលពាក្យ ប្រជាធិបតេយ្យ មានន័យថា យករាស្ត្រជាធំ យកពលរដ្ឋជាធំ ពហុបក្សមានន័យថា មានបក្សច្រើននៅជាមួយ (ចាប់ពី ២ឡើងទៅ) ដូចនេះបើសង្គ្រោះជាតិ មិនចូលរួមជាមួយនោះ មានន័យថា ឯកបក្ស គឺក្នុងរដ្ឋសភាមាន បក្សតែមួយគត់គឺ បក្សប្រជាជន ឥចឹងវាដូចនឹងប្រទេសកុម្មុយនីសហើយ។
ហើយនិតិវិធីដឹកនាំរដ្ឋាភិបាលគឺ មិនស្របទៅនឹងច្បាប់នៃលទ្ធិប្រជាធិបតេយ្យ ឥចឹងហើយ បរទេសមិនទទួលស្គាល់រដ្ឋាភិបាលបែបនេះទេ។
កម្ពុជាមិនអាចរស់ដោយឯកោបានទេ ព្រោះថាកម្ពុជាមិនអាចចិញ្ចឹមខ្លួនឯងបានឡើយ។ ប្រាក់ចំណាយប្រចាំឆ្នាំមានចំនួនច្រើន ហើយប្រាក់ចំណូលពីការបង់ពន្ធគឺមានចំនួនតិច ចាយមិនគ្រប់គ្រាន់សម្រាប់ បើកប្រាក់ខែអោយមន្ត្រីរាជការ ប៉ូលីស ទាហាន បុគ្គលិក គ្រូបង្រៀន រៀងរាល់ឆ្នាំគឺរស់ពឹងទៅនឹងជំនួយរបស់អន្តរជាតិ ដូចនេះបើអន្តរជាតិមិនទទួលស្គាល់របបដឹកនាំដែលខុសច្បាប់ នោះតើមានលុយឯណាទៅចិញ្ចឹមមន្ត្រីរដ្ឋាភិបាល?
នៅពេលរដ្ឋាភិបាលមិនស្របច្បាប់នោះ អ្នកវិនិយោគឈប់មករកស៊ី ឈប់បង់ពន្ធជូនរដ្ឋ ហើយភ្ញៀវទេសចរណ៍ក៏ឈប់មក ប្រាក់ចំណូលរដ្ឋក៏បាត់បង់ តើរដ្ឋាភិបាលមានលុយឯណាទៅចំណាយ បើបរទេសផ្ដាច់ជំនួយ? ប៉ូលីសមន្ត្រីរាជការ ច្បាស់ជាដាច់បាយមិនខាន ហើយនឹងមានព្រឹត្តិការផ្សេងៗកើតឡើងជាបន្តបន្ទាប់។
ដូចនេះហើយដើម្បីមានដំណោះស្រាយមួយដ៏ប្រសើរសម្រាប់បក្សទាំង២ និង សម្រាប់ពលរដ្ឋនោះ សូមអោយមានការចរចារគ្នា បង្កើតគណកម្មការចំរុះ ហើយសូមកុំបារម្ភ ថាបក្សណាមួយ លេងល្បិចដាក់បក្សណាមួយទៀតអោយសោះ ពីព្រោះក្រុមការងារចំរុះនោះ នឹងមានអង្គការសង្គមស៊ីវិល ជាសាក្សី ធ្វើការទាំងអស់គ្នា បក្សប្រជាជនក៏ធ្វើការ បក្សសង្គ្រោះជាតិក៏ធ្វើការ ហើយលទ្ធផលបែបណា នោះយើងនឹងអស់ចិត្តទាំងអស់គ្នា។
ប្រភពព័ត៌មាន៖ ប្លក់រៀនដើម្បីខ្មែរ
បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: