អតីតសមាជិកគណៈរដ្ឋមន្ត្រី សម័យលន់ នល់៖ ការចូលនយោបាយលើក ទីពីរជា «ជីវិតថ្មី»
បញ្ចូលព័ត៌មានដោយ៖Unknown
on Saturday, October 5, 2013
0
ភ្នំពេញៈ ខណៈដែលការធ្វើពហិការរបស់គណបក្សប្រឆាំង បានចូលដល់សប្តាហ៍ទី ២ អ្នកអាចអត់ឱនដល់អ្នកនយោបាយម្នាក់ដែលរមាស់ជើង ជាងអ្នកនយោបាយដទៃទៀត។
លោក ឡុង ប៊ុត្តា បានរង់ចាំ ៣៨ ឆ្នាំមកហើយសម្រាប់ការចាប់ផ្តើមនូវជីវិតនយោបាយលើកទី ២ របស់លោក។ តំណាងរាស្រ្តអាយុ ៧០ ឆ្នាំ ដែលជាបេក្ខជនលេខរៀង ទី ២ របស់គណបក្សសង្គ្រោះជាតិប្រចាំមណ្ឌល បាត់ដំបង រូបនេះ បានឈ្នះអាសនៈរដ្ឋសភា ក្នុងការបោះឆ្នោតលើកនេះ គឺរយៈពេលជិត ៤ ទសវត្សរ៍ បន្ទាប់ពីជីវិតនយោបាយលើក ទី១ របស់លោក។
ជារដ្ឋមន្រ្តីដែលតែងតាំងទាំងក្នុងសម័យ សម្តេច សីហនុ និង សម័យ លន់ នល់ លោក ឡុង ប៊ុត្តា បានភៀសខ្លួនចេញពីរាជធានីភ្នំពេញយ៉ាងតក់ក្រហល់ តាមឧទ្ធម្ភាគចក្រ ក្នុងប្រតិបតិ្តការ Eagle Pull របស់សហរដ្ឋអាមេរិក នៅថ្ងៃ ទី ១២ ខែ មេសា ឆ្នាំ ១៩៧៥ គឺ៥ ថ្ងៃមុនពេលខ្មែរក្រហមចូលកាន់កាប់រាជធានី។
លោកបញ្ជាក់ថា៖ «នេះជាជីវិតថ្មីសម្រាប់ខ្ញុំ។ ខ្ញុំមានក្តីស្រមៃអំពីជីវិតនេះជាយូរឆ្នាំមកហើយ ហើយវាបានកើតឡើងមែន»។
វិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជា ពីប្រទេស បារាំង ក្នុងឆ្នាំ ២០០៥ លោក ឡុង ប៊ុត្តា បានក្លាយជាសមាជិកសកម្មនៃគណបក្ស សម រង្ស៊ី ក្នុងឆ្នាំ ២០០៨ ហើយលោក ត្រូវបានស្នើឲ្យឈរឈ្មោះជាបេក្ខជន សម្រាប់គណបក្សសង្គ្រោះជាតិ ដែលបានបង្កើតថ្មី គឺរយៈពេលប៉ុន្មានខែ មុនការបោះឆ្នោតថ្ងៃទី ២៨ ខែ កក្កដា។ លោក ប៊ុត្តា ដែលគេជូនដំណឹងលោកថា គ្រួសាររបស់លោក នឹងត្រូវជម្លៀសចេញប៉ុន្មានម៉ោង មុនឧទ្ធម្ភាគចក្រសហរដ្ឋអាមេរិក ចាកចេញពីទីក្រុង ភ្នំពេញ ក្នុងឆ្នាំ ១៩៧៥ នោះ មើលឃើញការបោះឆ្នោតថ្មីៗនេះ ជាឱកាសចុងក្រោយរបស់លោក ដើម្បីផ្លាស់ប្តូរនៅកម្ពុជា។ «រឿងមួយដែលខ្ញុំសោកស្តាយ គឺខ្ញុំពុំមានរយៈពេលច្រើនឆ្នាំទៀតទេ... វាជាការប្រយុទ្ធចុងក្រោយពេលនេះ។ [គេ] បានបំផ្លាញប្រទេស ហើយខ្ញុំមិនអាចទទួលយកបានទេ។ នោះជាមូលហេតុដែលខ្ញុំវិលត្រឡប់មកកម្ពុជាវិញ»។
ជនសំខាន់ក្នុងរបបសាធារណរដ្ឋខ្មែរ ដែលប្រឆាំងរបបកុម្មុយនីស្ត និងគាំទ្រដោយសហរដ្ឋអាមេរិករូបនេះ គឺជាគោលដៅសម្លាប់ចោល បន្ទាប់ពីខ្មែរក្រហមកាន់អំណាច ហើយលោក ប៊ុត្តា ប្រាកដជាស្លាប់ ប្រសិនបើលោកមិនចាកចេញទេនោះ។
លោកបន្តថា៖ «ខ្ញុំជាអ្នកនៅរស់រានម្នាក់ក្នុងចំណោមអ្នកនៅរស់ដទៃទៀត [នៃទីស្តីការគណៈរដ្ឋមន្រ្តីរបស់លោក លន់ នល់]»។ អារម្មណ៍ សោកស្តាយរបស់អ្នករស់រានមានជីវិតគឺជាកត្តាមួយ ដែលជំរុញឲ្យលោក ប៊ុត្តា បន្តប្រយុទ្ធប្រឆាំងនឹងអ្វីដែលលោកជឿជាក់ថា គឺជាសត្រូវតែមួយ ដែលលោកបានប្រឈម កាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ។ លោកបន្ថែមថា៖ «ជាមនុស្សម្នាក់ដែលប្រឆាំងនឹងរបបផ្តាច់ការនិងកុម្មុយនីស្ត ខ្ញុំត្រូវតែប្រយុទ្ធដើម្បីលទ្ធិប្រជាធិបតេយ្យ។ នោះជាអ្វីដែលខ្ញុំចង់បាន»។
ការចាកចេញត្រូវពេលវេលា
នៅព្រឹកខែ មេសា ឆ្នាំ ១៩៧៥ លោក ប៊ុត្តា ដែលជារដ្ឋមន្រ្តីក្រសួង ធម្មការ ពេលនេះ កំពុងធ្វើដំណើរទៅកិច្ចប្រជុំគ្រាអាសន្ន ដើម្បីពិភាក្សាថាតើ ព្រះអង្គ នរោត្តម សីហនុ គួរហោះហើរមកទីក្រុង ភ្នំពេញវិញពីទីក្រុង ប៉េកាំង ដើម្បីគ្រប់គ្រងប្រទេសដែលកំពុងបែកបាក់នេះឬយ៉ាងណា?
ក្នុងរយៈពេលប៉ុន្មានខែមុន ខណៈដែលការវាយសម្រុករបស់ពួកកុម្មុយនីស្ត មកលើរដ្ឋធានីមានកម្រិតកាន់តែខ្លាំងឡើង ទីស្តីការគណៈរដ្ឋមន្រ្តីបានជួបប្រជុំជារៀងរាល់ថ្ងៃ។ លោក ប៊ុត្តា បន្ថែមថា៖ «ខ្មែរក្រហមបានបាញ់មីស៊ីលពី ១៥ ទៅ ២០ គ្រាប់ជារៀងរាល់ថ្ងៃ។ គ្រាប់នោះពេលខ្លះធ្លាក់ចូលក្នុងទីផ្សារ... អ្នកមិនអាចជឿទេ [ថាតើទិដ្ឋភាពវាក្លាយជាបែបណានោះ]»។
ឈប់នៅការិយាល័យមុនកិច្ចប្រជុំព្រឹកនោះ លោក បុត្តា បានទទួលទូរស័ព្ទពីលោក Timothy Carney ដៃគូវាយកូនបាល់ និងជាលេខា ទី ១ នៃស្ថានទូតសហរដ្ឋអាមេរិក។ គឺនៅម៉ោង ៨ និង ១៥ នាទីព្រឹក។ «គាត់ថា ខ្ញុំត្រូវនិយាយជាមួយនឹងអ្នកជាភាសាបារាំងដើម្បីកុំឲ្យភាន់ច្រឡំ។ អ្នក និងគ្រួសារអ្នក ត្រូវតែយកវ៉ាលីសហើយមកជាមួយនឹងឯកអគ្គរដ្ឋទូតអាមេរិក ដើម្បីចាកចេញពីកម្ពុជា នៅម៉ោង ៩ ព្រឹកនេះ»។
ដោយដឹងថា គ្រួសារលោកនឹងក្លាយជាគោលដៅ ប្រសិនបើខ្មែរក្រហមចូលកាន់កាប់ទីក្រុង លោក ប៊ុត្តា បានប្រញាប់ប្រញាល់ទៅយកប្រពន្ធ និងកូនពីរនាក់។ ពុំមានពេលនិយាយលាឪពុកម្តាយឬសមាជិកគ្រួសារដទៃទៀតទេ។ ក្រោយមកសមាជិកគ្រួសាររបស់លោក ប៊ុត្តា ទាំងអស់បានស្លាប់បាត់បង់ជីវិត។ បើទោះបីជាមហាវិថី ព្រះនរោត្តម គឺជាផ្លូវឆ្ពោះទៅស្ថានទូតអាមេរិកក្តី លោក ប៊ុត្តា បានជិះតាមផ្លូវស្របមហាវិថី ព្រះនរោត្តម ទៅវិញ។
លោក ឡុង បូរ៉េត នាយករដ្ឋមន្រ្តី បានឲ្យនគរបាលបញ្ឈប់រដ្ឋមន្រ្តីទាំងអស់ ដែលព្យាយាមទៅស្ថានទូតអាមេរិក តាមមហាវិថី ព្រះនរោត្តម ដើម្បីកុំឲ្យពួកគេភៀសខ្លួនចេញពីប្រទេស។ លោកបានបន្ថែមថា៖ «សហសេវិករបស់ខ្ញុំភាគច្រើន ត្រូវគេសម្លាប់។ លើកលែងតែខ្ញុំទេ ព្រោះខ្ញុំជ្រើសយកផ្លូវត្រូវ» ដែលរឿងនេះ ជារឿងមិនគួរឲ្យជឿ ប៉ុន្មានឆ្នាំក្រោយមកនេះ។ ទោះជាយ៉ាងណា លោក ប៊ុត្តា បានបន្តថា លោកមិនបានដឹងទេថា លោកនឹងមិនអាចវិលត្រឡប់មកកម្ពុជាវិញ។ លោកបញ្ជាក់ថា៖ «ខ្ញុំដឹង ១៥ នាទីក្រោយបន្ទាប់ពីយើងចាកចេញ ពីទីក្រុង ភ្នំពេញតាមឧទ្ធម្ភាគចក្រថា សហរដ្ឋអាមេរិក គ្រោងនឹងចាកចេញពីប្រទេសនេះរហូត...ខ្ញុំគិតក្នុងចិត្តថា កម្ពុជាចប់ហើយ»។
វិថីឆ្ពោះទៅនយោបាយ
ជានិស្សិតវ័យក្មេង ក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៥០ លោក ឡុង ប៊ុត្តា បានរីករាយនឹងជំហានសន្សឹមៗនៃជីវិតរស់នៅក្នុងរាជធានី។ លោកថ្លែងថា៖ «ពេលខ្លះខ្ញុំមើលរូបថតចាស់ៗ... ជុំវិញវិទ្យាល័យ ស៊ីសុវត្ថិ វាមិនមានអ្វីនៅពាសពេញជុំវិញសាលាទេ វាមានតែដើមផ្កាធំៗនៅគ្រប់ទីកន្លែង...វាជាអំឡុងពេលដែលខ្ញុំបានសប្បាយរីករាយបំផុតនៅក្នុងប្រទេសកម្ពុជា»។
ឪពុករបស់លោក ប៊ុត្តា ជាប្រធានពេទ្យទាហាននៅមន្ទីរពេទ្យ អង្គឌួង ដែលពេលខ្លះគ្រួសារលោកបានទៅដេកនៅទីនោះបួនប្រាំយប់ក្នុងមួយសប្តាហ៍ខណៈឪពុកលោកធ្វើការនៅពេលយប់។ គ្រូពេទ្យទាហាននៅមន្ទីរពេទ្យនេះម្នាក់ទៀត ដែលធ្លាប់ផ្លាស់វេនជាមួយឪពុកលោកគឺ លោក ស៊ីន ស៊ីសាមុត ជាអ្នកចម្រៀងខ្មែរ ដែលនៅពេលនោះគាត់មិនទាន់ល្បីខ្លាំងនៅឡើយទេ។ លោក ប៊ុត្តា ថ្លែងបន្តថា៖ «គាត់ចូលចិត្តច្រៀងសូម្បីខណៈកំពុងចាក់ថ្នាំវ៉ាក់សាំងក៏ដោយ។ គាត់ជិតស្និទ្ធជាមួយខ្ញុំហើយមានស្រីៗមួយចំនួនធ្លាប់ទៅជួបគាត់នៅមន្ទីរពេទ្យ»។
លោកបន្ត៖ «លោក ស៊ីន ស៊ីសាមុត មានស្រីៗមួយចំនួនទៅជួប ពេលខ្លះជាព្រះអង្គម្ចាស់ក្សត្រិយ៍»។ បន្ទាប់ពីប្រឡងចេញនៅសាលា បារាំង Lycee Descarts ក្នុងឆ្នាំ ១៩៦០ នៅអាយុ ១៧ ឆ្នាំ លោក ប៊ុត្តា បានទទួលអាហារូបករណ៍ទៅសិក្សានៅ Toulouse ប្រទេស បារាំង។ ប៉ុន្តែជានិស្សិតកម្ពុជាតែម្នាក់ នៅសាកលវិទ្យាល័យ បារាំង ដែលមាននិស្សិតចំនួន ១០ ០០០ នាក់ លោកមានអារម្មណ៍ដាច់ឆ្ងាយពីប្រទេសកំណើត។ «ខ្ញុំបើកប្រាក់អាហារូបករណ៍ម្តងក្នុងមួយខែ។ ខ្ញុំទៅភោជនីយដ្ឋានវៀតណាមតូចមួយដើម្បីទទួលទានអាហារ។ វាថ្លៃណាស់។ ខ្ញុំស្លៀកពាក់ស្អាតបាតនៅថ្ងៃបើកលុយ ហើយគ្រាន់តែទៅទទួលទានបាយនិងត្រីបន្តិចបន្តួច»។
បន្ទាប់ពីបញ្ចប់ថ្នាក់បណ្ឌិតក្នុងជំនាញរូបសាស្រ្តនុយក្លេអ៊ែរ ក្នុងឆ្នាំ ១៩៦៧ លោក ប៊ុត្តា បានត្រឡប់មកប្រទេសកម្ពុជាវិញជាមួយអ្នកស្រី ឡុង សេរី ដែលលោកបានជួបនៅក្នុងប្រទេស បារាំងនិងបានសន្យាថា នឹងរៀបការជាមួយ។ មួយឆ្នាំក្រោយមកនៅអាយុ ២៦ ឆ្នាំ លោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកអនុវិទ្យាល័យនៅក្នុងប្រទេស។ ភ្លាមៗ បន្ទាប់ពីនោះ។ នៅក្នុងឆ្នាំ ១៩៦៩ ខណៈដែលកម្ពុជាជាប់ពាក់ព័ន្ធកាន់តែខ្លាំងឡើងនៅក្នុងសង្គ្រាម វៀតណាម ដែលជាប្រទេសជិតខាង លោក លន់ នល់ បានតែងតាំងលោក ប៊ុត្តា ជារដ្ឋមន្រ្តីអប់រំនៅគណៈរដ្ឋមន្រ្តីរបស់គាត់។ បើទោះបីជាល្បីថាមានអំពើពុករលួយខ្លាំង កើតចេញពីលោកឧត្តមសេនីយ៍និងមន្រ្តីរបស់គាត់ លោក ប៊ុត្តា បានអះអាងថា ជាលក្ខណៈបុគ្គល លោកនៅតែស្មោះត្រង់មិនប្រព្រឹត្តអំពើពុករលួយទេ ដែលជាជំហរមួយនៅទីបំផុតលោកត្រូវបានបង្ខំឲ្យលាលែងពីតំណែង។ «ខ្ញុំបានប្រាប់ លោក ឧត្តមសេនីយ៍ ថា ខ្ញុំមិនអាចធ្វើការជារដ្ឋមន្រ្តីនិងទទួលយកអំពើពុករលួយនេះបានទេ។ ប៉ុន្តែថ្ងៃណាមួយ ប្រសិនបើលោកត្រូវការខ្ញុំប្រយុទ្ធនឹងកុម្មុយនីស្តប្រាប់ខ្ញុំ។ ខ្ញុំបានប្រាប់គាត់យ៉ាងដូច្នោះ»។ លោកបានថ្លែងទៀតថា លោកមិនបានដឹងអំពីលោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទ នរោត្តម សីហនុ ក្នុងឆ្នាំ ១៩៧០ ទេ ហើយបានដាក់ឈ្មោះថា ជាសាធារណៈរដ្ឋខ្មែររហូតដល់ព្រឹត្តិការណ៍នោះបានកើតឡើង។
លោកថ្លែងទៀតថា៖ «វាស្មុគស្មាញណាស់ជាមួយសម្តេច សីហនុ។ ខ្ញុំគោរពគាត់ គាត់រាក់ទាក់នឹងខ្ញុំផងដែរ...យើងរាក់ទាក់នឹងគ្នា ប៉ុន្តែក្នុងនយោបាយយើងមិនឯកភាពគ្នា»។ បើតាមលោក ប៊ុត្តា នៅកិច្ចប្រជុំសាធារណៈមួយក្នុងឆ្នាំ ១៩៦៩ សម្តេច សីហនុ បានប្រកាសថា ប្រមុខរដ្ឋខ្មែរក្រហមលោក ខៀវ សំផន និងរូបលោក គឺជាអ្នក «មិនពុករលួយបំផុត» ដែលមានតែពីរនាក់នៅក្នុងប្រទេសកម្ពុជា។
ក្នុងឆ្នាំ ១៩៧៣ លន់ នល់ បានហៅរូបលោកត្រឡប់ទៅវិញដើម្បីធ្វើជាទីប្រឹក្សា ហើយលោកត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួង វប្បធម៌ក្នុងឆ្នាំ ១៩៧៤។
ជាថ្មីម្តងទៀត ជំហរប្រឆាំងអំពើពុករលួយរបស់លោក ប៊ុត្តា បានធ្វើឲ្យមានការខឹងសម្បា ក្នុងចំណោមមន្រ្តីក្នុងរដ្ឋាភិបាលជាពិសេស ឧត្តមសេនីយ៍មួយចំនួន ដែលយកប្រាក់ទ្វេពីចំនួនទាហានច្រើនជាងចំនួនទាហានពិតប្រាកដ។ លោកបន្តថា៖ «ពួកគេឲ្យអ្នករត់សំបុត្រពាក់ឯកសណ្ឋាន។ ព្រះអើយ ពួកគេគ្មានសមត្ថភាពទេ...ជាច្រើនលើកច្រើនសា ពួកគេទៅសុំឲ្យ លន់ នល់ ដេញខ្ញុំ»។
នៅក្នុងឆ្នាំ ១៩៧៤ ខណៈខ្មែរក្រហម បានចូលមកជិតដល់ទីក្រុង ភ្នំពេញ លន់ នល់ បានកោះកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលក្នុងនោះ លោក ប៊ុត្តា អះអាងថា លោកជាមនុស្សតែម្នាក់គត់ដែលទទួលស្គាល់ថាតំណែងរបស់ លន់ ណល់ នឹងមិនអាចបន្តទៅមុខទៀតបានទេ។ «ខ្ញុំបាននិយាយថា លោក សេនាប្រមុខ វាដល់ពេលហើយសម្រាប់លោក ដែលត្រូវឈប់សម្រាក»។ «នៅយប់នោះខ្ញុំមិនដេកនៅផ្ទះខ្ញុំទេ។ ខ្ញុំឲ្យអង្គរក្សនិងអ្នកបើកឡានទៅផ្ទះ។ ខ្ញុំបានយកប្រពន្ធនិងកូនតូចពីរនាក់និងកាំភ្លើង M-16 ទៅការិយាល័យខ្ញុំនៅក្នុងព្រះបរមរាជវាំងនិងបានដេកនៅទីនោះ»។
ការកើតឡើងលើកទីពីរ
លោក ប៊ុត្តា ជាញឹកញាប់ បានសំដៅថា ការចូលនយោបាយលើក ទីពីររបស់លោក ជា «ជីវិតថ្មី» និងថា មនុស្សជាច្រើនដែលលោកបានជួបបច្ចុប្បន្ននេះបានសន្មតថា លោកបានស្លាប់ហើយ។ លោកបន្តថា៖ «ថ្ងៃមួយ កាលពីបួនឆ្នាំមុន ខ្ញុំបានទៅវិទ្យាល័យ ស៊ីសុវត្ថិ...ខ្ញុំបានឃើញស្រ្តីម្នាក់អាយុ ៤០ ឆ្នាំ...នាងបានសួរខ្ញុំថា តើខ្ញុំធ្លាប់ធ្វើអ្វីនៅទីនោះខ្ញុំបាន និយាយថា ខ្ញុំធ្លាប់ជាសិស្សម្នាក់នៅទីនោះកាលពីឆ្នាំ ១៩៥៩។ «ខ្ញុំបាននិយាយឡើងអំពីឈ្មោះរបស់ខ្ញុំ ហើយនាងបានសម្លឹងមើលខ្ញុំ...ហើយសួរថា តើអ្នកពិតជា ឡុង ប៊ុត្តា មែនឬ?ខ្ញុំគិតថា អ្នកស្លាប់ហើយ»។
ខណៈឥឡូវនេះកំពុងត្រៀមខ្លួនចូលប្រយុទ្ធក្នុងនយោបាយដែលមានលក្ខណៈខុសគ្នា ពីអ្វីដែលលោកធ្លាប់ជួបក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ លោកបានថ្លែងថា៖ «ខ្ញុំកំពុងប្រយុទ្ធប្រឆាំងនឹងថ្នាក់ដឹកនាំដដែលដូចមេដឹកនាំដែលខ្ញុំជួបកាល ៤០ ឆ្នាំមុន។ ប៉ុន្តែអ្វីដែលខុសគ្នា គឺថា ឥឡូវនេះនៅតាមជនបទ យើងមានប្រជាជនគាំទ្រយើង...ខណៈកាលពីមុន ខ្មែរក្រហមនៅតាមជនបទ»៕ PS/TK
ប្រភពព័ត៌មាន៖ សម្លេងម្ចាស់ឆ្នោតកម្ពុជា, Khmer Info
បញ្ជាក់៖ រាល់អត្ថបទនិងរូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងចែកចាយផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: