គណបក្សសង្គ្រោះជាតិ អាចពិចារណាសម្រាប់ការធ្វើច្បាប់ការពារអ្នកកាន់អំណាចពេលចុះចេញពីតំណែង ប្រសិនបើមានផលប្រយោជន៍សម្រាប់ជាតិ
បញ្ចូលព័ត៌មានដោយ៖Unknown
on Friday, October 4, 2013
0
នៅលើពិភពលោកដ៏ធំល្វឹងល្វើយរបស់យើងនេះ អ្វីៗគ្មានភាពទៀងទាត់ គ្មានអ្វីជាអមតៈនោះទេ ពោលគឺ មានការចាប់ផ្តើមក៏ត្រូវតែមានពេលដែលបញ្ចប់ទៅវិញ ប៉ុន្តែត្រង់ថាបញ្ចប់ទៅដោយរបៀបណា គ្មាននរណាអាចដឹងជាមុនបានទេ គឺស្ថានភាពនៃការប្រព្រឹត្តរបស់មនុស្សលោក ខុសពីសភាវគតិនៃធម្មជាតិដូចជាថ្ងៃរះ ហើយលិចវិញជា ទៀងទាត់ ប៉ុន្តែការប្រព្រឹត្តរបស់មនុស្ស នឹងទទួលបានផលតបស្នងមកវិញ។ ដូចដែលយើងបាន មើលឃើញពីប្រវត្តិសាស្ត្រក្នុងសកលលោកនាពេលកន្លងមក គឺមេដឹកនាំដែលក្រាញអំណាចធ្វើបាបប្រជារាស្ត្រខ្លួនឯង បំផ្លិចបំផ្លាញជាតិ មិនដែលមានវាសនាល្អប៉ុន្មានទេ ពោលគឺអំពើបាបដែលខ្លួនបានប្រព្រឹត្តនឹងតបស្នងមកវិញ ហើយបញ្ហានេះ ក៏ជាហេតុផលដ៏សំខាន់មួយនាំឲ្យមេដឹកនាំដែលប្រព្រឹត្តអំពើអាក្រក់ច្រើនហួសហេតុខ្លាចស្រមោលបាបកម្មខ្លួនឯង ក៏ចេះតែរិះរកវិធីក្រាញអំណាចបង្ហូរឈាមប្រជារាស្ត្រ ដោយខ្វះការពិចារណា។
មានសំណួរជាច្រើនបានលើកឡើងថា តើប្រទេសកម្ពុជា អាចនឹងរៀបចំបង្កើតច្បាប់មួយដើម្បីការពារមេដឹកនាំដែលធ្លាក់ពីអំណាចដើម្បីរួចផុតពីការនាំទៅផ្តន្ទាទោស ឬអំពើសងសឹក ឬក៏អត់? វាជាសំណួរមួយដែលពិបាកដោះស្រាយ ប៉ុន្តែនៅបណ្តាប្រទេសមួយចំនួនក៏គេរៀបចំបង្កើតឲ្យមានច្បាប់របៀបនេះ ដើម្បីការពារអ្នកនយោបាយដែលធ្លាក់ពីអំណាចឲ្យបន្តរស់ដោយសុខស្រួលគ្មានការធ្វើទុក្ខបុកម្នេញ ប៉ុន្តែគេច្រើនតែអនុវត្តន៍សម្រាប់មេដឹកនាំទាំងឡាយណា ដែលធ្វើខុសហើយចេះកែខ្លួន មិនក្រអឺតក្រទម យកប្រទេសជាតិទាំងមូលទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យ៉ាងណាក៏ដោយ ការស្រុះស្រួលគ្នាផ្នែកនយោបាយក្នុងការបង្កើតច្បាប់ពិសេសមួយ ដើម្បីការពារអ្នកកាន់អំណាចឲ្យរួចផុតពីអំពើសងសឹក ឬការនាំទៅផ្តន្ទាទោសពីបទឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្តអំឡុងពេលកាន់អំណាចក៏ជាហេតុផលមួយត្រូវពិចារណា ដើម្បីកុំឲ្យមានអំពើសងសឹក ឬវប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីបន្តទៀត នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយសារតែអំពើសងសឹកគ្នា បាននាំឲ្យមានការបង្ហូរឈាមយ៉ាងឈឺចាប់ជាច្រើនទសវត្សរ៍រួចមកហើយ។
ឆ្លើយតបចំពោះសំណួរ ដ៏ស៊ីជម្រៅមួយនេះ លោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ”ខ្ញុំយល់ឃើញថា បញ្ហាប្រទេសជាតិធំណាស់ គឺធំជាងអ្វីៗទាំងអស់ យើងទាំងអស់គ្នាក្នុងជួរគណបក្សសង្គ្រោះជាតិ យើងគិតគូរផលប្រយោជន៍ជាតិជាធំ បើយើងធ្វើអ្វីទៅដោយគោលការណ៍ណាមួយអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិ យើងអាចយកមកពិចារណា ថាយើងត្រូវធ្វើអ្វីទៀត ធ្វើយ៉ាងណាការពារឧត្តមប្រយោជន៍ជាតិ ការពារសេចក្តីសុខសាន្តរបស់ប្រជារាស្ត្រខ្មែរស្លូតត្រង់។ យើងអាចពិចារណា បើសិនជាយើងមើលឃើញថា វាចាំបាច់អាចជួយជាប្រយោជន៍ជាតិ ដូចដែលបងប្អូនបានជ្រាបរួចមកហើយថា ក្នុងពិភពលោកយើងនេះមានប្រទេសមួយចំនួន ក៏គេបានបង្កើតច្បាប់ដើម្បីការពារមេដឹកនាំ ដែលធ្លាក់ពីអំណាចផងដែរ ប៉ុន្តែយើងត្រូវគិតគូរផលប្រយោជន៍ជាតិជាធំ មិនមែនដើម្បីតែការពារបុគ្គលម្នាក់ ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ជាតិនោះទេ”។
លោក កឹម សុខា បានបន្តទៀតថា ”សម្រាប់មេដឹកនាំទាំងឡាយណា ដែលដឹងថាខ្លួនឯងប្រព្រឹត្តខុសហើយ ចង់កែខ្លួន ឬរួមចំណែកធ្វើការងារដើម្បីការពារផលប្រយោជន៍ជាតិ ការពាររាស្ត្រខ្មែរ ហើយយើងមើលឃើញថាប្រជាពលរដ្ឋចង់ឲ្យប្រទេសជាតិ មានភាពសុខដុមរមនា ជានានឹងគ្នា តាមគោលនយោបាយបង្រួបបង្រួមផ្សះផ្សាជាតិ គឺគណបក្សសង្គ្រោះជាតិ អាចធ្វើការពិចារណា ចំពោះការរៀបចំច្បាប់ដើម្បីការពារមេដឹកនាំ ដែលធ្លាក់ពីអំណាច”។ ព្រមជាមួយនឹងការលើកជាសំណួរបែបនេះ គេមើលឃើញសង្គមខ្មែរ កាលពីអតីតកាល ធ្លាប់មានការផ្លាស់ប្តូរមេដឹកនាំតាមរយៈការធ្វើរដ្ឋប្រហារ ការផ្ទុះអាវុធបង្ហូរឈាមរាស្ត្រស្លូតត្រង់ ហើយពីមួយជំនាន់ ទៅមួយជំនាន់មានការសងសឹកគ្នាទៅវិញទៅមក ធ្វើឲ្យបែកបាក់ជាតិខ្មែរជារយចម្រៀក ហើយយោងតាមគោលការណ៍ដ៏សំខាន់របស់លោកប្រធាន សម រង្ស៊ី ក្នុងការរៀបចំបើកប្រវត្តិសាស្ត្រថ្មីមួយដែលសស្អាត តាមរយៈការបង្រួបបង្រួមកម្លាំងខ្មែរឲ្យមកកសាងអំពើល្អរួមគ្នា ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ដែលកាន់ព្រះពុទ្ធសាស្ត្រ មានសេចក្តីត្រេកអររីករាយយ៉ាងខ្លាំង។
ប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា ក្រោយសម័យខ្មែរក្រហម ដួលរលំយើងសង្កេតឃើញលោក ហ៊ុន សែន បានកាន់អំណាចដឹកនាំប្រទេសកម្ពុជា តាំងពីដើមឆ្នាំ១៩៨៥ ដែលរហូតមកដល់ពេលនេះ អស់រយៈពេល២៨ឆ្នាំមកហើយ ដូច្នេះលោក ហ៊ុន សែន មិនចង់ចុះចេញពីអំណាចដោយងាយស្រួលប៉ុន្មានទេ ទន្ទឹមពេលដែលប្រជារាស្ត្រខ្មែរមួយចំនួន បានទទួលរងនូវការឈឺចាប់យ៉ាងខ្លាំងក្លា ដោយសារតែការដឹកនាំមិនត្រឹមត្រូវ និងពុករលួយរបស់លោក ហ៊ុន សែន។ ជាក់ស្តែង តាមរយៈការបោះឆ្នោតដែលរៀបចំដោយ អ៊ុនតាក់ កាលពីខែឧសភា ឆ្នាំ១៩៩៣ ប្រជាពលរដ្ឋខ្មែរដែលស្អប់ខ្ពើមការដឹកនាំតាមបែបកុម្មុយនិស្តរណបយួន បានបោះឆ្នោតទម្លាក់លោកហ៊ុន សែន ពីអំណាចម្តងរួចមកហើយ ប៉ុន្តែពេលនោះលោក ហ៊ុន សែន បានគំរាមបង្កើតតំបន់អបគមន៍ ដើម្បីទាមទារអំណាចនាយករដ្ឋមន្ត្រីទី២ រហូតទាល់តែបានសម្រេច ដែលកាលណោះសម្តេច ព្រះនរោត្តម សីហនុ យកគោលការណ៍ បង្រួបបង្រួមជាតិមកប្រើប្រាស់ដើម្បីផ្សះផ្សាជាតិកុំឲ្យបែកបាក់។
រហូតដល់ដំណើរការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរដែលស្រេកឃ្លានបំផុតក្នុងការផ្លាស់ប្តូរមេដឹកនាំថ្មី បាននាំគ្នាទៅបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិទាំងគ្រួសារៗ ទាំងភូមិៗ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតនៅគ្រប់ទីកន្លែងទាំងអស់ រាប់តាំងពីមណ្ឌលដែលមេដឹកនាំគណបក្សប្រជាជនកម្ពុជា បានឈរឈ្មោះផងដែរ ដូចជាមណ្ឌលខេត្តកណ្តាល ភ្នំពេញ និងខេត្តកំពង់ចាម គណបក្សសង្គ្រោះជាតិ បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ហើយទីបំផុត គណបក្សប្រជាជនកម្ពុជា ដែលមាន គ.ជ.ប ជាឧបករណ៍បានលួចបន្លំសន្លឹកឆ្នោត ប្លន់យកជ័យជំនះរបស់គណបក្សសង្គ្រោះជាតិ ដើម្បីក្រាញអំណាចដោយមិនគោរពតាមឆន្ទៈរបស់ប្រជារាស្ត្រខ្មែរទូទៅនោះទេ។
ក្នុងបុព្វហេតុក្រាញអំណាច គេសង្កេតឃើញមេដឹកនាំគណបក្សប្រជាជនកម្ពុជា បានបើកកិច្ចប្រជុំសភាតាមរបៀបឯកបក្សនិងបង្កើតរដ្ឋាភិបាលថ្មីដោយមិនពេញលក្ខណៈច្បាប់ ផ្ទុយពីគោលការណ៍នៃរដ្ឋធម្មនុញ្ញ ពោល គឺក្រុមមេដឹកនាំគណបក្សប្រជាជនមិនដែលខ្វល់ខ្វាយនោះទេ អំពីបញ្ហាផ្លូវច្បាប់ ឬសម្ពាធរបស់អន្តរជាតិ ធ្វើយ៉ាងណាឲ្យតែខ្លួនអាចក្រាញអំណាច។ រំលឹកដល់បញ្ហានេះ គេនៅចាំបានថា លោក ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈក្នុងវេទិកាមួយនាខេត្តកំពង់ចាម ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា ធ្លាក់ប្រជាប្រិយភាពដល់ក្រោម៦០ភាគរយ គឺគាត់មិនបន្តធ្វើនាយករដ្ឋមន្ត្រីទៀតទេ សុខចិត្តចុះចេញពីអំណាច ហើយកាលណោះលោក ហ៊ុន សែន បានសំអាងទៅ លើរបាយការណ៍ស្ទាបស្ទង់មតិមួយដែលលើកឡើងមួយផ្នែកតូចពីការដឹកនាំរបស់គាត់ ទទួលបានការគាំទ្រដល់ទៅជាង៧០ភាគរយ។ ប៉ុន្តែតាមលទ្ធផលលួចបន្លំដែល គ.ជ. ប បានប្រកាសកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅនេះ គណបក្សប្រជាជនទទួលបានសំឡេងឆ្នោតមិនដល់៥០ភាគរយទេ គឺក្រោម៦០ភាគរយ៕
ប្រភពព័ត៌មាន៖ វិទ្យុខ្មែរប៉ុស្តិ
បញ្ជាក់៖ រាល់អត្ថបទ និងរូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងចែកចាយផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវដោយសាម៉ីជន...សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: