អ្នកនយោបាយនៅតែអោយនិយមន័យខុសគ្នាលើ២៣តុលា
បញ្ចូលព័ត៌មានដោយ៖Unknown
on Wednesday, October 23, 2013
0
២៣តុលាឆ្នាំ២០១៣ គឺខួប២២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា។ ២២ឆ្នាំមុន ភាគីទាំង៤របស់កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយក្រោមវត្តមានសាក្សីដែលមកពី១៨ប្រទេស និងអគ្គលេខាធិការអង្គការសហប្រជាជាតិផង។ រហូតមកដល់ពេលនេះ អ្នកនយោបាយនៅបន្តអោយនិយមន័យផ្សេងគ្នាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។
នៅពេលដែលគណបក្សសង្គ្រោះជាតិសម្រេចរើសយកថ្ងៃទី២៣តុលាដើម្បីបន្តធ្វើមហាបាតុកម្មអហិង្សាប្រឆាំងលទ្ធផលបោះឆ្នោតនោះ វាមិនមែនជារឿងចៃដន្យនោះទេ។ គណបក្សប្រឆាំងចង់បង្ហាញថា កម្ពុជាមិនទាន់បានអនុវត្តពេញលេញ នូវកិច្ចព្រមព្រៀងដែលភាគីកម្ពុជាទាំងអស់បានចុះហត្ថលេខាជាមួយគ្នា និងជាមួយប្រទេសហត្ថលេខីសាក្សីចំនួន១៨ទៀត។
នៅក្នុងសន្និសីទកាសែតរបស់គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃទី២៣តុលានេះ លោក សម រង្ស៊ីបានចាត់ទុកថ្ងៃទី២៣តុលាជាថ្ងៃឯករាជ្យមួយទៀតរបស់កម្ពុជា បន្ទាប់ពីថ្ងៃ៩វិច្ឆិកា។ អនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខាវិញ បានបន្តបញ្ជាក់ថា កិច្ចព្រមព្រៀង២៣តុលានៅតែមានសុពលភាពមកដល់ពេលនេះ ហើយថាស្មារតីនៃកិច្ចព្រមព្រៀងនេះនៅតែមិនទាន់ត្រូវបានអនុវត្តសព្វគ្រប់នៅឡើយទាក់ទងនឹងការធានារបបប្រជាធិបតេយ្យសេរីពហុបក្ស និងបញ្ហាបូរណភាពទឹកដីជាដើម។
គណបក្សប្រជាជនកម្ពុជាវិញ ដែលកំពុងដឹកនាំរដ្ឋាភិបាលដែលជំទាស់ដោយបក្សប្រឆាំងនោះ ក៏នៅអោយតម្លៃលើថ្ងៃប្រវត្តិសាស្ត្រមួយនេះដែរ។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលកំណត់យកថ្ងៃនេះជាថ្ងៃបុណ្យជាតិមួយ។ ចំពោះលោកខៀវ កាញារីទ្ធ ដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលផងនោះ ២៣តុលា គឺជាទិវាមួយដែលខ្មែរឈានទៅសំរេចការបញ្ចប់សង្គ្រាមក្នុងស្រុកមួយមែនហើយ ប៉ុន្តែលោកថា បញ្ហាកម្ពុជានៅពេលនោះគ្រាន់ តែជាម្ហូបសំនល់នៃសង្គ្រាមត្រជាក់ដែលមហាអំណាចនានា ចង់បោសអោយស្អាតចេញពីតុបាយរបស់ពួកគេប៉ុណ្ណោះ។
គណបក្សប្រជាជនកម្ពុជាហាក់បានអោយតម្លៃទៅលើរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ជាជាងព្រឹត្តិការណ៍២៣តុលា។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោកជាម យៀប បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា រដ្ឋធម្មនុញ្ញបច្ចុប្បន្នត្រូវបានសរសេរចេញពីស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ។ ដូច្នេះ សម្រាប់អ្នកនយោបាយរូបនេះ ប្រសិនបើគេគោរពរដ្ឋធម្មនុញ្ញកម្ពុជាសព្វថ្ងៃ គឺវាដូចជាការគោរពថ្ងៃទី២៣តុលាដូចគ្នា។
ចំពោះលោកខៀវ កាញារីទ្ធវិញ ២៣តុលា គឺជាកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលមានជំលោះ។ ពោលគឺ ម្ខាងជារដ្ឋាភិបាលភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រីភាគីម្ខាងទៀតជាក្រុមចលនាតស៊ូនៅជាយដែនដែលរួមមាន ចលនាតស៊ូរបស់ហ៊្វុនស៊ីនប៉ិចរបស់សម្តេចនរោត្តមសីហនុ រណៈសិរ្សសង្គ្រោះជាតិរបស់លោកសឺន សាន និងក្រុមចលនាខ្មែរក្រហម។ លោកខៀវ កាញារីទ្ធបញ្ជាក់ថា រដ្ឋធម្មនុញ្ញវិញ គឺជាការសំរេចរបស់គណបក្សនយោបាយដែលជាប់ឆ្នោតតំណាងអោយខ្មែរគ្រប់និន្នាការនយោបាយ៕
សូមអញ្ជើញចូលរួមទស្សនាខ្សែវីដេអូរឯកសារទាំងនេះទាំងអស់គ្នា...
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ
បញ្ជាក់៖រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: