លោក សម រង្ស៊ី ស្នើសុំឲ្យមានតុល្យអំណាចរវាងបក្សធំៗទាំងពីរ
បញ្ចូលព័ត៌មានដោយ៖Unknown
on Saturday, September 21, 2013
0
មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅពេលនេះហាក់មានជំហរទន់ជាងមុនចំពោះការសម្របសម្រួលគោលនយោបាយរួមគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ។ ទំនោររបស់មេបក្សប្រឆាំងនៅពេលនេះ ហាក់ខុសគ្នាពីជំហរក្រោយការបោះឆ្នោតរួចភ្លាមៗ ដែលគណបក្សនេះទាមទារដាច់ខាតថាមិនព្រមសោះឡើយការចូលរួមជាមួយគណបក្សកាន់អំណាច ដោយសម្អាងថា ខ្លួនបានឈ្នះសំឡេងភាគច្រើននៅក្នុងរដ្ឋសភា។
អ្នកវិភាគសង្គម ព្រមានថា បើគណបក្សប្រឆាំងសម្រេចច្របាច់កម្មវិធីចម្រុះជាមួយគណបក្សគ្រប់គ្រងអំណាចពិតមែននោះ បក្សប្រឆាំងនេះនឹងត្រូវប្រឈមមុខដ៏ស្មុគស្មាញពីអ្នកគាំទ្ររបស់ខ្លួន និងអាចមានវាសនាដូចគណបក្សហ៊្វុនស៊ិនប៉ិច ដែរ។
មេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ស្នើសុំឲ្យគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវប្រកាសលទ្ធផលឆ្នោតស្មើៗគ្នាបណ្ដោះអាសន្ន ដោយចាត់ទុកថា នឹងពុំមានអ្នកណាឈ្នះ ឬអ្នកណាចាញ់ក្នុងអាណត្តិនៃការបោះឆ្នោតលើកនេះទេ ក្នុងន័យដើម្បីទាមទារឲ្យមានតុល្យអំណាចក្នុងរដ្ឋាភិបាលថ្មីមួយ ហើយអាចធ្វើការរួមគ្នាដោយពុំមានបក្សប្រឆាំង ឬស្រប ចំណែកកិច្ចការដែលនៅសេសសល់ត្រូវដោះស្រាយបន្ត។
ការថ្លែងដូចនេះរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើឡើងនៅក្នុងសន្និសីទកាសែតនៅទីស្នាក់ការគណបក្សចាក់អង្រែលើ នាថ្ងៃទី២០ ខែកញ្ញា។ ជំហរនេះត្រូវគេដឹងថា ក្នុងរយៈពេល ២ថ្ងៃក្រោយពីមហាបាតុកម្មអហិង្សាលើកទី២ ត្រូវបិទបញ្ចប់។ លោក សម រង្ស៊ី និយាយថា គណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការឯកភាពមួយរវាងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ អំពីលទ្ធផលឆ្នោតឈ្នះដូចគ្នា ហើយឈរលើគោលការណ៍រួម ដោយតម្កល់ផលប្រយោជន៍ជាតិជាចម្បង។
ចំណែកកិច្ចការដែលនៅសេសសល់ជាអាទិ៍ ភាពមិនប្រក្រតីនៃការបោះឆ្នោត និងការទាមទាររកយុត្តិធម៌នៅតែស៊ើបអង្កេតបន្ត។ លោក សម រង្ស៊ី ឲ្យដឹងថា លើកនេះនឹងមិនទុកឲ្យគណបក្សប្រជាជនកម្ពុជា អាចធ្វើព្យុះធ្វើភ្លៀងបាន ដូចអ្វីតាមការចង់បានរបស់ខ្លួនដូចអាណត្តិមុនៗទៀតនោះឡើយ។
ចំណែក លោក ឈាង វុន អ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា វិញ សាទរចំពោះជំហររបស់ លោក សម រង្ស៊ី ដោយចាត់ទុកថា នេះជាការវិវឌ្ឍន៍ថ្មីមួយជំហានទៀត ដែលអាចទម្លាយភាពជាប់គាំងផ្នែកនយោបាយក្នុងពេលខាងមុខ ហើយធ្វើការរួមគ្នាបាន។ យ៉ាងណាក៏ដោយ លោក ឈាង វុន គិតថា គណបក្សដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា អាចជាក្បាលម៉ាស៊ីនដឹកនាំនៅក្នុងរដ្ឋាភិបាលថ្មីនេះ។
ការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប កាលពីថ្ងៃទី៨ ខែកញ្ញា កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា មានប្រៀបលើគណបក្សសង្គ្រោះជាតិ ៦៨អាសនៈ ទល់ ៥៥អាសនៈ។
ដោយឡែក លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ អាចនឹងប្រឈមភាពចម្រូងចម្រាស និងត្រូវធ្វើដំណើរលើផ្លូវដ៏ពិបាកមួយពីអ្នកគាំទ្ររបស់ខ្លួន ហើយព្រមានថា បើបក្សប្រឆាំងសម្រេចបញ្ចូលកម្មវិធីនយោបាយរួមជាមួយគណបក្សប្រជាជនកម្ពុជា ពិតមែននោះ បក្សប្រឆាំងមួយនេះនឹងមិនខុសអ្វីពីជីវិតនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិច ឡើយ។
បើទោះជាយ៉ាងណា សម្រាប់អ្នកគាំទ្រនៅតាមមូលដ្ឋានវិញ ឲ្យដឹងថា ពួកគេត្រូវទាមទារឲ្យមានការផ្លាស់ប្ដូរមួយ ដើម្បីលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ប្រភពឯកសារដើម៖ វិទ្យុអាស៊ីសេរី
បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងចែកចាយ ផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន... សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: