រដ្ឋាភិបាលបដិសេធរាល់ការចោទប្រកាន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោត
បញ្ចូលព័ត៌មានដោយ៖Unknown
on Saturday, September 21, 2013
0
រាជរដ្ឋាភិបាលប្រកាសផ្សព្វផ្សាយឯកសារវិភាគមួយ ដែលគេដាក់ឈ្មោះថា សៀវភៅស ដើម្បីការពារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយបដិសេធចោលទាំងស្រុងនូវរាល់ភាពមិនប្រក្រតីនៃការបោះឆ្នោត។
ថ្នាក់ដឹកនាំអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ចាត់ទុកថា សៀវភៅស នេះជាឯកសារសំខាន់ដែលអាចបំភ្លឺជូនជនរួមជាតិឲ្យបានដឹងនូវចេតនាអាក្រក់របស់គណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលមួយចំនួន។
សៀវភៅស ជាកម្រងឯកសារកម្រាស់ជិត ៣០ទំព័រ ចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រី បានរៀបរាប់ពីស្ថានភាពទូទៅនៃការបោះឆ្នោត រហូតដល់ការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភា ដែលនឹងឈានទៅបង្កើតគណៈរដ្ឋមន្ត្រីនីតិកាលទី៥។
អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោក កែវ រ៉េមី មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា និងស្ថាប័ន គ.ជ.ប ជាអ្នករងគ្រោះដោយការវាយប្រហារ និងចោទប្រកាន់ពីបក្សប្រឆាំង ថារួមគ្នាលួចបន្លំសន្លឹកឆ្នោត។
លោកបន្តថា សៀវភៅសនេះនឹងជាមូលដ្ឋានសំខាន់ ដើម្បីបញ្ជាក់ថា ការបោះឆ្នោតប្រព្រឹត្តទៅដោយតម្លាភាព ត្រឹមត្រូវ សេរី និងយុត្តិធម៌ ដែលគ្រប់ភាគីត្រូវតែទទួលយកលទ្ធផលដោយរីករាយ។ លោកបន្ថែមថា លទ្ធផលបោះឆ្នោតដែលគណបក្សកាន់អំណាចធ្លាក់សំឡេងឆ្នោត ២០កៅអី ជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា ពិតជាស្អាតស្អំ។
ផ្នែកដំបូងនៃសៀវភៅស បានលើកឡើងពីស្ថានភាពទូទៅនៃការបោះឆ្នោតថា មានភាពល្អប្រសើរ និងផ្ដោតសំខាន់លើតួលេខនៃចំនួនអ្នកបោះឆ្នោតតាមបណ្ដាប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក ហ្វីលីពីន ឥណ្ឌា ធៀបនឹងការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា។ ផ្នែកបន្ទាប់នៃសៀវភៅស បានដាក់ចំណងជើងថា ល្បិចកលគិតទុកជាមុន ដើម្បីបដិសេធលទ្ធផលបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ។ ក្នុងផ្នែកនោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជនកម្ពុជា បានបើកការវាយប្រហារលើទង្វើរបស់គណបក្សប្រឆាំង តាំងពីមុនបោះឆ្នោត រហូតក្រោយប្រកាសលទ្ធផលបោះឆ្នោត។
សៀវភៅស ក៏បានចោទសង្គមស៊ីវិលចំនួនពីរ គឺវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងអង្គការ ខុមហ្វ្រែល (Comfrel) ដែលធ្លាប់បានចេញរបាយការណ៍អង្កេតស្រាវជ្រាវ ស្ដីពីការបាត់ឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ថាចូលដៃចូលជើងជាមួយបក្សប្រឆាំង។ ក្រៅពីនោះ រាជរដ្ឋាភិបាលចោទប្រកាន់ស្ថាប័នសារព័ត៌មានចំនួន ៤ គឺវិទ្យុអាស៊ីសេរី (RFA) វិទ្យុវីអូអេ (VOA) កាសែតភ្នំពេញប៉ុស្តិ៍ កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថាបានផ្សាយព័ត៌មានភាគច្រើនសុទ្ធសឹងតែជាព័ត៌មានប្រឌិត បំផ្លើស និងមួលបង្កាច់ការពិត តាំងពីមុន និងក្រោយការបោះឆ្នោត។ មិនតែប៉ុណ្ណោះ បណ្ដាញសង្គមហ្វេសប៊ុក (Facebook) យូធូប (Youtube) ថ្វីតធឺ (Twitter) ក៏ត្រូវរងការចោទពីរាជរដ្ឋាភិបាលដែរថា ផ្សាយព័ត៌មានបំពុលបរិយាកាសសង្គម កេងចំណេញនយោបាយ។
ឆ្លើយតបនឹងការលើកឡើងនេះ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ចាត់ទុកសៀវភៅស របស់រាជរដ្ឋាភិបាលជាសៀវភៅផ្តាច់ការ ដែលមានបំណងបំបិទសំឡេងរបស់ប្រជាពលរដ្ឋ គណបក្សនយោបាយ សង្គមស៊ីវិល រហូតដល់ស្ថាប័នសារព័ត៌មាន។ លោកបន្តថា ការផ្សាយសៀវភៅនេះ ជាការបង្ហាញយ៉ាងច្បាស់ក្រឡែតថា គណបក្សប្រជាជនយល់ថាមានតែបក្ខពួករបស់ខ្លួនប៉ុណ្ណោះ ដែលបំពេញការងារត្រឹមត្រូវ គិតគូរប្រយោជន៍ជាតិ។ លោកបញ្ជាក់ថា ស្ថាប័នសារព័ត៌មានឯករាជ្យ និងសង្គមស៊ីវិល ធ្វើការងារបានប្រសើរណាស់ ដើម្បីលើកស្ទួយប្រជាធិបតេយ្យ ហើយពេលខ្លះថែមទាំងរងការបំភិតបំភ័យ គំរាមកំហែងពីមន្ត្រីបក្សកាន់អំណាចទៀតផង។
ចំណែកឯអ្នកស្រាវជ្រាវអភិវឌ្ឍន៍សង្គម លោក កែម ឡី វិញយល់ថា របាយការណ៍ដែលចងក្រងដោយរាជរដ្ឋាភិបាល មិនមានតម្លាភាពទេ ហើយធ្វើឡើងដើម្បីបម្រើផលប្រយោជន៍នយោបាយរបស់បក្ខពួកខ្លួនឯងមួយក្រុមប៉ុណ្ណោះ។ លោកបន្តថា ការចេញរបាយការណ៍នេះគ្រាន់តែជាវប្បធម៌ដដែលៗ ដើម្បីវាយបកភាគីម្ខាងទៀត ហើយមិនមានតម្លៃជាការពិត ដែលអាចឲ្យប្រជាពលរដ្ឋអាចយកមកសិក្សា និងជឿជាក់បានឡើយ។
ការផ្សព្វផ្សាយសៀវភៅស របស់រាជរដ្ឋាភិបាលនេះ គឺធ្វើឡើងដើម្បីឆ្លើយតបនឹងការចោទប្រកាន់ផ្ទួនៗពីសំណាក់គណបក្សសង្គ្រោះជាតិ ដោយប្រើប្រាស់វិធីផ្សេងៗ ដូចជា សិក្ខាសាលា សន្និសីទកាសែត រហូតដល់ធ្វើមហាបាតុកម្ម ២លើក ទាមទារឲ្យគណបក្សកាន់អំណាចផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសមហាអំណាចដែលកាន់លទ្ធិប្រជាធិបតេយ្យ ដូចជា សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប សុទ្ធតែមិនទាន់ស្វាគមន៍ការឈ្នះឆ្នោតរបស់គណបក្សប្រជាជន នោះទេ ហើយថែមទាំងជំរុញឲ្យដោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោតទៀតផង។
ដំណើរការបោះឆ្នោតនាពេលកន្លងទៅ មានពលរដ្ឋជាអ្នកគាំទ្រគណបក្សប្រឆាំងប្រមាណ ៣លាននាក់ មិនសុខចិត្ត។ ហើយក្នុងចំណោមនោះ មានពលរដ្ឋប្រមាណ ១០ម៉ឺននាក់ ស្ម័គ្រចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន តាំងពីលក់ឆ្កែ លក់មាន់ និងកម្លាំងកាយចិត្តមកធ្វើបាតុកម្មរយៈពេល ៣ថ្ងៃជាប់ៗគ្នា ដើម្បីទាមទារឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត។
ទោះយ៉ាងណាក្តី ទាំងចំណុចចុងក្រោយនៃសៀវភៅស និងមន្ត្រីបក្សប្រឆាំង សុទ្ធតែអះអាងថា ការបង្កើតគណៈកម្មការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ពិតជាមិនអាចទៅរួចទេ ហើយរដ្ឋសភានឹងបើកសម័យប្រជុំជាលើកដំបូងនៅថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣៕
កំណត់ចំណាំ៖ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ប្រភពឯកសារដើម៖ វិទ្យុអាស៊ីសេរី
បញ្ជាក់៖ រាលអត្ថបទ និង រូបភាពដែលបានចុះផ្សាយនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann ITឡើយ ការចំលងចែកចាយ ផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: