គណបក្សប្រឆាំងចង់ចរចា តែមិនទាន់កំណត់ថ្ងៃ
បញ្ចូលព័ត៌មានដោយ៖Unknown
on Friday, September 27, 2013
0
ក្រោយការប្រកាសបើកការចរចាជាមួយគណបក្សប្រជាជនកម្ពុជាសាជាថ្មី រហូតមកដល់ថ្ងៃសុក្រ ទី២៧ កញ្ញានេះ គណបក្សសង្គ្រោះមិនទាន់បានកំណត់ថ្ងៃចរចាជាមួយគណបក្សកាន់អំណាចនៅឡើយទេ។ យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិនៅតែប្រកាន់គោលជំហរនៃរបៀបវារៈពីរចំណុចជាមួយគណបក្សកាន់អំណាច គឺស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងយន្តការស្វែងរកតុល្យភាពអំណាចរវាងគណបក្សទាំងពីរនៅក្នុងសភាជាតិ។
គណបក្សសង្គ្រោះជាតិ របស់លោក សម រង្ស៊ី និង លោកកឹម សុខា នៅមិនទាន់កំណត់ថ្ងៃចរចាជាមួយគណបក្សប្រជាជនកម្ពុជាឱ្យជាក់លាក់ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយដែលកំពុងអូសបន្លាយក្រោយការបោះឆ្នោតនៅឡើយទេ។ នេះបើតាមលោក យ៉ែម បុញ្ញាឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រនេះ។
អ្នកនាំពាក្យរូបនេះបន្តថា បើទោះបីជានៅមិនទាន់កំណត់បានថ្ងៃចរចាសាជាថ្មីជាមួយបក្សកាន់អំណាចក៏ដោយ ប៉ុន្តែគណបក្សប្រឆាំងមួយនេះ មានរបៀបវីរៈសំខាន់ពីរសម្រាប់ការការចរចាជាមួយគណបក្សកាន់អំណាចរួចទៅហើយ។ របៀបវារៈទាំងពីរនោះគឺ ទី១ ការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងកំណែទម្រង់តុល្យភាពនៃអំណាចក្នុងការដឹកនាំនៅក្នុងរដ្ឋសភាជាតិ។ មន្ត្រីអ្នកនាំពាក្យរូបនេះពន្យល់ថា ចំនុចទាំងពីរនេះនឹងអាចការពារបាននូវប្រសិទ្ធភាពនៃការដឹកនាំប្រទេស រួមទាំងការកំណែទម្រង់ប្រព័ន្ធបោះឆ្នោតដោយតម្លាភាពនិងយុត្តិធម៌។
មន្ត្រីការិយាល័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា គឺនៅតែរង់ចាំការចរចាជាមួយគណបក្សសង្គ្រោះជាតិជាដដែល។ ហើយគណបក្សកាន់អំណាចមួយនេះ នឹងនៅតែផ្តល់តំណែងអនុប្រធានមួយរដ្ឋសភាមួយកន្លែង និងតំណែងប្រធានគណៈកម្មការចំនួន៤ រួមទាំងអនុប្រធានគណៈកម្មការ៥ ឱ្យគណបក្សសង្គ្រោះជាតិដដែល។ ហើយលោកថា គណបក្សប្រឆាំងចាំបាច់ត្រូវចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំងជាមុនសិន។ ប៉ុន្តែអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយ៉ែម បុញ្ញាឫទ្ធិ បានអះអាងថា គណបក្សប្រឆាំងចាំបាច់ចរចាជាមួយគណបក្សកាន់អំណាចជាមុនសិនទើបចូលស្បថជាក្រោយ។
គួររំលឹកថា ការប្រកាសឱ្យមានយន្តការចរចាជាមួយគណបក្សកាន់អំណាច និងប្រកាសពិចារណាទទួលយកអាសនៈក្នុងសភាដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិប្រកាសកាលពីថ្ងៃម្សិលមិញ គឺជារបត់១៨០ ដឺក្រេ ដែលប្រធានគណកប្សសង្គ្រោះជាតិរូបនេះ បានប្រកាសថាក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធថា មិនទទួលស្គាល់សោះឡើយរដ្ឋាភិបាល និងសភាអាណត្តិទី៥ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
យ៉ាងណាក៏ដោយ ការចរចារវាងគណបក្សទាំងពីរមិនទាន់កើតឡើងក៏ដោយ ក៏នេះគឺជាការបន្ទន់ឥរិយាបថ ដើម្បីឈានទៅបិទបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាក្រោយការបោះឆ្នោតដែរ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ
បញ្ជាក់៖ រាល់អត្ថបទ និងរូបភាពដែលបានចុះផ្សាយទាំងនេះមិនមែន ជាកម្មសិទ្ធិ របស់ Sampann ITការចំលងចែកចាយផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន ,,,, សូមអរព្រះគុណនិង សូមអរគុណ!!!
About the Author
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: