សមត្ថកិច្ចរារាំងមិនឲ្យក្រុមអ្នកតវ៉ាចូលទៅមុខព្រះបរមរាជវាំង
បញ្ចូលព័ត៌មានដោយ៖Unknown
on Thursday, September 19, 2013
0
ព្រះសង្ឃជាច្រើនអង្គ រួមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើន ត្រូវបានរារាំងមិនឲ្យចូលទៅកាន់ទីធ្លា មុខព្រះបរមរាជវាំងទេ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ ពួកគេគ្រោងទៅជួបជុំគ្នា ដើម្បីសុំឲ្យព្រះមហាក្សត្រពន្យារពេលកិច្ចប្រជុំសភាដំបូង ទៅតាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ។ យ៉ាងណាក៏ដោយ គ្មានការប៉ះទង្គិចគ្នាទេនៅក្នុងហេតុការណ៍នោះ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងនោះក៏មានព្រះសង្ឃជាច្រើនអង្គផងដែរ បាននិមន្ត និងធ្វើដំណើរទៅកាន់ទីលានមុខព្រះបរមរាជវាំងដើម្បីស្នើសុំឲ្យព្រះមហាក្សត្រលើកពេលកិច្ចប្រជុំសភាដំបូង។ ប៉ុន្តែ ពួកគេត្រូវបានរារាំងដោយកងកម្លាំងសមត្ថកិច្ច។ ក្រុមសមត្ថកិច្ចចម្រុះរាប់រយនាក់ បានដាក់របាំងបិទផ្លូវគ្រប់ច្រកចូលទៅកាន់ព្រះបរមរាជវាំង។
សូមបញ្ជាក់ថា ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានកោះអញ្ជើញអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៣ នាក់ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា ៦៨ នាក់ និងគណបក្សសង្គ្រោះជាតិ ៥៥ នាក់ ឲ្យចូលប្រជុំសភាដំបូងនៅថ្ងៃទី២៣កញ្ញាដើមសប្តាហ៍ក្រោយនេះ។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានឆ្លើយតប និងបានប្រកាសថា ពួកគេនឹងចូលរួមប្រជុំ។
ប៉ុន្តែ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបដិសេធ ក្រោមហេតុផលថា បញ្ហាបោះឆ្នោតនៅមិនទាន់បានដោះស្រាយនៅឡើយ។ គណបក្សសង្គ្រោះជាតិបានសរសេរលិខិតថ្វាយព្រះមហាក្សត្រ ដើម្បីសុំពន្យារពេលកិច្ចប្រជុំនោះសិន ប៉ុន្តែ ព្រះអង្គបានបដិសេធ។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ក្នុងព្រះរាជសារតបទៅតំណាងរាស្ត្របក្សប្រឆាំងថា ព្រះអង្គអនុវត្តតាមរដ្ឋធម្មនុញ្ញដែលតម្រូវឲ្យព្រះមហាក្សត្រកោះប្រជុំសភាដំបូង៦០ថ្ងៃយ៉ាងយូរ ក្រោយការបោះឆ្នោត។ ព្រះមហាក្សត្រក៏បានអំពាវនាវឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់ចូលរួមកិច្ចប្រជុំនោះ។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចង់អន្តរាគមន៍បញ្ហានេះ ដោយនាំគ្នាទៅជួបជុំមុខព្រះបរមរាជវាំង ប៉ុន្តែ ពួកគេត្រូវបានសមត្ថកិច្ចរារាំង។ យ៉ាងណាក៏ដោយ ព្រះសង្ឃប្រហែល១០០ អង្គ បានគង់សម្មាធិនៅមុខសាលមហាស្រពចតុមុខ ដោយសន្តិវិធី និងដោយគ្មានការប៉ះទង្គិចជាមួយសមត្ថកិច្ចទេ៕
ប្រភពឯកសារដើម៖ វិទ្យុបារាំងអន្តរជាតិ
បញ្ជាក់៖រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាការទទួលខុសត្រូវរបស់ Sampann IT ឡើយការចំលងចែកចាយផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន៕

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: