រាជរដ្ឋាភិបាលអំពាវនាវកុំឲ្យពលរដ្ឋបញ្ចេញមតិប៉ះពាល់ដល់ព្រះមហាក្សត្រ
បញ្ចូលព័ត៌មានដោយ៖Unknown
on Thursday, September 19, 2013
0
តាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃទី ១៨ កញ្ញា រាជរដ្ឋាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបរក្សាសេចក្តីថ្លៃថ្នូរ និងលើកតម្កើងព្រះមហាក្សត្រ។ សេចក្តីអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមាន ការបញ្ចេញមតិតាមបណ្តាញផ្សាយព័ត៌មានមួយចំនួនជាពិសេសបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រ។ ស្របពេលជាមួយគ្នានេះដែរ វិទ្យុ ABC របស់អាចារ្យអេបានអំពាវនាវឲ្យអ្នកស្រឡាញ់ព្រះមហាក្សត្រជួបជុំគ្នានៅថ្ងៃទី ២១កញ្ញានៅពហុកីឡាដ្ឋានអូឡាំពិកដើម្បីសម្តែងមតិគាំទ្រព្រះមហាក្សត្រផងដែរ។
រដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបរក្សាតម្លៃ សេចក្តីថ្លៃថ្នូរ និងលើកតម្កើងព្រះមហាក្សត្រ ព្រមទាំងគោរពរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសឲ្យបានខ្ជាប់ខ្ជួន។
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលដែលចេញផ្សាយកាលពីល្ងាចថ្ងៃពុធទី១៨កញ្ញាបានបញ្ជាក់ថា រាជរដ្ឋាភិបាលទទួលស្គាល់សិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋ ប៉ុន្តែ ការបញ្ចេញមតិទាំងនោះត្រូវតែគោរពតាមលក្ខខណ្ឌដែលកំណត់ក្នុងច្បាប់ និងជាពិសេសមិនត្រូវប៉ះពាល់ជាដាច់ខាតដល់ស្ថាប័ននិងអង្គព្រះមហាក្សត្រ។ រាជរដ្ឋាភិបាលក៏បានរម្លឹកផងដែរអំពីខ្លឹមសាររដ្ឋធម្មនុញ្ញមាត្រា៧ ដែលចែងថា ព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបាន។
ប៉ុន្តែ សេចក្តីថ្លែងការណ៍នេះបានកត់សម្គាល់ថា ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋមួយចំនួនតាមបណ្តាញផ្សាយព័ត៌មានជាពិសេសបណ្តាញសង្គម ហ្វេសប៊ុក បានធ្វើឲ្យប៉ះពាល់ដល់កិត្តយស និងព្រះកិត្តិនាមរបស់ព្រះមហាក្សត្រ។ ទន្ទឹមនឹងការអំពាវនាវរបស់រដ្ឋាភិបាល វិទ្យុ ABC របស់អាចារ្យអេដែលជាវិទ្យុឯកជនដ៏មានប្រជាប្រិយភាពមួយនោះក៏បានធ្វើសកម្មភាពការពារព្រះមហាក្សត្រផងដែរ។
វិទ្យុនេះបានអំពាវនាវជាសាធារណៈឲ្យពលរដ្ឋអ្នកស្រឡាញ់ព្រះមហាក្សត្រជួបជុំគ្នានៅថ្ងៃទី ២១ កញ្ញាចុងសប្តាហ៍នេះនៅពហុកីឡាដ្ឋានអូឡាំពិកដើម្បីសម្តែងមតិការពារព្រះមហាក្សត្រ។ នេះគឺជាចលនាសង្គមមួយទៀតដែលបានកើតឡើងបន្ទាប់ពីមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរយៈពេល៣ថ្ងៃទើបតែបញ្ចប់ទៅ។
គួរកត់សម្គាល់ថា ចលនារិះគន់ព្រះមហាក្សត្របានកើតឡើងខ្លាំងបន្ទាប់ពីព្រះអង្គបានកោះអញ្ជើញអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ឲ្យចូលរួមប្រជុំសភាដំបូងនៅថ្ងៃទី ២៣ កញ្ញាខាងមុខ។ ក្រុមអ្នកលេងហ្វេសប៊ុកមួយចំនួនបានរិះគន់ព្រះមហាក្សត្រថាលម្អៀងទៅរកគណបក្សកាន់អំណាច និងអ្នកខ្លះទៀតបានប្រើពាក្យពេចន៍ ឬរូបគំនូរដែលមានន័យប្រមាថដល់ព្រះមហាក្សត្រទៀតផង៕
ប្រភពឯកសារដើម៖ វិទ្យុបារាំងអន្តរជាតិ
បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការថតចំលងចែកចាយ ផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន... សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: