លោកហ៊ុន សែន និងលោក សម រង្ស៊ី មិនបានជួបគ្នាទេពេលទទួលព្រះមហាក្សត
បញ្ចូលព័ត៌មានដោយ៖Unknown
on Thursday, September 12, 2013
0
ដូចការគ្រោងទុក ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងត្រឡប់មកដល់ភ្នំពេញវិញហើយ នៅវេលាម៉ោង៤រសៀលថ្ងៃពុធនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ដែលបានទៅទទួលព្រះមហាក្សត្រ នៅព្រលានយន្តហោះ មិនបានជួបនិយាយរកគ្នា ទេ។ យ៉ាងណាក៏ដោយ លោកសម រង្ស៊ី បានអះអាងថា លោកនៅរង់ចាំចម្លើយពីព្រះមហាក្សត្រ ដើម្បីជួយអន្តរាគមន៍រក ដំណោះស្រាយបញ្ហានយោបាយ។
ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងត្រឡប់មកដល់ភ្នំពេញវិញហើយ នៅវេលាម៉ោង៤រសៀល ថ្ងៃពុធទី ១១សីហានេះ បន្ទាប់ពីបានទទួលការពិនិត្យព្រះរាជសុខភាពពីសំណាក់គ្រូពេទ្យចិន។
នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន ប្រធានរដ្ឋសភា រួមទាំងមន្ត្រីអ្នកមុខអ្នកការ និងគ្រួសាររាជវង្សមួយចំនួនទៀត។ លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិព្រមទាំងមន្ត្រីបក្សប្រឆាំងជាច្រើន ទៀត ក៏បានទៅទទួលព្រះរាជដំណើរយាងត្រឡប់របស់ព្រះមហាក្សត្រដែរ។
ប៉ុន្តែ មេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរមិនបានជួបពិភាក្សាគ្នា ឬសូម្បីតែ និយាយរកគ្នានោះឡើយ។ មុនពេលព្រះមហាក្សត្រយាងមកដល់ អ្នកនយោបាយទាំងអស់បានចូលក្នុងបន្ទប់រង់ចាំ VIP ជាមួយគ្នា ដែលធ្វើឲ្យមានការសង្ស័យថា ពួកគេអាចនឹងជួបជជែកគ្នា។ ប៉ុន្តែ ពេលចេញមកវិញ លោក សម រង្ស៊ី បានអះអាងថា លោកមិនបានជួបជាមួយលោកនាយករដ្ឋមន្ត្រីទេ។
មេដឹកនាំបក្សប្រឆាំងបញ្ជាក់ថា គោលបំណងរបស់លោកដែលមកព្រលានយន្តហោះនៅថ្ងៃនេះ គឺដើម្បីទទួល ព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រតែប៉ុណ្ណោះ។ ទាក់ទងទៅនឹងដំណោះស្រាយបញ្ហានយោបាយ លោក សម រង្ស៊ី បានអះអាងថា លោកនៅរង់ចាំចម្លើយពីព្រះមហាក្សត្រ បន្ទាប់ពីលោកបានសុំឲ្យ ព្រះអង្គអន្តរាគមជួយរកដំណោះស្រាយ។ ទាំងលោកកឹម សុខា និងលោកសម រង្ស៊ី នៅតែអះអាងថា បាតុកម្មជាជម្រើសមិនអាចចៀសវាងបាន ប្រសិនបើគ្មានដំណោះស្រាយ។
ការយាងត្រឡប់របស់ព្រះមហាក្សត្រនៅពេលនេះ ចំពេលដែលស្ថានការណ៍នយោបាយ កំពុងតានតឹងនៅក្រោយការបោះឆ្នោត។ ព្រះមហាក្សត្រ គ្រោងកោះអញ្ជើញអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៣ នាក់ ឲ្យចូលរួមប្រជុំសភាដំបូងនៅថ្ងៃទី ២៣ កញ្ញាខាងមុខនេះ។
ប៉ុន្តែ គណបក្សសង្គ្រោះជាតិដែលបដិសេធមិនទទួលយកលទ្ធផលនៃការបោះឆ្នោតបាន ប្រកាសធ្វើពហិការមិនចូលប្រជុំសភាទេ។ គណបក្សប្រឆាំងក៏បានប្រកាសធ្វើមហាបាតុកម្មជាលើកទី២ទៀត ចាប់ពី ថ្ងៃអាទិត្យចុងសប្តាហ៍នេះតទៅ។
គេនៅមិនទាន់ដឹងថា ព្រះរាជវត្តមានរបស់ព្រះមហាក្សត្រអាចនឹងជួយបន្ធូរបន្ថយភាពតានតឹង នយោបាយ ដែលឲ្យគណបក្សទាំងពីរបានចូលប្រជុំរដ្ឋសភាដំបូងដោយ ស្រុះស្រួលគ្នា ឬក៏មានតែគណបក្សប្រជាជនកម្ពុជាម្នាក់ឯង ចូលរួមប្រជុំ រីឯគណបក្សសង្គ្រោះជាតិនៅធ្វើបាតុកម្មក្រៅរដ្ឋសភានោះឡើយ៕
ប្រភពឯកសារដើម៖ វិទ្យុបារាំងអន្តរជាតិ
បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: