បើមានមហាបាតុកម្ម នៅទូទាំងប្រទេស អាចនាំឲ្យប្រព័ន្ធគ្រប់គ្រង ជាប់គាំងទាំងអស់
បញ្ចូលព័ត៌មានដោយ៖Unknown
on Monday, August 26, 2013
0
រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែសីហា បានប្រាប់អ្នកចូលរួមជាង ១ម៉ឺននាក់ថា គណបក្សប្រជាជនកម្ពុជា គួរចុះចេញពីតំណែង ដើម្បីផ្តល់យុត្តិធម៌ជូន ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយត្រូវដោះស្រាយ ភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត ឲ្យបានគ្រប់ជ្រុងជ្រោយ មុនពេលដែល គ.ជ.ប ប្រកាសលទ្ធផលឆ្នោត នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខ។
លោក សម រង្ស៊ី បានប្រកាសប្រាប់អ្នកគាំទ្រថា ការបើកកញ្ចប់សុវត្ថិភាព ដើម្បីរកភាពមិនប្រក្រតី នៃការបោះឆ្នោត ជាឆាកល្ខោនរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងគណបក្សប្រជាជនកម្ពុជា។ លោក សម រង្ស៊ី បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនមានទំនុកចិត្តលើ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នបកស្រាយច្បាប់ កំពូល របស់ជាតិឡើយ ហើយប្រជារាស្ត្រខ្មែរ ក៏មិនសុខចិត្តចំពោះចំណាត់ការមិនប្រក្រតីរបស់ គ.ជ.ប. ដែលរៀបចំឲ្យមាន ការលួចសន្លឹកឆ្នោតជាប្រព័ន្ធ។
លោក សម រង្ស៊ី បានបញ្ជាក់ថា ដល់ទឹកចុងក្រោយបាតុកម្មអហិង្សា ទូទាំងប្រទេសនឹងកើតមាន ដោយជៀសមិនរួចឡើយ បើគ្មានការដោះស្រាយភាពមិន ប្រក្រតី ដោយយុត្តិធម៌និងតម្លាភាពទេនោះ។ ទាក់ទងនឹងមហាបាតុកម្មអហិង្សានេះ អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា បើសិនជាមានបាតុកម្មកើតមានមែននោះ តើបាតុកម្មនេះធ្វើឡើងក្នុងគោលបំណងបែបណា ហើយមានការទទួលខុសត្រូវកម្រិតណាដែរ?
លោក សុខ ទូច បានបន្តថា កម្ពុជារស់បានដោយសារម្ចាស់ជំនួយ ហើយបើមានបាតុកម្ម នឹងនាំឲ្យប្រព័ន្ធគ្រប់គ្រង ជាប់គាំងទាំងអស់ នោះហើយជាបញ្ហា។ យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ អាចជ្រើសយកវិធីធ្វើបាតុកម្ម ហើយអាចធ្វើបានជោគជ័យ បើសិនជាមានការគាំទ្រពីសំណាក់ ប្រជាពលរដ្ឋទូទាំងប្រទេសមែននោះ តែបើរាស្ត្រមិនគាំទ្រទេ បាតុកម្មក៏មិនមានន័យអ្វីដែរ។
តាមរយះការជួបជុំ សំណេះសំណាល ជាមួយម្ចាស់ឆ្នោត កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ដែលមានមនុស្សជាង មួយម៉ឺននាក់ចូលរួម គេអាចវាយតម្លៃបានថា មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងមានប្រជាពលរដ្ឋចូលរួមលើសពីការរំពឹងទុក។ លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា ប្រសិនបើមានមហាបាតុកម្ម នៅទូទាំងប្រទេស អ្វីៗនឹងជាប់គាំង៕
ប្រភពឯកសារដើម៖ សារព័ត៌មានវត្តភ្នំ
បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: