ក្រោយពេលមកដល់ភ្នំពេញ តើសម រង្ស៊ី នឹងធ្វើអ្វីទៀត?
បញ្ចូលព័ត៌មានដោយ៖Unknown
on Friday, August 16, 2013
0
ភ្នំពេញ ៖ ប្រសិនបើគ្មានការផ្លាស់ប្តូរណាមួយទេ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលមិនមានឈ្មោះជាបេក្ខជនតំណាងរាស្ត្រនឹងត្រូវមកដល់ភ្នំពេញនៅថ្ងៃទី១៦ ខែសីហា។ តាមពិតលោក សម រង្ស៊ី ត្រូវមកដល់តាំងពីថ្ងៃម្សិលមិញ ប៉ុន្តែការផ្លាស់ប្តូរពេលវេលាបែបនេះមិនមានព័ត៌មានណា មួយបញ្ជាក់អំពីមូលហេតុនោះទេ។
លោក សម រង្ស៊ី បានអវត្តមានពីក្នុងប្រទេសតាំងពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ ដើម្បីទៅ កាន់សហរដ្ឋអាមេរិកចូលរួមអាពាហ៍ពិពាហ៍កូនស្រីរបស់គាត់។ ប៉ុន្តែពេលស្នាក់នៅអាមេរិកលោក សម រង្ស៊ី នៅតែឆ្លៀតធ្វើនយោបាយតាមរយៈបណ្តាញហ្វេសប៊ុករបស់គាត់ដោយអំពាវនាវឲ្យកង កំលាំងប្រដាប់អាវុធប្រមូលផ្តុំគ្នាក្រោកឡើងធ្វើការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ស្របពេល ដែលលោក កឹម សុខា អនុ ប្រធានគណបក្សសង្គ្រោះជាតិ និង សមាជិកជាន់ខ្ពស់របស់គណបក្ស នេះកំពុងតែសម្របសម្រួលបញ្ហាដើម្បីធ្វើឲ្យស្ថានការណ៍នយោបាយធូរស្រាល។ គេសង្ស័យថាលោក សម រង្ស៊ី ដែលនៅឯក្រៅប្រទេស និង ក្រុមលោក កឹម សុខា ដែលនៅក្នុងប្រទេសកំពុងដើរលើផ្លូវនយោបាយមួយប្រកាន់តឹង មួយទៀតប្រកាន់ធូរកំពុងតែអនុវត្តយុទ្ធវិធីស្ទាបស្ទង់សាធារណៈមតិដើម្បីចង់ដឹងថា តើគំនិតបង្កើតឲ្យមានមហាបាតុកម្មអាចឲ្យមានការគាំទ្រឬទេ? បើមានការគាំទ្រនោះ គេនឹងចាត់វិធានការតាមគំនិតរបស់សម រង្ស៊ី។ ប៉ុន្តែបើមហាបាតុកម្មនេះមិនអាចធ្វើទៅរួចទេ ព្រោះគ្មានអ្នកគាំទ្រនោះគេនឹងងាកមកធ្វើតាមគំនិតរបស់លោក កឹម សុខា វិញ។ នេះបានន័យថា ក្រុមតែមួយនេះកំពុងដើរម្ខាងត្រើយស្ទឹងម្នាក់។
ទោះជាយ៉ាងណាក៏ដោយគំរោងធ្វើមហាបាតុកម្មរបស់លោក សម រង្ស៊ី មិនអាចទៅរួចទេ។ អ្នកវិភាគនយោបាយម្នាក់បាននិយាយថា អ្នកគាំទ្រគំនិតលោកសម រង្ស៊ី មានតិចណាស់ក្នុង ចំណោមសមាជិកគណៈ អចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ ជាពិសេសគឺបេក្ខជនជាប់ឆ្នោតតំណាង រាស្ត្រថ្មីៗដែលមិនចង់ធ្វើរឿងនេះជាដាច់ខាត។ ក្នុងចំណោមបេក្ខជនជាប់ឆ្នោតរបស់គណបក្ស សង្គ្រោះជាតិត្រូវបានបែបចែកជា៣ក្រុមគឺ ក្រុមលោកសម រង្ស៊ី ដែលជាអតីតមកពីគណបក្ស សម រង្ស៊ី, ក្រុមលោក កឹម សុខា ដែលមកពីអតីតគណបក្សសិទ្ធិមនុស្ស និង ក្រុមចុងក្រោយគឺក្រុមមនុស្ស ស្រករក្រោយមកចូលក្នុងគណបក្សសង្គ្រោះជាតិ ជាអ្នកដែលមិនធ្លាប់បានចូលប្រឡូកនយោបាយ ពីមុនមក និង ចំណាយលុយអស់យ៉ាងសន្ធឹកសន្ធាប់ដើម្បីបានឈរឈ្មោះលំដាប់លេខរៀងខាងលើ ៗគេនៅក្នុងបញ្ជីបេក្ខជនឈរឈ្មោះ។ ក្រុមចុងក្រោយនេះមិនគាំទ្រដាច់ខាតការធ្វើបាតុកម្មប្រឆាំង លទ្ធផលនៃការបោះឆ្នោត ព្រោះគេអាចខាតបង់ព្រោះបើបាតុកម្មក្លាយជាហិង្សាចលាចល ពួកគេអាចនឹងមិនបានធ្វើតំណាងរាស្ត្រ ហើយលុយកាក់រាប់សែនដុល្លារដែលគេចាយទៅនោះនឹងក្លាយទៅជាអសារឥតការ។
ឯក្រុមបេក្ខជនតំណាងរាស្ត្រក្នុងអតីតគណបក្សសម រង្ស៊ី និង អតីតគណបក្សសិទ្ធិមនុស្ស មួយចំនួនដែលមិនមែនជាជំពូកមនុស្សជ្រុលនិយមក៏មិនសប្បាយចិត្តនឹងការធ្វើបាតុកម្មបែបនេះ ដែរពីព្រោះថាអាសនៈដែលគេទទួលបានរហូតដល់ទៅ៥៥គឺអាចគ្រប់គ្រាន់ហើយ។ ហេតុដូច្នេះតើ សម រង្ស៊ី សង្ឃឹមទៅលើកំលាំងណាយកមកធ្វើបាតុកម្ម។ កំលាំងយុវជនឬ? នោះក៏មិនមែនដែរ បើ សម រង្ស៊ី ស្រមៃឃើញកំលាំងនេះមែននោះគឺគាត់ជាមនុស្សល្ងិតល្ងង់បំផុត។ ជាការពិតនៅក្នុងពេល យុទ្ធនាការឃោសនាបោះឆ្នោត និង នៅក្នុងពេលបោះឆ្នោត យុវជនទាំងនោះបានបង្ហាញកំលាំង យ៉ាងក្លៀវក្លាពិតប្រាកដមែន ពីព្រោះនេះជាលើកដំបូងក្នុងជីវិតរបស់ខ្លួនជាយុវវ័យដែលបានចូលរួម នៅក្នុងការបោះឆ្នោតបានន័យថា ពួកគេបានចូលរួមនៅក្នុងនយោបាយជាលើកដំបូងក្នុងជីវិតរបស់ ខ្លួន។ ប៉ុន្តែចាប់តាំងពីក្រោយថ្ងៃបោះ ឆ្នោតរហូតមកដល់បច្ចុប្បន្ន កំលាំងយុវជនទាំងអស់បានស្ថិត ក្នុងស្ថានភាពស្ងប់ស្ងាត់។ ភាគច្រើនបំផុតបានទៅបំពេញការងាររបស់គេវិញ។ ពួកគេក៏ពិតជាយល់ ហើយថា ការចូលរួមនៅក្នុងនយោបាយមិន មែនសំដៅដល់ការចូលរួមធ្វើបាតុកម្មដែលបង្កជា ចលាចលដល់សង្គមជាតិនោះទេ។ ពួកគេបានមើលឃើញពីការអភិវឌ្ឍន៍របស់សង្គមជាតិ ហេតុដូច្នេះពួកគេក៏មិនចង់ឃើញភាពវិនាសហិនហោចទៅវិញដែរ។
ទោះជាយ៉ាងណាក៏ដោយគ្រប់ៗគ្នាកំពុងតែរង់ចាំមើលថា នៅពេលដែលសម រង្ស៊ី មកដល់ថ្ងៃនេះតើថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើង? គេត្រូវដឹងថាបំណងពិតប្រាកដរបស់ សម រង្ស៊ី ក្នុងការតវ៉ាមិនមែនដើម្បីផលប្រយោជន៍របស់គណបក្សសង្គ្រោះជាតិទេ ប៉ុន្តែគឺដើម្បីផលប្រយោជន៍គាត់ គឺធ្វើយ៉ាងម៉េចឲ្យបានក្លាយជាសមាជិកសភា ព្រោះសព្វថ្ងៃសម រង្ស៊ី គ្រាន់តែជាប្រជាជនធម្មតា អត់មានសិទ្ធិបោះឆ្នោត និង អត់មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត។ ហេតុនេះគាត់ត្រូវតែដំឡើងសំលេងដើម្បីដាក់ការគាបសង្កត់ធ្វើយ៉ាងណាឲ្យគាត់បានក្លាយទៅជាតំណាងរាស្ត្រនាពេល ខាងមុខ។ តែរឿងនេះវាអាស្រ័យទៅលើច្បាប់តែប៉ុណ្ណោះ។ អ្នកដែលមានជំនឿចិត្តទៅលើគណបក្ស សង្គ្រោះជាតិមិនគួរធ្វើពលីកម្មដើម្បីផលប្រយោជន៍របស់ប្រជាជន និង ប្រទេសជាតិរបស់យើង ជាពិសេសគឺគិតអំពីខ្លួនយើងផ្ទាល់តែម្តង។ យើងក៏រង់ចាំមើលថាក្រៅពីអំពាវឲ្យប្រជាជនធ្វើបាតុកម្ម តើ សម រង្ស៊ី នឹងធ្វើអ្វីទៀត?៕
ប្រភពដើម៖ កាសែតកម្ពុជាថ្មី

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: