គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
បញ្ចូលព័ត៌មានដោយ៖Unknown
on Wednesday, November 13, 2013
0
ដោយមើលឃើញថា ការរីករាលដាលនៃអំពើអយុត្តិធម៌កាន់តែកើនឡើង ពាក់ព័ន្ធទៅនឹងការបែងចែកភោគផលធនធានធម្មជាតិដែលដូនតាបានបន្សល់ទុកមកបានធ្វើឲ្យជីវភាពរស់នៅរបស់មនុស្សមួយក្ដាប់តូចចេះតែធូរធារទៅៗ និងប្រជាពលរដ្ឋមួយចំនួនធំគ្មានឱកាសកែលម្អស្ថានភាពរស់នៅឲ្យបានប្រសើរសមជាប្រជាពលរដ្ឋក្នុងទឹកដីសុវណ្ណភូមិ៖
- ដោយមើលឃើញថា ភាពអយុត្តិធម៌ក្នុងប្រព័ន្ធតុលាការបណ្ដាលឲ្យមនុស្សល្អត្រូវទទួលរងនូវការចាញ់ក្ដីទាំងបំពាន និងច្បាស់ក្រឡែតដោយអំណាចទឹកប្រាក់របស់អ្នកមានទ្រព្យសម្បត្តិនិងអ្នកមានអំណាច
- ដោយមើលឃើញថា មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលមានតួនាទីនៅក្នុងរដ្ឋាភិបាលបានក្លាយជាឧបករណ៍បម្រើគណបក្សកាន់អំណាច ហើយរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យរដ្ឋាភិបាលអសមត្ថភាព និងអប្រសិទ្ធភាព ក្នុងការបម្រើប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស
- ដោយមើលឃើញថាសីលធម៌សង្គមបានធ្លាក់ចុះយ៉ាងគំហុកជាពិសេសពាក់ព័ន្ធទៅនឹងសុចរិតភាពនៃទង្វើរបស់ប្រជាពលរដ្ឋនិងការទទួលខុសត្រូវរបស់ខ្លួនក្នុងក្របខ័ណ្ឌបុគ្គលជាសមាជិកគ្រួសារនិងជាប្រជាពលរដ្ឋរបស់ប្រទេសជាតិ
- ដោយមើលឃើញថា កម្ពុជាកំពុងតែស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងពិតប្រាកដនៃការបាត់ទឹកដីនិងជាតិសាសន៍ពីសំណាក់ប្រទេសជិតខាង
- ដោយយល់ឃើញថា បញ្ហាទាំងអស់ដូចបានរៀបរាប់ខាងលើនេះកើតចេញពីប្រព័ន្ធនៃការគ្រប់គ្រងប្រទេសដោយអំណាចប្រមូលផ្ដុំទៅលើបុគ្គលតែម្នាក់ ឬមួយក្រុមតូច ធ្វើឱ្យស្ថាប័នជាតិអសមត្ថភាព និងអប្រសិទ្ធភាព
- ដោយយល់ឃើញថា ការដឹកនាំតាមប្រព័ន្ធអំណាចប្រមូលផ្ដុំ នឹងនៅតែបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ដោយសារតែភាពអសកម្មរបស់ប្រជាពលរដ្ឋភាគច្រើនក្នុងការមិនចូលរួមក្នុងចលនានយោបាយ និងមួយចំនួនទៀតចូលរួមដោយគ្មានការយល់ដឹង
- ដោយយល់ឃើញថាមានតែការផ្លាស់ប្ដូរផ្នត់គំនិត និងការផ្លាស់ប្ដូរប្រព័ន្ធដឹកនាំរដ្ឋបែបការពង្រាយអំណាចទេទើបអាចដោះស្រាយបញ្ហាទាំងអស់ខាងលើបាន
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យត្រូវបានទទួលស្គាល់ដោយសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃលេខ ៧៩១ប្រ.ក ចុះថ្ងៃទី២៦ខែ មិថុនា ឆ្នាំ២០០៦ ហើយមានគោលដៅ និងសកម្មភាពនយោបាយដូចខាងក្រោម។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យកំណត់យកអត្តសញ្ញាណចំនួនបួនគឺ៖
១. គោលដៅ
«មាតុភូមិមួយដែលពលរដ្ឋរស់នៅដោយស្មើភាពគ្នាជាម្ចាស់» ដែលនឹងត្រូវសម្រេចតាមរយៈ (១)«ការផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋលើគោលធំៗបី» នៅដំណាក់កាលដំបូង និង(២)«ការប្រែក្លាយយន្តការប្រាំបីចំណុចឲ្យទៅជាច្បាប់» នៅដំណាក់កាលបន្ទាប់។
២. ចំណុចចាប់ផ្ដើម
ដើម្បីឈានទៅសម្រេចគោលដៅនៃការកសាង «មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់» គ.ស.ប ចាប់ផ្ដើមសកម្មភាពនយោបាយរបស់ខ្លួនដោយការពន្យល់ប្រជាពលរដ្ឋអំពីគោលធំៗបី (ក)ប្រជាធិបតេយ្យ កិច្ចប្រតិបត្តិព្រះធម៌ និងសីលធម៌សង្គម និង(ខ)របៀបនៃការផ្លាស់ប្ដូរប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋដោយអំណាចប្រមូលផ្ដុំ មកជាការគ្រប់គ្រងរដ្ឋដោយប្រព័ន្ធពង្រាយអំណាច តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិតាមរយៈការប្រែក្លាយយន្តការប្រាំបីចំណុចឲ្យទៅជាច្បាប់។
ក. ការពន្យល់ប្រជាពលរដ្ឋឲ្យផ្លាស់ប្ដូរផ្នត់គំនិតលើគោលធំៗបី
ការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋលើគោលធំៗបី ប្រជាធិបតេយ្យ កិច្ចប្រតិបត្តិព្រះធម៌ និងសីលធម៌សង្គមគឺជាបេសកកម្មអចិន្ត្រៃយ៍របស់ គ.ស.ប សម្រាប់ជំរុញប្រជាពលរដ្ឋខ្មែរឱ្យក្លាយជាប្រជាពលរដ្ឋសកម្ម និងទទួលខុសត្រូវចំពោះកិច្ចការប្រទេសជាតិជាប់ជាប្រចាំ ដូចជាប្រជាពលរដ្ឋនៅក្នុងអារ្យប្រទេស។
ក.១. ការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋអំពីប្រជាធិបតេយ្យ
អ្នកនយោបាយបានបោកប្រាស់ប្រជាពលរដ្ឋខ្មែរឲ្យវង្វេង បាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិតជាច្រើនជំនាន់មកហើយដើម្បីឲ្យខ្លួនបានឡើងកាន់អំណាចក្រោមលេសប្រជាធិបតេយ្យដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋយល់ឃើញថា ការធ្វើនយោបាយគឺជាមុខរបររបស់មនុស្សមួយក្រុមផ្សេងទៀត។ គ.ស.ប ពន្យល់ប្រជាពលរដ្ឋឲ្យយល់ថា នយោបាយគឺជាកិច្ចការរបស់មនុស្សគ្រប់រូប ហើយជាកិច្ចការត្រូវអនុវត្តជាប់ជាប្រចាំក្នុងនាមជាប្រជាពលរដ្ឋម្ចាស់ប្រទេសដើម្បីជ្រើសរើសបានអ្នកនយោបាយដែលមានមនោសុចរិតជួយសង្គ្រោះមនុស្សទូទៅឲ្យរួចផុតពីស្ថានភាពអាក្រក់ និង/ឬពីការគ្រប់គ្រងប្រទេសដោយអំណាចប្រមូលផ្ដុំ។
គ.ស.ប ពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងជាទូទៅថា លុះណាតែប្រជាពលរដ្ឋមានសម្មាទិដ្ឋិថា ខ្លួនត្រូវមានចំណេះដឹងច្បាស់លាស់លើ (១)និយមន័យប្រជាធិបតេយ្យ (២)ធាតុផ្សំចាំបាច់នៃសង្គមប្រជាធិបតេយ្យ (៣)ដំណើរការប្រជាធិបតេយ្យ និងជាពិសេស (៤)កាតព្វកិច្ចចូលរួមមិនអាចខ្វះបានរបស់ពួកគាត់ក្នុងការបង្កើតសង្គមប្រជាធិបតេយ្យឲ្យស្របតាមគតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកAbraham Lincoln (កំឡុងឆ្នាំ១៨៦១-១៨៦៥) ដែលថា «រដ្ឋាភិបាលប្រជាធិបតេយ្យ គឺជារដ្ឋាភិបាលដែលបង្កើតឡើងដោយប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋនិងដើម្បីបម្រើប្រជាពលរដ្ឋ» ទើបសង្គមប្រជាធិបតេយ្យអាចនឹងកើតឡើងនៅក្នុងមាតុភូមិរបស់យើង និងជាពលករសម្រាប់ជំរុញឲ្យមានការអភិវឌ្ឍប្រទេសតាមការចង់បានរបស់ប្រជាពលរដ្ឋភាគច្រើននៅក្នុងសង្គម។
ដើម្បីឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរផ្នត់គំនិតអំពីប្រជាធិបតេយ្យ គ.ស.ប
- ពន្យល់ប្រជាពលរដ្ឋអំពី (១)សង្គមប្រជាធិបតេយ្យ (២)របៀបបង្កើតសង្គមប្រជាធិបតេយ្យ និង (៣)ផលសង្គមប្រជាធិបតេយ្យ
- ពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹង (១)អំពីសិទ្ធិរបស់គាត់ក្នុងនាមជាម្ចាស់ប្រទេស (២)ករណីយកិច្ចក្នុងភាពជាម្ចាស់ក្នុងការចូលរួមកសាងប្រទេស និង(៣)អំណាចដែលខ្លួនត្រូវមានដើម្បីអនុវត្តសិទ្ធិ
- ពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពី (១)គោលដៅ (២)ចំណុចចាប់ផ្ដើម (៣)ឥរិយាបថនយោបាយ និង(៤)ធនធានមនុស្សនៃការធ្វើនយោបាយរបស់គ.ស.បដើម្បីបង្កើតសង្គមប្រជាធិបតេយ្យ
- ពន្យល់ប្រជាពលរដ្ឋឲ្យចូលរួមជាមួយ គ.ស.ប ដើម្បីបញ្ចប់ការធ្វើនយោបាយ (១)ដោយការដើរតាម (២)ដោយការស្រលាញ់ និង(៣)ដោយការដឹងគុណមកជាការធ្វើនយោបាយដោយការរួមគិតរួមធ្វើរួមទទួលខុសត្រូវ ស្របតាមបាវចនារបស់ គ.ស.ប
- ពន្យល់ប្រជាពលរដ្ឋអំពីវិធានការដើម្បីបំបែកអំណាចប្រមូលផ្ដុំ ដែលជាប្រភពនៃបញ្ហាសព្វបែបយ៉ាងនៅកម្ពុជាគឺ«យន្តការប្រាំបីចំណុច» ដែលមានខ្លឹមសារសង្ខេបនៅផ្នែកខាងក្រោម
ប្រជាធិបតេយ្យគឺជាអំណោយដ៏ពិសិដ្ឋសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ប៉ុន្តែដើម្បីទាញយកប្រយោជន៍ពីប្រជាធិបតេយ្យប្រជាពលរដ្ឋត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួនពីការទន្ទឹងរង់ចាំប្រជាធិបតេយ្យពីមេដឹកនាំ មកជាការចូលរួមយ៉ាងសកម្មដោយការយល់ដឹង ភ្លឺស្វាង និងការទទួលខុសត្រូវជាប្រចាំក្នុងសកម្មភាពនយោបាយក្នុងប្រទេសជាតិ ជាពិសេសការចូលរួមបំបែកអំណាចរដ្ឋតាមរយៈការដាក់ឱ្យអនុវត្តនូវច្បាប់ដែលបង្កើតចេញពីយន្តការប្រាំបីចំណុចរបស់ គ.ស.ប។
ក.២. ការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋអំពីកិច្ចបដិបត្តិព្រះធម៌
ព្រះធម៌គឺជាមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធប៉ុន្តែការបដិបត្តិព្រះធម៌ត្រឹមតែជាសាសនាឬជំនឿតាមរយៈពាក្យ «បុណ្យ» ឬ «ធ្វើបុណ្យ»ដូចសព្វថ្ងៃនេះ កំពុងតែនាំប្រជាពលរដ្ឋខ្មែរឲ្យលិចលឹបលក់និងលង់ក្នុងការបដិបត្តិដែលរកប្រយោជន៍មិនបាននោះទេ។ អ្វីដែលធម្មកថិកផ្សព្វផ្សាយតាមរោងបុណ្យឬរលកធាតុអាកាស ដើម្បីនាំប្រជាពលរដ្ឋឲ្យធ្វើបុណ្យរាល់ថ្ងៃនេះមិនមែនជាការបង្រៀននិងបដិបត្តិព្រះធម៌ដែលស្របតាមខ្លឹមសារបង្រៀនរបស់ព្រះអង្គនោះទេ។ ធម្មកថិកភាគច្រើនសូត្រតាមគម្ពីរដែលមានលក្ខណៈត្រឹមតែជាជំនឿសាសនាដែលពុទ្ធបរិស័ទគោរពបូជាក្នុងពិធីបុណ្យនានាដើម្បីតែលាភសក្ការផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ដោយសារតែការបដិបត្តិព្រះធម៌ត្រឹមតែជាជំនឿសាសនាអារ្យធម៌រុងរឿងរបស់ខ្មែរបានធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់មានការប្រល័យពូជសាសន៍អស់ជិតពីរលាននាក់ទៀតផងហើយទង្វើអសីលធម៌និងគំនិតអាត្មានិយមនេះកំពុងតែរីកដុះដាលក្នុងចំណោមប្រជាពលរដ្ឋខ្មែរគួរឲ្យព្រួយបារម្ភ។
មេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធមានច្រើនអនេកប៉ុន្តែព្រះអង្គបានបង្រៀនមនុស្សលោកតែមួយចំនួនតូចតែប៉ុណ្ណោះដែលមានប្រយោជន៍សម្រាប់ពួកគាត់បដិបត្តិរកសាមញ្ញសុខនៅក្នុងជីវិតបច្ចុប្បន្ន។ គ.ស.បជ្រើសរើសមេរៀនត្រាស់ដឹងដែលព្រះពុទ្ធបានបង្រៀនតែមួយចំនួនតូចណា ដែលយើងយល់ថាមានសារប្រយោជន៍ធ្វើជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់សកម្មភាពពន្យល់ប្រជាពលរដ្ឋឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិតអំពីជីវិត និងការគិតតែប្រយោជន៍បុគ្គលមកជាការគិតប្រយោជន៍រួមដើម្បីឲ្យមានការចូលរួម ដោយទឹកចិត្តក្នុងសកម្មភាពនយោបាយ ឈានទៅបង្កើតសង្គមប្រជាធិបតេយ្យ។
ដើម្បីឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរផ្នត់គំនិតលើការបដិបត្តិព្រះធម៌ គ.ស.ប
- ពន្យល់ប្រជាពលរដ្ឋឲ្យបញ្ចប់ការចាត់ទុកព្រះធម៌ជាជំនឿសាសនាសម្រាប់ការសម្បូងសង្រូងសុំសេចក្ដីសុខសម្រាប់ជាតិក្រោយ
- ពន្យល់ប្រជាពលរដ្ឋឲ្យដឹងពីភាពខុសគ្នារវាងព្រះធម៌ សាសនា ជំនឿ ទំនៀមទម្លាប់ ដើម្បីឲ្យប្រជាពលរដ្ឋមានបុព្វហេតុច្បាស់លាស់សម្រាប់ប្រព្រឹត្តទង្វើបុណ្យ
- ពន្យល់ប្រជាពលរដ្ឋឲ្យមានមូលដ្ឋានពិចារណាថាទង្វើណាជាទង្វើបុណ្យ និងទង្វើណាជាទង្វើបាប ហើយហ៊ានក្រោកឡើងកម្ចាត់អំពើអាក្រក់ដែលបានពួនសម្ងំបំផ្លាញព្រះធម៌ជាយូរមកហើយ
- ពន្យល់ប្រជាពលរដ្ឋឱ្យយល់អំពីរបៀបនៃការទាញយក់ផលប្រយោជន៍ពីកិច្ចបដិបត្តិព្រះធម៌ ដើម្បីធ្វើជាពលរដ្ឋល្អទាំងនៅក្នុងគ្រួសារ សហគមន៍ និងប្រទេសជាតិ
ព្រះធម៌គឺជាអំណោយដ៏ពិសិដ្ឋសម្រាប់អភិវឌ្ឍប្រទេសជាតិ ប៉ុន្តែដើម្បីទាញយកប្រយោជន៍ពីព្រះធម៌ ប្រជាពលរដ្ឋត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួន ពីការបដិបត្តិបែបជំនឿដើម្បីជាតិក្រោយ មកជាការសិក្សាស្វែងយល់រកហេតុផលសម្រាប់ជីវិតរស់នៅក្នុងពេលបច្ចុប្បន្ន។ ផ្អែកលើស្ថានភាពបច្ចុប្បន្នរបស់ប្រទេសជាតិ គ.ស.ប យល់ឃើញថាគ្មានទង្វើណាដែលធ្វើឲ្យចម្រើន «បុណ្យ» បានច្រើនជាងទង្វើជួយស្រោចស្រង់ជាតិដោយដួងចិត្តសង្គ្រោះប្រាស់ចាកភាពអាត្មានិយមនោះទេ។
ក.៣. ការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋអំពីសីលធម៌សង្គម
អសីលធម៌វិជ្ជាជីវៈ ឬកង្វះក្រមសីលធម៌វិជ្ជាជីវៈគឺជាទង្វើដែលប្រព្រឹត្តដោយប្រជាពលរដ្ឋទូទៅដែលផ្ដល់សេវាឲ្យប្រជាពលរដ្ឋផ្សេងទៀត មិនថាសេវានោះជាសេវាកំប៉ិកកំប៉ុក ដូចជាកសិករដាំដំណាំ មន្ត្រីរាជការគ្រប់លំដាប់ និងគ្រប់វិស័យ មិនថាគ្រូបង្រៀន វេជ្ជបណ្ឌិត នគរបាល មន្ត្រីតុលាការ ភ្នាក់ងារពន្ធដារ មន្ត្រីអន្តោប្រវេសន៍។ល។ ឬបញ្ហាធំដុំដូចជាការឃុបឃិតក្នុងចំណោមអ្នកមានអំណាចខ្លះក្នុងការបំផ្លាញសម្បត្តិវប្បធម៌ជាតិខ្មែរ ឬបំផ្លាញជាតិសាសន៍ខ្មែរ។ ដោយសារកង្វះក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវនិងការអនុវត្តច្បាប់ធូររលុង ប្រជាពលរដ្ឋភាគច្រើន សុទ្ធតែបានចូលរួមបំផ្លិចបំផ្លាញជាតិខ្មែរ និងពូជសាសន៍ខ្មែរម្នាក់បន្តិចៗ តាមគ្រប់រូបភាព និងស្ថានភាពរៀងៗខ្លួន ដោយដឹងខ្លួន ឬដោយមិនដឹងខ្លួន។
នៅពេលការអនុវត្តច្បាប់មានលក្ខណៈធូររលុង និងគ្មានការដាក់ពិន័យឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ចំពោះការរំលោភបំពានច្បាប់ជាពិសេសដោយមន្ត្រីរាជការគ្រប់លំដាប់ និងគ្រប់វិស័យដូចបច្ចុប្បន្ននេះការពន្យល់ប្រជាពលរដ្ឋឲ្យស្គាល់ថាអ្វីជាអំពើល្អដែលខ្លួនគួរមានចំពោះខ្លួនឯង ចំពោះគ្រួសារ និងចំពោះសង្គមគឺជាការចាំបាច់និងដើម្បីឲ្យពួកគាត់មានបុព្វហេតុច្បាស់លាស់ដើម្បីរស់នៅឲ្យបានជាប្រយោជន៍សម្រាប់ខ្លួនឯងផង និងសម្រាប់សង្គមផង។ ការពង្រឹងសីលធម៌ឲ្យប្រជាពលរដ្ឋខ្មែរម្នាក់ៗប្រកាន់ និងបដិបត្តិជាប់ជានិច្ចនូវធម៌ពីរ របស់ព្រះសម្មាសម្ពុទ្ធ គឺការវៀរចាកនូវការប្រព្រឹត្តិអំពើអាក្រក់ និងការប្រព្រឹត្តតែអំពើល្អ គឺជាធម៌យ៉ាងមានប្រសិទ្ធភាពសម្រាប់ការបំពេញការងារប្រកបដោយ សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ។
ដើម្បីឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរផ្នត់គំនិតលើសីលធម៌សង្គម គ.ស.ប
- ពន្យល់ប្រជាពលរដ្ឋឲ្យស្គាល់តម្លៃពិតនៃជីវិត បុព្វហេតុនៃជីវិត និងការលះបង់ជីវិតដើម្បីបុព្វហេតុមាតុភូមិ និងពូជសាសន៍ខ្មែរ ដោយប្រាស់ចាកភាពអាត្មានិយម
- ពន្យល់ប្រជាពលរដ្ឋឲ្យមានសាមគ្គីភាពគ្នារវាងពលរដ្ឋ និងពលរដ្ឋ ដោយឈរលើផលប្រយោជន៍រួម និងមនោសុចរិតនៃការជួយគ្នាទៅវិញទៅមក
- ពន្យល់ប្រជាពលរដ្ឋអំពីកាតព្វកិច្ចរបស់ពួកគាត់ ក្នុងភាពជាសមាជិកគ្រួសារ សហគមន៍ និងសង្គម ដើម្បីឲ្យពួកគាត់រួមគ្នាដេញកម្ចាត់ភាពអសកម្មរបស់ពលរដ្ឋផ្សេងទៀតនៅក្នុងសង្គម
- ពន្យល់ប្រជាពលរដ្ឋឱ្យចេះកត់សម្គាល់នូវភាពខុសគ្នារវាងទង្វើបោកប្រាស់ និងទង្វើជួយសង្គ្រោះ ជាពិសេសទង្វើរបស់អ្នកនយោបាយ
ខ.ការពន្យល់ប្រជាពលរដ្ឋអំពីយន្តការប្រាំបីចំណុច
គោលនយោបាយគន្លឹះ និងជាបេសកកម្មជាអចិន្ត្រៃយ៍របស់ គ.ស.ប សម្រាប់បំបែកការដឹកនាំរដ្ឋពីប្រព័ន្ធអំណាចប្រមូលផ្តុំដូចរដ្ឋាភិបាលបច្ចុប្បន្នមកជាការដឹកនាំដោយប្រព័ន្ធពង្រាយអំណាច គឺយន្តការប្រាំបីចំណុចដែលមានខ្លឹមសារដូចខាងក្រោម៖
ខ.១.ត្រូវកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិ
វិធានការនេះគឺដើម្បីជៀសវាងកុំឲ្យនាយករដ្ឋមន្ត្រីមានឱកាសបង្កើតបណ្ដាញខ្សែរយៈគ្រួសារបក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋហើយសំដៅទៅពង្រឹងអំណាចរហូតដល់បង្កើតរបបផ្ដាច់ការបក្សពួកក្រុមគ្រួសារនិយមបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ។
ខ.២.នាយករដ្ឋមន្ត្រីមិនត្រូវបានអនុញ្ញាតឲ្យបង្កើតក្រុមអង្គរក្សដោយខ្លួនឯង
ការបង្កើតក្រុមអង្គរក្សដោយខ្លួនឯងគឺស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយដែលអ្នកគ្រប់គ្រងអាចមានលទ្ធភាពបម្រើមហិច្ឆតាគាបសង្កត់ឬគំរាមកំហែងប្រជាពលរដ្ឋដើម្បីបន្តក្រាញក្នុងអំណាចរបស់ខ្លួន។
ខ.៣.នាយករដ្ឋមន្ត្រីត្រូវរស់នៅក្នុងនិវេសនដ្ឋានដែលផ្ដល់ដោយរដ្ឋ
វិធានការនេះជួយការពារសន្តិសុខ និងទំនុកបម្រុងជីវភាពគ្រួសារនាយករដ្ឋមន្ត្រីប្រកបដោយសុខុមាលភាព និងសេចក្ដីថ្លៃថ្នូរបង្កលក្ខណៈងាយស្រួលឲ្យនាយករដ្ឋមន្ត្រីបំពេញការងារដើម្បីបម្រើប្រទេសជាតិដោយការទទួលខុសត្រូវខ្ពស់។ វិធានការនេះក៏ទប់ស្កាត់នាយករដ្ឋមន្ត្រីកុំឲ្យគាត់អាចរៀបចំគេហដ្ឋានឲ្យក្លាយជាបន្ទាយទាហានដើម្បីការពារគាត់ និងក្រុមគ្រួសាររបស់គាត់។
ខ.៤.បង្កើតតុលាការរដ្ឋបាល
វិធានការនេះគឺសម្រាប់បង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋប្ដឹងចំពោះទង្វើមិនសមស្របឬទង្វើរំលោភបំពានរបស់មន្ត្រីរាជការក្នុងការបំពេញការងារឬអាចឲ្យប្រជាពលរដ្ឋប្ដឹងទៅស្ថាប័ននេះឲ្យពិនិត្យលើភាពមិនប្រក្រតីនៃលិខិតស្នាមឬសេចក្ដីសម្រេចផ្សេងៗដែលចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់លំដាប់។
ខ.៥.ឋានន្តរសក្ដិចាប់ពីឧត្ដមសេនីយ៍យោធា និងនគរបាលត្រូវសុំសេចក្ដីទុកចិត្តពីសភា
វិធានការនេះគឺសម្រាប់ឲ្យសភាដែលជាតំណាងរបស់ប្រជាពលរដ្ឋអាចមានឥទ្ធិពលទៅលើនាយទាហាននិងនាយនគរបាលជាន់ខ្ពស់ដែលជាអ្នកបញ្ជាលើកងកម្លាំងប្រដាប់អាវុធដែលមានភារកិច្ចរក្សាបូរណភាពទឹកដីសន្តិសុខនិងស្ថិរភាពសង្គមហើយក៏អាចជួយទប់ស្កាត់មិនឲ្យមានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធជាឧបករណ៍ផ្ដាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
ខ.៦.អព្យាក្រឹតមន្ត្រីរាជការ
វិធានការនេះគឺសម្រាប់ធានាការចាត់តាំងបែងចែកការងារដល់មន្ត្រីរាជការឲ្យចំជំនាញសមស្របតាមសមត្ថភាពនិងផ្ដល់នូវសេចក្ដីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងាររបស់រដ្ឋនិងចៀសវាងកុំឲ្យមានការប្រើប្រាស់មន្ត្រីរាជការគ្រប់លំដាប់ជាឧបករណ៍ឃោសនានិងបម្រើផលប្រយោជន៍របស់គណបក្សកាន់អំណាច។
ខ.៧.ប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់ជ្រើសរើសរឺទម្លាក់តំណាងឃុំ-សង្កាត់/ក្រុង-ស្រុក-ខណ្ឌ/ ខេត្ត-រាជធានី
វិធានការនេះធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ទទួលខុសត្រូវផ្ទាល់ និងចំពោះមុខប្រជាពលរដ្ឋដែលជាម្ចាស់អំណាចហើយក៏ជួយកាត់ផ្ដាច់ខ្សែរយៈបក្សពួកពីថ្នាក់ជាតិដល់មូលដ្ឋានដែលជាចំណុចផ្ដើមនៃការបង្កើតបណ្ដាញនៃអំណាចផ្ដាច់ការ។
ខ.៨.ប្រើប្រព័ន្ធឯកត្តនាម(ប្រព័ន្ធបោះឆ្នោតចំមុខ)សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ
វិធានការនេះគឺកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើតំណាងរាស្ត្រ ពីព្រោះប្រព័ន្ធនេះផ្ដល់អំណាចឲ្យប្រជាពលរដ្ឋរើសតំណាងរាស្ត្រ មិនមែនរើសដោយមេបក្សទេ។ ឥទ្ធិពលមេបក្សដែលរើសតំណាងរាស្ត្រអាចធ្វើឲ្យតំណាងរាស្ត្របាត់ឯករាជ្យភាពខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួនជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ ប្រព័ន្ធនេះនឹងជួយឲ្យតំណាងរាស្ត្រមានឯករាជ្យភាពនិងសេរីភាពគ្រប់គ្រាន់ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់ធ្វើឲ្យពួកគាត់អាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបម្រើផលប្រយោជន៍ជាតិនិងផលប្រយោជន៍ប្រជាពលរដ្ឋ។
៣. ឥរិយាបថនយោបាយ
ការធ្វើនយោបាយដោយន័យត្រឹមត្រូវ គឺជាការងាររបស់បុគ្គលដែលចង់បម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេស តាមទស្សនវិស័យនៃការដឹកនាំរដ្ឋរបស់ខ្លួន។ ដូច្នេះ អ្នកធ្វើនយោបាយត្រូវតែជាបុគ្គលដែលមានសុចរិតភាពជាបាតគ្រឹះ ឆ្លុះបញ្ចាំងទាំងអត្តចរិតនិងឧត្ដមគតិរបស់បុគ្គលនោះ។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រកាន់ខ្ជាប់ជានិច្ចទាំងទិសស្លោកដែលថា «ដាក់ខ្លួនឲ្យទាបឫកពាឲ្យសុភាព តែការងារឲ្យណាស់» និងទាំងមនោគមវិជ្ជាដែលថា «យើងបង្កើតបក្សនេះឡើងដើម្បីជាតិ និងមិនយកប្រយោជន៍ជាតិដើម្បីបក្សឡើយ»។
៤. ធនធានមនុស្ស
កម្លាំងស្នូលរបស់ គ.ស.ប ដើម្បីឈានទៅសម្រេចគោលដៅខាងលើ គឺជាអ្នកដែលយល់ដឹងអំពីតម្លៃពិតប្រាកដនៃជីវិត ហើយមានបេះដូងជាអ្នកជួយសង្គ្រោះអ្នកដទៃ ដោយប្រាស់ចាកភាពអាត្មានិយមផង និងយល់ដឹងអំពីប្រភពពិតប្រាកដនៃបញ្ហាសង្គមខ្មែរ មានទស្សនវិស័យភ្លឺស្វាង និងការអធិដ្ឋានខ្ពស់ដើម្បីប្រែក្លាយទស្សនវិស័យរបស់ខ្លួនទៅជាវិធានការប្រាកដនិយមដើម្បីដោះស្រាយបញ្ហាសង្គមផង។
សរុបសេចក្តីមកយុទ្ធសាស្ត្ររយៈពេលខ្លីរបស់ គ.ស.ប នឹងត្រូវបានសម្រេច បន្ទាប់ពីប្រជាពលរដ្ឋមានការផ្លាស់ប្ដូរផ្នត់គំនិតលើគោលធំៗទាំងបី និងរបៀបនៃការដឹកនាំរដ្ឋតាមប្រព័ន្ធពង្រាយអំណាច។ ជាលទ្ធផល ប្រជាពលរដ្ឋនឹងបោះឆ្នោតគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឱ្យមានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីឱ្យ គ.ស.ប មានលទ្ធភាពទៅសម្រេចយុទ្ធសាស្ត្ររយៈពេលមធ្យមរបស់ខ្លួន គឺ «ការបង្កើតច្បាប់ចេញពីយន្តការប្រាំបីចំណុច»ដើម្បីធ្វើឱ្យអំណាចរដ្ឋទាំងបីមានតុល្យភាពគ្នា (Checks and Balances)។
នៅពេលយន្តការប្រាំបីចំណុចត្រូវបានប្រែក្លាយទៅជាច្បាប់សម្រាប់គ្រប់គ្រងរដ្ឋ គោលដៅរួមរបស់ គ.ស.ប «មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់» នឹងត្រូវឈានទៅសម្រេចជាបណ្ដើរៗតាមរយៈប្រព័ន្ធគ្រប់គ្រងរដ្ឋមួយដែល៖
- ធានាឲ្យមានតុល្យភាពអំណាចទាំងបី គឺអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ
- ធានាឲ្យមានតុល្យភាពរវាងអំណាចរដ្ឋ និងអំណាចពលរដ្ឋ
- ជាយន្តការរំដោះតំណាងរាស្ត្រ (សមាជិករដ្ឋសភា) និងមន្ត្រីរាជការចេញពីក្រញាំមេបក្ស
- បង្កលក្ខណៈឲ្យពលរដ្ឋគ្រប់រូបមកពីគ្រប់និន្នាការនយោបាយ មានឱកាសចូលរួមបង្កើតសង្គមប្រជាធិបតេយ្យពិតប្រាកដ ដែលពលរដ្ឋរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់
- បញ្ចប់វប្បធម៌បែងចែកបក្សនយោបាយ នៅតាមស្ថាប័នរដ្ឋ និងនៅតាមមូលដ្ឋាន ក្នុងចំណោមប្រជាពលរដ្ឋ ឬមន្ត្រីរាជការ
- បញ្ចប់វប្បធម៌នៃការគិតថា នយោបាយគឺជាកិច្ចការចិញ្ចឹមជីវិតរបស់អ្នកនយោបាយ ឬរបស់អ្នកធំដែលកំពុងតែកាន់កាប់អំណាចរដ្ឋ
- ជាប្រព័ន្ធសម្រាប់សម្រិតសម្រាំងយកតែអ្នកមានបេះដូងសុចរិតចង់ជួយអ្នកដទៃ និងមានទស្សនវិស័យភ្លឺស្វាងសម្រាប់ការអភិវឌ្ឍជាតិឱ្យមកធ្វើជាអ្នកនយោបាយ
- ធានាឲ្យប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជីវិតដោយគ្មានការគាបសង្កត់ ដោយគ្មានអំពើពុករលួយដោយឱកាស(កាលានុវត្តភាព)ស្មើភាពគ្នា និងទទួលបានផលទៅតាមកម្លាំងកាយ កម្លាំងប្រាជ្ញា និងទុនវិនិយោគរៀងៗខ្លួន
- ធានាឲ្យមានសណ្ដាប់ធ្នាប់សង្គមនៅចំពោះមុខច្បាប់ ទាំងកិច្ចការងាររដ្ឋ និងកិច្ចការជំនួញធំតូចទាំងអស់
- ក្លាយជាមរតកគ្រប់គ្រងសង្គម ដែលផ្ដល់សេចក្ដីសុខ និងរីកចម្រើនដល់កូនខ្មែរលើគ្រប់វិស័យ គ្រប់ជំនាន់ទៅថ្ងៃមុខ
- ជាមធ្យោបាយទប់ស្កាត់មិនឲ្យកម្ពុជាក្លាយជាប្រទេសដែលរងការគំរាមកំហែងពីការបាត់បង់ទឹកដី ឬពូជសាសន៍ពីសំណាក់ប្រទេសជិតខាង
ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: