ព្រះមហាក្សត្រមិនព្រមពន្យារពេលកិច្ចប្រជុំសភាដំបូងតាមសំណើបក្សប្រឆាំងទេ
បញ្ចូលព័ត៌មានដោយ៖Unknown
on Wednesday, September 18, 2013
0
ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មិនបានយល់ព្រមតាមសំណើរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលសុំពន្យារពេលកិច្ចប្រជុំសភាដំបូងនោះទេ។ ការបដិសេធមិនព្រមពន្យារពេលកិច្ចប្រជុំនេះ បានធ្វើឡើងតាមរយៈព្រះរាជសារ នៅថ្ងៃពុធទី១៨កញ្ញានេះ ផ្ញើជូនអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង។ ព្រះអង្គនៅតែរក្សាជំហរគោរពតាមរដ្ឋធម្មនុញ្ញមាត្រា៨២ ដែលតម្រូវឲ្យព្រះមហាក្សត្រកោះប្រជុំសភាដំបូង ៦០ថ្ងៃយ៉ាងយូរក្រោយការបោះឆ្នោត។
ព្រះរាជសារនេះគឺជាការឆ្លើយតបទៅនឹងលិខិតរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានទូលថ្វាយព្រះអង្គអំពីបញ្ហាជុំវិញការបោះឆ្នោត និងបានសុំឲ្យព្រះអង្គពន្យារពេលការកោះប្រជុំសភាដំបូង។ ប៉ុន្តែ ដោយសម្អាងលើមាត្រា ៨២ នៃរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្របានបញ្ជាក់ថា ព្រះអង្គនឹងនៅតែរក្សាការកោះប្រជុំនេះ ព្រមទាំងចូលរួមធ្វើជាអធិបតីនៃកិច្ចប្រជុំនេះដដែល។
សូមបញ្ជាក់ថា មាត្រា ៨២ថ្មីនៃរដ្ឋធម្មនុញ្ញចែងថា រដ្ឋសភាបើកកិច្ចប្រជុំដំបូង ៦០ថ្ងៃយ៉ាងយូរក្រោយការបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។ ក្នុងន័យនេះ ព្រះអង្គក៏បានស្នើសុំជាថ្មីទៀតឲ្យអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភាដើម្បីបង្ហាញនូវការរួបរួម និងឯកភាពជាតិ។
កាលពីថ្ងៃទី១៤ កញ្ញា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រគល់លិខិតកោះអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៣ នាក់ ឲ្យទៅគណបក្សទាំងពីរ ក្នុងនោះមានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ៦៨ នាក់ និងគណបក្សសង្គ្រោះជាតិ ៥៥ នាក់។ ព្រះអង្គបានអំពាវនាវឲ្យតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ចូលរួមប្រជុំសភាដំបូងនេះផងដែរ។
ប៉ុន្តែ ភ្លាមៗក្រោយពីទទួលបានលិខិតកោះអញ្ជើញ គណបក្សសង្គ្រោះជាតិបានកោះប្រជុំអ្នកតំណាងរាស្ត្រជាប់ឆ្នោតរបស់ខ្លួន និងបានសម្រេចថា ពួកគេនឹងមិនចូលប្រជុំឡើយប្រសិនបើគ្មានដំណោះស្រាយនៃការបោះឆ្នោត។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក៏បានផ្ញើលិខិតថ្វាយព្រះមហាក្សត្រវិញនៅថ្ងៃដដែលនោះ ដោយសុំឲ្យព្រះអង្គពន្យារពេលកិច្ចប្រជុំនេះសិន។ ប៉ុន្តែ សំណើនេះមិនត្រូវបានព្រះមហាក្សត្រយល់ស្របទេ។
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានជូនដំណឹង នៅថ្ងៃអង្គារទី១៧កញ្ញា ថាកិច្ចប្រជុំសភាដំបូងនៅថ្ងៃទី២៣ កញ្ញា នឹងធ្វើឡើងក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ និងត្រូវផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងវិទ្យុជាតិទៀតផង៕
ប្រភពឯកសារដើម៖ វិទ្យុបារាំងអន្តរជាតិ
បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងចែកចាយ គឺជាការទទួលខុសត្រូវរបស់សាម៉ីជន... អរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: