អ្នកវិភាគ៖ ការចូលរួមរបស់ UN មិនប៉ះពាល់ដល់ការអនុវត្តច្បាប់របស់ គ.ជ.ប ឡើយ
បញ្ចូលព័ត៌មានដោយ៖Unknown
on Friday, August 9, 2013
0
មកដល់ពេលនេះ ការចរចាគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិក្រោមកិច្ចសម្របសម្រួលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីបង្កើតគណៈកម្មការចម្រុះដោះស្រាយភាពមិនប្រក្រតីជុំវិញការបោះឆ្នោតនោះ នៅមិនទាន់មានអ្វីវិវត្តន៍ទៅមុខនោះទេ។ គណបក្សសង្គ្រោះជាតិ បានបដិសេធក្នុងការចូលរួមដោយបានលើកឡើងថា គណៈកម្មការចម្រុះនេះ មានលក្ខណៈចង្អៀត ព្រោះគ្មានការចូលរួមពីអង្គការសង្គមស៊ីវិល អ្នកអង្កេតការណ៍ជាតិ អន្តរជាតិ និងអង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាល។
ជាការបញ្ជាក់តបនឹងការទាមទាររបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៥ ខែសីហា ម្សិលមិញនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងប្រាប់ក្រុមអ្នកកាសែតថា ការបង្កើតគណៈកម្មការចម្រុះត្រូវតែអនុលោមតាមយន្តការដែលមានស្រាប់របស់គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយថា ប្រសិនបើគណបក្សទាំងពីរ (ប្រជាជន និងសង្គ្រោះជាតិ) ងាកទៅបង្កើតយន្តការថ្មីនោះ វានឹងអាចធ្វើឲ្យជាតិមានភាពច្របូកច្របល់។
អ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជាវិញ ភាគច្រើនបានឲ្យតម្លៃទៅលើការជជែកចរចាគ្នារវាងខ្មែរ និងខ្មែរគ្នាឯង ប៉ុន្តែចំពោះការទាមទាររបស់ គណបក្សសង្គ្រោះជាតិដោយសុំឲ្យភាគីអន្តរជាតិពិសេស អង្គការសហប្រជាជាតិក្នុងគណៈកម្មការចម្រុះនោះ ក៏ក្រុមអ្នកវិភាគយល់ថា ពិតជាអាចធ្វើទៅបានប្រសិនបើគ្រប់ភាគីពិតជាចង់ធ្វើ ព្រោះវាមិនអាចបះពាល់ដល់ការអនុវត្តច្បាប់របស់គ.ជ.ប នោះទេ។
លោកមេធាវី សុក សំអឿន បានអះអាងប្រាប់គេហទំព័រថ្មីៗតាមទូរស័ព្ទថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិគឺពិតជាអាចធ្វើទៅបាន ព្រោះវាជាយន្តការសម្របសម្រួលមួយ ដែលមិនអាចបះពាល់អ្វីដល់នីតិរដ្ឋនៅកម្ពុជានោះទេ ហើយថា សម្រាប់ប្រទេសកម្ពុជា ការចូលខ្លួនរបស់ក្រុមអង្គការអន្តរជាតិធំៗដើម្បីជួយសម្របសម្រួលផ្នែកបច្ចកទេសនោះ វាជារឿងធម្មតាទៅហើយ។
បើតាមលោកមេធាវី ភាគីអន្តរជាតិដែលចូលរួមក្នុងគណៈកម្មការនោះ មិនចាំបាច់មានសិទ្ធិអំណាចក្នុងការបង្គាប់បញ្ជារអ្វីក៏បានដែរ ដោយគ្រាន់តែផ្ដល់សិទ្ធិឲ្យពួកគេតាមដាន ឃ្លាំមើល និងពិនិត្យការអនុវត្តកិច្ចការរបស់គណៈកម្មការចម្រុះ ដើម្បីឲ្យដឹងថា តើការសិក្សាលើភាពមិនប្រក្រតី និងការដោះស្រាយពបញ្ហាជុំវិញការបោះឆ្នោតនោះ ត្រូវបានគណៈកម្មការចម្រុះអនុវត្តបានកម្រិតណាតែប៉ុណ្ណោះ។
លោក សុក សំអឿន បានបញ្ជាក់បន្ថែមថា៖« ការបង្កើតគណៈកម្មការចម្រុះនាពេលនេះ វាក្លាយជារឿងដ៏លំបាកសម្រាប់គណបក្សសង្គ្រោះជាតិ ព្រោះអ្នកគាំទ្ររបស់គេ បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរមកលើមេដឹកនាំទាំងពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា។ អ្នកគាំទ្របក្សសង្គ្រោះជាតិគេ មិនពេញចិត្តឲ្យមេដឹកនាំរបស់គេធ្វើការសម្របសម្រួល ឬបន្ទន់ឯរិយាបទជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។ ដូច្នេះការដើរចេញពីតុចរចារបស់គណបក្សសង្គ្រោះជាតិ គឺមានហេតុផលលំបាកៗច្រើន»។
សម្រាប់ លោក កែម ឡី ការទាមទាររបស់គណបក្សសង្គ្រោះជាតិ ដោយស្នើឲ្យមានការចូលរួមពីអង្គការសហប្រជាជាតិ ក្នុងគណៈកម្មការចម្រុះនោះ ក៏ពិតជាអាចធ្វើទៅបានផងដែរ ព្រោះការចូលរួមនេះ វាមិនមែនជាការជ្រៀតជ្រែកអ្វីមកលើនយោបាយ និងការអនុវត្តច្បាប់នៅកម្ពុជានោះទេ ហើយថា សម្រាប់គណៈកម្មការចម្រុះគឺត្រូវការជាចាំបាច់នូវអ្នកជំនាញបច្ចេកទេសសម្រាប់សិក្សាលើភាពមិនប្រក្រតីដែលបានកើតឡើង។
អ្នកវិភាគរូបនេះបានបញ្ជាក់ថា៖« វិស័យរបស់រដ្ឋស្ទើតែទាំងអស់សុទ្ធតែត្រូវការអ្នកជំនាញបច្ចេកទេសបរទេស ពិសេសក្រុមអង្គការអន្តរជាតិធំៗ ដើម្បីជួយសិក្សា និងស្វែងរកយន្តការដើម្បីពន្លឿនការអភិវឌ្ឍន៍។ ដូច្នេះសម្រាប់គណៈកម្មការចម្រុះវិញ វាក៏ត្រូវការអ្នកជំនាញបច្ចេកទេសច្បាស់លាស់ ដើម្បីសិក្សា ពីភាពមិនប្រក្រតី និងយន្តការនៃការដោះស្រាយបញ្ហាទាំងអស់នោះដែរ»។
បើតាមលោក កែម ឡី ចំពោះបញ្ហាទាំងអស់នេះ វាទាមទារជាចាំបាច់ចំពោះវត្តមានរបស់អ្នកជំនាញបច្ចេកទេស ដើម្បីឲ្យដឹងថា ភាពមិនប្រក្រតីនោះវាបានកើតឡើងកម្រិតណា ហើយវាត្រូវការយន្តការអ្វីខ្លះដើម្បីយកដោះស្រាយ ជាពិសេសដើម្បីឲ្យគ្រប់ភាគីទាំងអស់ទទួលយកបាន៕
ប្រភពដើម៖ សារព័៏ត៌មានថ្មីៗ
Tagged as: ច្បាប់, ព័ត៌មានជាតិ

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: