ខ្មែរ | ព័ត៌មានថ្មីៗ | សេដ្ឋកិច្ច-សង្គម គ្រូបង្រៀនមួយចំនួនត្អូញត្អែរពីការបែងចែកគ្រូអនុរក្សប្រឡងបាក់ឌុបមានភាពលម្អៀង
បញ្ចូលព័ត៌មានដោយ៖Unknown
on Saturday, August 3, 2013
0
គ្រូបង្រៀននៅខេត្តបន្ទាយមានជ័យ ជាច្រើននាក់ ប្រតិកម្មចំពោះភាពមិនប្រក្រតីទាក់ទិនទៅនឹងការរៀបចំអនុរក្សសម្រាប់សម័យប្រឡងនៅវិទ្យាល័យ ថ្មពួក។ គ្រូបង្រៀនទាំងនោះចោទថា នាយកវិទ្យាល័យ ថ្មពួក ប្រកាន់បក្ខពួក និងមានភាពលម្អៀង ដោយសារតែគាត់បានអនុវត្តផ្ទុយពីសេចក្ដីណែនាំរបស់ ក្រសួងអប់រំ។ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ គឺជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងប្រទេសកម្ពុជា ប៉ុន្តែនៅមុនថ្ងៃប្រឡងនេះចូលមកដល់ គេសង្កេតឃើញមានភាពមិនប្រក្រតីជាច្រើនកើតមានឡើងទាក់ទិនទៅនឹងការចាត់តាំង និងបែងចែកអនុរក្សប្រឡងឲ្យគ្រូបង្រៀននៅតាមមណ្ឌលប្រឡងមួយចំនួនក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែង ក្រុមគ្រូបង្រៀនថ្នាក់ទី១០ នៅវិទ្យាល័យថ្មពួក ថ្លែងនៅថ្ងៃទី២ ខែសីហា ថា នាយកវិទ្យាល័យថ្មពួក ប្រកាន់បក្ខពួកក្នុងការរៀបចំមេប្រយោគប្រឡង។ គ្រូបង្រៀនឈ្មោះ ជា ប៊ុនលឿ បញ្ជាក់ថា លោក ស្រឺ តឿង ជានាយកវិទ្យាល័យថ្មពួក បានឲ្យគ្រូបង្រៀនថ្នាក់អនុវិទ្យាល័យ ៤នាក់ ធ្វើជាអនុរក្សប្រឡង។ គ្រូបង្រៀនទាំង ៤នាក់នោះ មានឈ្មោះ រ៉ាន់ សន ញ៉ែម សុបញ្ញា តាប់ បេន និងឈ្មោះ សៅ ប៊ុនរិទ្ធ។ ប៉ុន្តែ គ្រូបង្រៀននៅវិទ្យាល័យថ្មពួក ៤នាក់ មានឈ្មោះ ជា ប៊ុនលឿ វ៉ាត់ វិញ សាក់ លីណា និងឈ្មោះ ឡោម ប្រជិន ត្រូវគេទុកឲ្យទំនេរចោល៖ «ពួកខ្ញុំ ៤នាក់ បង្រៀននៅថ្នាក់ទី១០ នៅវិទ្យាល័យ ថ្មពួក តាមពិតខ្ញុំត្រូវធ្វើមេប្រយោគថ្នាក់ទី១២ ឥឡូវនេះជាក់ស្ដែង ខ្ញុំអត់មានឈ្មោះទេ ក៏ប៉ុន្តែមានឈ្មោះគ្រូនៅអនុវិទ្យាល័យ ៤រូបដែរ ត្រូវបានគេស្នើឲ្យធ្វើមេប្រយោគ នាយកមានភាពលម្អៀងប្រកាន់បក្ខពួកចំពោះបុគ្គលិក នេះបើតាមច្បាប់ដែលមន្ទីរគាត់ថា វាអត់ត្រឹមត្រូវទេ គាត់ធ្វើខុសទាំងស្រុង»។ ក្រុមគ្រូបង្រៀននៅវិទ្យាល័យ ថ្មពួក ទាំង ៤នាក់ បានតវ៉ាបញ្ហានេះទៅមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ប៉ុន្តែការតវ៉ានោះ មន្ទីរពុំបានដោះស្រាយនោះឡើយ។ វិទ្យុអាស៊ីសេរី បានសុំប្រតិកម្មពីប្រធានមន្ទីរអប់រំ ខេត្តបន្ទាយមានជ័យ ប៉ុន្តែ លោក ឈើយ ចាន់ណា ជាប្រធានមន្ទីរ បដិសេធមិនធ្វើអត្ថាធិប្បាយនោះឡើយ។ ទាក់ទិនការចោទប្រកាន់របស់គ្រូបង្រៀននេះ លោក ស្រឺ តឿង ជានាយកវិទ្យាល័យថ្មពួក បញ្ជាក់ថា មូលហេតុដែលលោកយកគ្រូបង្រៀននៅអនុវិទ្យាល័យ ទៅធ្វើជាអនុរក្សប្រឡងនោះ ដោយសារតែគ្រូទាំង ៤នាក់នោះជាគ្រូបង្រៀនម៉ោងកីឡា នៅថ្នាក់វិទ្យាល័យដូចគ្នា។ ទន្ទឹមគ្នានេះ លោកបដិសេធថា រូបលោកជានាយកសាលាពុំមានការប្រកាន់បក្ខពួកដូចការចោទប្រកាន់នោះឡើយ៖ «អត់មានខុសសេចក្ដីណែនាំរបស់ក្រសួងទេ គាត់ទទួលបន្ទុកបង្រៀនម៉ោងកីឡាថ្នាក់ទី១០ ទី១១ និងទី១២ ដែរ អ៊ីចឹងគាត់មានសិទ្ធិ»។ ទោះយ៉ាងណាក៏ដោយ ក្រុមគ្រូបង្រៀននៅវិទ្យាល័យថ្មពួក អះអាងថា កាលពីសម័យប្រឡងនៅបណ្ដាឆ្នាំកន្លងទៅ ពួកគាត់ធ្លាប់បានធ្វើជាអនុរក្សប្រឡងមិនដែលខកខាននោះទេ។ ទាក់ទិនភាពមិនប្រក្រតីនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ថ្លែងថា នៅក្នុងបំណែងចែកអនុរក្សប្រឡងសញ្ញាបត្រទុតិយភូមិ គេត្រូវជ្រើសរើសយកគ្រូបង្រៀននៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឲ្យអស់លទ្ធភាពសិន មុននឹងយកគ្រូបង្រៀននៅថ្នាក់អនុវិទ្យាល័យទៅជំនួស៖ «ប៉ុន្តែ បើសាលាហ្នឹង ឬមួយមន្ទីរអប់រំហ្នឹងមិនបានយកគ្រូនៅវិទ្យាល័យ ហើយបែរទៅជាយកគ្រូនៅអនុវិទ្យាល័យ នោះជារឿងមួយអត់ត្រឹមត្រូវទេ សុំឲ្យមន្ទីរក៏ដូចជាក្រសួង ត្រូវពិនិត្យមើលឡើងវិញ ពីព្រោះវាជាការលើកទឹកចិត្តដល់ពួកគាត់ដែរ គាត់បង្រៀនមួយឆ្នាំហើយមិនឲ្យគាត់ចេញ»។ នៅមុនថ្ងៃប្រឡងចូលមកដល់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កត់សម្គាល់ឃើញមានបញ្ហាមួយចំនួនកើតមានឡើង ដូចជានៅខេត្តកំពង់ឆ្នាំង គ្រូបង្រៀនថ្នាក់ទី១០ ថ្នាក់ទី១១ នោះ គេមិនឲ្យគាត់ចេញធ្វើជាអនុរក្សប្រឡងនោះឡើយ។ ករណីនេះ សមាគមចាត់ទុកថាជារឿងអយុត្តិធម៌សម្រាប់គ្រូបង្រៀន។ កាលពីថ្ងៃទី១ ខែសីហា សមាគមបានចេញលិខិតអន្តរាគមន៍មួយសុំឲ្យក្រសួងអប់រំ ពិនិត្យមើលបញ្ហាទាំងនោះឡើងវិញ ដើម្បីធានាដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ប្រព្រឹត្តទៅបានល្អ ជៀសវាងការប្រឡងមួយដែលប្រព្រឹត្តទៅមានភាពមិនប្រក្រតីនៅតាមមណ្ឌលប្រឡងកើតមានឡើង ដោយសារតែការបំណែងចែកលោកគ្រូអ្នកគ្រូឲ្យធ្វើជាអនុរក្សប្រឡងនៅតាមមណ្ឌលប្រឡងនោះ ពុំមានភាពស្មើគ្នា៕
ប្រភពដើម៖RFA
Tagged as: ព័ត៌មានជាតិ, សេដ្ឋកិច្ច-សង្គម

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: