អតីតប្រធានាធិបតីប៉ាគីស្ថានជាប់ចោទជាផ្លូវការពីបទធ្វើឃាតគូប្រជែង
បញ្ចូលព័ត៌មានដោយ៖Unknown
on Tuesday, August 20, 2013
0
លោក Pervez Musharraf អតីតប្រធានាធិបតី ត្រូវបានតុលាការប៉ាគីស្ថាន ធ្វើការចោទប្រកាន់ជាផ្លូវការ ពីបទធ្វើឃាតលោកស្រី Benazir Bhutto ជាគូប្រជែងនយោបាយកាលពីក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០០៧។ នេះគឺជាលើកទីមួយក្នុងប្រវត្តិប៉ាគីស្ថាន ដែលមេដឹកនាំយោធាដ៏មានអំណាចជាប់ចោទក្នុងបទឧក្រិដ្ឋ ពីតុលាការយ៉ាងដូច្នេះ។ តើនេះជាពន្លកឯករាជ្យនៃអំណាចតុលាការឬ ?!
អតីតប្រធានាធិបតីលោក Pervez Musharraf ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការពីបទឃាតកម្ម ផ្សំគំនិតរៀបចំឃាតកម្ម និងបានសម្រួលឱ្យមានការធ្វើឃាតលើរូបលោកស្រី Benazir Bhutto កាលពីឆ្នាំ២០០៧ ក្នុងពេលដែលលោកស្រីប្រធានគណបក្សប្រជាជនប៉ាគីស្ថាន កំពុងធ្វើមិទ្ទិញឃោសនាបោះឆ្នោត។ សវនាការនឹងផ្តើមបើកធ្វើ ចាប់ពីថ្ងៃទី ២៧សីហាសប្តាហ៍ក្រោយនេះ។
លោកស្រីប៊ូតូ ធ្លាប់ជាប់ឆ្នោត ជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដល់ទៅពីលើកក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ប៉ុន្តែក្រោយរដ្ឋប្រហារយោធា លោកស្រីបាននិរទេសខ្លួនចេញពីប៉ាគីស្ថាន ដើម្បីគេច ពីសំណាញ់ច្បាប់ដែលរួមរិតលោកស្រី ពីសំណុំរឿងពុករលួយរបស់ស្វាមី។ រហូតដល់ឆ្នាំ២០០៧ ដោយមានការព្រមព្រៀងពីរដ្ឋាភិបាលយោធារបស់លោក Pervez Musharraf ទើបលោកស្រីប្រមុខបក្សប្រឆាំងបានវិលត្រលប់ចូលមាតុប្រទេសវិញ ប៉ុន្តែគួរឱ្យសោកស្តាយ ការវិលត្រលប់របស់លោកស្រី បានតែបីខែ លោកស្រីប៊ូតូ បានស្លាប់ ដោយអាវុធធុនស្រាល ក្នុងពេលមានផ្ទុះភេរវកម្មពីរ នៅចំពោះមុខសកម្មជនប៉ាគីស្ថានរាប់សិបពាន់នាក់។ មរណភាពដក់ជាប់ក្នុងសតិនិងអារម្មណ៍បណ្តាជនឱ្យបោះឆ្នោតជូនគណបក្សប្រជាជនប៉ាគីស្ថាន ពោលគឺជូនលោក Asif Ali Zadari ជាស្វាមី ឱ្យធ្វើជាប្រធានាធិបតីរហូតមកទល់នឹងសព្វថ្ងៃនេះ។
សេចក្តីចោទប្រកាន់ត្រូវបានតុលាការប្រឆាំងនឹងអំពើភេរវកម្មអាននៅចំពោះមុខជនជាប់ចោទ គឺលោក Pervez Musharraf តែម្តងនៅព្រឹកមិញនេះ។ ប៉ុន្តែលោកមូស្ហារាហ្វ ដែលជាប់ឃុំក្នុងគេហដ្ឋាន តាំងពីពីរបីខែមកហើយ បានទទួលការពារពីប៉ូលិសនិងពីសំណាក់កងកម្លាំងពិសេស ក្នុងសវនាការ បានបដិសេធ រាល់ការចោទប្រកាន់ទាំងអម្បាលម៉ានរបស់តុលាការ។ មេធាវីរបស់លោកអតីតប្រធានាធិបតី បានអះអាងថាជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានគ្រិះ និងគ្មានភស្តុតាងគ្រប់គ្រាន់ឡើយ។
ប៉ុន្តែគេនៅចងចាំបានថា គ្រាន់តែបានត្រលប់ចូលមាតុប្រទេសវិញ នៅចុងឆ្នាំ២០០៧ លោកស្រី ប៊ូតូ បានផ្តល់ដំណឹងភ្លាម អំពីការគំរាមកំហែងមរណៈ ប្រឆាំងនឹងរូបលោកស្រី ហើយបានទាំងសុំអន្តរាគមន៍ និងការការពារសុវត្ថិភាពពីសំណាក់រដ្ឋាភិបាលរបស់លោកមូស្ហារាហ្វទៀតផង។
ក្រោយការផ្ទុះភេរវកម្ម និងមរណភាពរបស់លោកស្រី ប៊ូតូ ភ្លាម រដ្ឋាភិបាលរបស់មូស្ហារាហ្វ បានទម្លាក់កំហុសទៅលើមេខ្លោងតាលីបង់ ថាជាអ្នករៀបចំការធ្វើឃាត ប៉ុន្តែប្រមុខតាលីបង់ ដែលបន្ទាប់មក បានស្លាប់ក្រោមគ្រាប់សំណរបស់យន្តហោះឌ្រូនអាមេរិក បានច្រានចោល និងបដិសេធមិនបានលូកលាន់ក្នុងអំពើភេរវកម្មនោះទេ។ មរណភាពរបស់លោកស្រីអតីតនាយករដ្ឋមន្ត្រី ជាសំណុំរឿងឃាតកម្មដ៏ចម្លែកបំផុតមួយ និងជាប្រធានបទដ៏ចម្រូងចម្រាសបំផុត របស់ប៉ាគីស្ថាន។
អតីតឧត្តមសេនីយ៍ មូស្ហារ៉ាហ្វ ដែលបានឡើងកាន់អំណាចនៅប៉ាគីស្ថាន តាមរយៈការធ្វើរដ្ឋប្រហារ ដោយគ្មានបង្ហូរឈាម នៅឆ្នាំ១៩៩៩ បានក្លាយទៅជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ក្រោយមហាភេរវកម្មថ្ងៃទី ១១កញ្ញាឆ្នាំ២០០១ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម បានសម្រេចវិលចូលស្រុកវិញ កាលពីខែមីនា បន្ទាប់ពីនិរទេសខ្លួនអស់៥ឆ្នាំ ចង់ធ្វើខ្លួនជាអ្នកជួយសង្គ្រោះជាតិ ស្រោចស្រង់ប្រទេសឱ្យចេញពីវិបត្តិសេដ្ឋកិច្ច និងពីការគំរាមកំហែងរបស់ពួកតាលីបង់ ដែលកាន់តែមានអំណាចឡើងៗ ប៉ុន្តែការវិលត្រលប់នេះ គឺដូចជាយកកទៅ ល អន្ទាក់។ ក្រុមយោធាមិនបានគាំទ្រការវិលត្រលប់របស់លោកឡើយ និងបានព្រមានពីផលវិបាក ដែលអាចអាចនឹងធ្លាក់មកលើរូបលោកផ្ទាល់ទៀតផង។
ក្រៅពីជាប់ចោទក្នុងបទឃាតកម្មលើលោកស្រីប៊ូតូ លោក Pervez Musharraf អតីតប្រធានាធិបតី ក៏កំពុងវិលវល់នឹងតុលាការក្នុងរឿងដាក់ប្រទេសក្នុងភាពអាសន្ន កាលពីឆ្នាំ២០០៧ និងរឿងឃាតកម្មមួយទៀតប្រឆាំងនឹងអតីតមេឧទ្ទាមAkbar Bugti នៅខេត្តបាឡូតគីស្ថាន។
គ្មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតអស់មួយជីវិត ជាប់ឃុំក្នុងគេហដ្ឋាន ឥលូវជាប់ចោទជាផ្លូវការពីតុលាការទៀត មិនដឹងថាតើអតីតមេទ័ពរូបនេះអាចចេញរួចដោយច្រកណាឡើយ ! លោកអាចជ្រើសរើសផ្លូវតុលាការដ៏វែងឆ្ងាយ និងសាកល្បងរកការលុបលាងទោស ប៉ុន្តែត្រូវរកឱ្យឃើញការព្រមព្រៀងដោះបន្ទុក ឬក៏ត្រូវលួចរត់គេចខ្លួនទៅបរទេស។ ទាំងនេះសុទ្ធសឹងជាសេណារីយោដែលអាចទៅរួច នេះបើតាមទស្សនៈរបស់នាយកវិទ្យាស្ថានស្រាវជ្រាវយោធា។ តែបើតុលាការអាចដំណើរបានចប់សព្វគ្រប់តាមផ្លូវច្បាប់បាន នោះអតីតប្រធានាធិបតីប៉ាគីស្ថាន ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០០៨ លោក មូស្ហារាហ្វ នឹងក្លាយជាប្រមុខដឹកនាំយោធាប៉ាគីស្ថានទីមួយដែលជាប់ពន្ធនាគារ។
ប្រភពដើម៖ វិទ្យុបារាំងអន្តរជាតិ
បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: