វិភាគ៖ មេដឹកនាំផ្ដាច់ការម្នាក់នៅអាស៊ីខាងត្បូង ត្រូវបានប្រជាជនរបស់ខ្លួនទម្លាក់ពីអំណាចបានហើយ
បញ្ចូលព័ត៌មានដោយ៖Unknown
on Friday, January 9, 2015
0
នៅទីបំផុតប្រជាជនស្រីលង្កាបានទម្លាក់ជនផ្ដាច់ការរបស់ខ្លួនបានដោយជោគជ័យ តាមរយៈការបោះឆ្នោតប្រធានាធិបតី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ បើទោះជាបុរសខ្លាំងរូបនេះព្យាយាមកាន់អំណាចអាណត្តិទីបីរបស់លោក ដែលខុសនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសក៏ដោយ ។
តាមលទ្ធផលជាបណ្ដោះអាសន្ន ដែលប្រកាសដោយគណៈកម្មាធិការរៀបចំបោះឆ្នោតរបស់ប្រទេសនេះបានបង្ហាញថា បេក្ខជនមកពីគណបក្សប្រឆាំងលោក មៃទ្រីប៉ាឡា សេរីសេនា កំពុងនាំមុខលោក រ៉ាយ៉ាប៉ាសេក រវាង៥១ភាគរយ ទល់នឹង៤៧ភាគរយក្នុងចំណោមសន្លឹកឆ្នោតដែលអ្នកចេញទៅបោះឆ្នោតមានចំនួនជិត១៥លាននាក់ ។
បុរសខ្លាំងលោក រ៉ាយ៉ាប៉ាសេក (Mahinda Rajapaksa) បើទោះជាមិនបានថ្លែងសារភាពថាខ្លួនពិតជាចាញ់ឆ្នោតបេក្ខជនមកពីគណបក្សប្រឆាំងរួបរួម គឺលោក មៃទ្រីប៉ាឡា សេរីសេនា (Maithripala Sirisena)ក្ដី តែលោកបានឲ្យជំនួយការផ្ទាល់របស់លោកម្នាក់ចេញតាមកញ្ចក់ទូរទស្សន៍ ដោយថ្លែងទទួលស្គាល់ជ័យជម្នះរបស់មេដឹកនាំបក្សប្រឆាំង មៃទ្រីប៉ាឡា សេរីសេនា ។ ជំនួយការរូបនេះបញ្ជាក់ថាលោក រ៉ាយ៉ាប៉ាសេក សន្យាផ្ទេរអំណាចឲ្យអ្នកឈ្នះឆ្នោតដោយសន្តិវិធី ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្រីលង្កា ត្រូវបានអ្នកវិភាគមើលឃើញថាជាដំណាក់កាលចុងក្រោយបំផុត នៃការព្យាយាមកាន់អំណាចឡើងវិញរបស់លោក ម៉ាហ៊ិនដា រ៉ាយ៉ាប៉ាសេក ជាមួយនឹងការធ្លាក់ចុះប្រជាប្រិយភាពរបស់លោកជាខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែការកើតមានអំពើពុករលួយបក្សពួកនិយម និងបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ ។
ប្រធានាធិបតីអាយុ៦៩ឆ្នាំរូបនេះ ជាអ្នកបញ្ចប់សង្គ្រាមជាមួយសហគមន៍ខ្លាតាមីល នៅឆ្នាំ២០០៩ ជាមួយនឹងការបាត់បង់ជីវិតមនុស្សជិត៤០០០០០នាក់ ប៉ុន្តែលោក រ៉ាយ៉ាប៉ាសេក គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេទ័ពរបស់លោកជាច្រើន ដែលរងការចោទថាជាប់ពាក់ព័ន្ធ និងឧក្រិដ្ឋកម្មសង្គ្រាម ។
យោងតាមអង្គការយុទ្ធនាការដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (CFFE) ចំនួនអ្នកចេញទៅបោះឆ្នោត មានការកើនឡើងគឺមាន៧០ភាគរយ ហើយភាគច្រើនពួកគេ បោះឆ្នោតឲ្យបេក្ខជនមកពីគណបក្សប្រឆាំងរួបរួមគឺលោក មៃទ្រីប៉ាឡា សេរីសេនា ។
ការបោះឆ្នោតនៅថ្ងៃម្សិលមិញ មនុស្ស១៧៥នាក់ត្រូវបានចាប់ខ្លួន និងមានការបំផ្ទុះគ្រាប់បែកជាច្រើនកន្លែង នៅតំបន់សហគមន៍ខ្លាតាមិល ។
អ្នកសង្កេតការណ៍ព្រមានថា ប្រទេសព្រះពុទ្ធសាសនានេះអាចធ្លាក់ចូលរលកហិង្សាម្ដងទៀត បើអ្នកគាំទ្រលោកប៉ាសេក មិនព្រមទទួលយកការចាញ់ឆ្នោតរបស់លោក រាយ៉ាប៉ាសេក ។
រដ្ឋមន្ត្រីការបរទេសអាមេរិកចនឃែរី បានចេញសេចក្ដីថ្លែងការណ៍របស់លោក ភ្លាមៗកាលពីថ្ងៃម្សិលមិញ ដោយអំពាវនាវឲ្យប្រទេសស្រីលង្កាបើកសិទ្ធិសេរីភាពដល់ក្រុមប្រឆាំង ឲ្យបានទូលំទូលាយ ហើយមិនត្រូវចល័តកងទ័ព នៅតំបន់ដែលក្រុមប្រឆាំងមានប្រៀបនោះទេ ។ លោកចនឃែរី សង្ឃឹមថាការបោះឆ្នោតប្រធានាធិបតីនៅប្រទេសស្រីលង្កា នឹងនាំមកនូវការឯកភាពជាតិដ៏ទូលំទូលាយមួយ ។
អ្នកគាំទ្រលោក លោក មៃទ្រីប៉ាឡា សេរីសេនា នាំគ្នារាំច្រៀងពាសពេញប្រទេសដោយសង្ឃឹមថាជ័យជម្នះរបស់ពួកគេក្នុងការបោះឆ្នោតទម្លាក់បុរសខ្លាំង លោក រ៉ាយ៉ាប៉ាសេកនឹងនាំមកនូវការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងតុលាការឯករាជ្យ ខណៈក្រុមគាំទ្រលោក រ៉ាយ៉ាប៉ាសេកសម្ដែងការសោកសៅ និងសម្រក់ទឹកភ្នែក ។
អ្វីដែលធ្វើឲ្យលោក រ៉ាយ៉ាប៉ាសេក មានកំហុសហើយចាញ់ឆ្នោតមានតែមួយគត់ គឺដោយសារតែលោកមិនអាចផ្ដល់យុត្តិធម៍ ដល់ជនក្រីក្រ ជនរងគ្រោះដោយសារតែសង្គមអយុត្តិធម៍ និងការដឹកនាំរបស់លោក១០ឆ្នាំមកនេះ បានបង្កឲ្យមានអំពើពុករលួយរីករាលដាលពេញស្ថាប័នរដ្ឋ និងឯកជន ៕
Tagged as:
About the Author
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: