ឧបនាយករដ្ឋមន្រ្តី ស ខេង សង្ឃឹមថាគណបក្សសង្រ្គោះជាតិនឹងត្រឡប់មកចូលរួមដោះស្រាយបញ្ហាប្រកបដោយការទទួលខុសត្រូវដោយឈរលើផលប្រយោជន៍ជាតិប្រកបដោយសន្តិវិធី
បញ្ចូលព័ត៌មានដោយ៖Unknown
on Monday, August 5, 2013
0
ភ្នំពេញ ៖ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានអំពីបញ្ហាមួយចំនួនក្រោយពីការបដិសេធចូលរួមបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីលើការបោះឆ្នោត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្រោយពីការបោះឆ្នោតបានកន្លងផុតទៅ ឯកឧត្តមបានជួបជាមួយតំណាងស្ថានទូតជាច្រើននៅភ្នំពេញ ក្នុងនោះក៏មានស្ថានទូតនៃប្រទេសមហាអំណាចផងដែរ។ ឯកឧត្តមបានបន្តថា បញ្ហាដែលសំខាន់ក្រោយការបោះឆ្នោតគឺមានការប្រតិកម្មទៅនឹងភាពមិនប្រក្រតីនៃការបោះឆ្នោត និង ការដោះស្រាយលើបញ្ហានេះ ព្រមទាំងបញ្ហាសន្តិសុខនៅក្រោយការបោះឆ្នោត។ ឯកឧត្តមបានលើកឡើងទៀតថា បន្ទាប់ពីមានការស្នើរបស់គណបក្សសង្គ្រោះជាតិដើម្បីបង្កើតគណៈកម្មការចម្រុះដើម្បីធ្វើការ ស៊ើបអង្កេតទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោតនោះ ឯកឧត្តមបានជួបជាមួយលោក សម រង្ស៊ី តាមទូរស័ព្ទ ហើយដំបូងលោក សម រង្ស៊ី ក៏បានឯកភាព ចំណែក គ.ជ.ប ក៏បានឯកភាព លើការបង្កើតគណៈកម្មការខាងលើដែរ ប៉ុន្តែក្រោយមកគណបក្សសង្គ្រោះជាតិបានដកខ្លួនចេញពីការបង្កើតគណៈកម្មការនេះដើម្បីដោះស្រាយបញ្ហា។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងទៀតថា ប្រសិនបើលោក សម រង្ស៊ី ចង់បង្កើតអ្វីមួយក្រៅពីច្បាប់កំណត់ ហើយបដិសេធនូវអ្វីដែលជាការរៀបចំឡើងរបស់ គ.ជ.ប នោះ «ខ្ញុំយល់ថា មិនអាចទៅរួចទេ ការបដិសេធពីតួនាទីរបស់ គ.ជ.ប ដែលជាយន្តការមួយ បង្កើតដោយច្បាប់ ហើយត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្ត ពីព្រោះធ្វើអ្វីក៏ដោយក៏ត្រូវអនុឡោមទៅតាមច្បាប់ ហើយយើងត្រូវយកបញ្ហាមកដាក់លើតុដើម្បីជជែកគ្នាដោះស្រាយជាមួយគ្នាប្រកបដោយតម្លាភាព និង មានការទទួលខុសត្រូវ។ យើងក៏នៅតែសង្ឃឹមដែរ ទោះបីជាពេលនេះគាត់បានបដិសេធ ប៉ុន្តែគាត់នឹងត្រឡប់មកវិញចូលរួមដោះស្រាយបញ្ហាប្រកបដោយការទទួលខុសត្រូវដោយឈរលើផលប្រយោជន៍ជាតិប្រកបដោយសន្តិវិធី»។ ចំពោះបញ្ហាមួយទៀតគឺការតវ៉ានានា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់ថា ការតវ៉ាណាក៏ដោយត្រូវផ្អែកទៅលើគោលការណ៍សន្តិភាព និង គោលការណ៍ច្បាប់ដែលមិនអាចលើសពីនេះបានទេ បើមិនដូច្នេះវានឹងធ្វើអោយប៉ះពាល់ ផលប្រយោជន៍របស់ប្រជាពលរដ្ឋពីព្រោះនៅក្រោយការបោះឆ្នោតនេះ ប្រជាពលរដ្ឋសង្ឃឹមថា ដំណើរការរបស់កម្ពុជានឹងទៅមុខ ដូច្នេះប្រសិនបើយើងធ្វើអ្វីមួយដោយមិនគិតពីកត្តាសន្តិភាពធ្វើអោយប្រជាពលរដ្ឋខកចិត្ត។ ហេតុនេះនៅក្នុងជំនួបទាំងឡាយជាមួយអ្នកការទូត នៃបណ្តាប្រទេសផ្សេងៗនោះ គឺផ្តោតទៅលើកត្តាសន្តិភាព ហើយឯកអគ្គរដ្ឋទូតទាំងអស់ ក៏មានទស្សនៈ និង មើលឃើញដូចការលើកឡើងរបស់ឯកឧត្តមបែបនេះដែរ ហើយបានសំដែងនូវការយកចិត្តទុកដាក់ទៅលើការពង្រឹងសុខសន្តិភាព ហើយការដោះស្រាយទាំងឡាយក៏ត្រូវផ្អែកទៅលើច្បាប់ជាធរមាន។ ឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានទាក់ទងទៅនឹងការបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេតទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោតនេះដែរ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ស ខេង បានលើកឡើងថា មកដល់ពេលនេះ គ.ជ.ប បានដំណើរការតាមយន្តការដែលមានស្រាប់គឺមិនអាចអោយគាំងដំណើរការបានទេ ប៉ុន្តែយោបល់របស់ឯកឧត្តមផ្ទាល់ គឺនៅតែស្វាគមន៍ចំពោះការចូលរួមបង្កើតគណៈកម្មការនេះដើម្បីដោះស្រាយបញ្ហា ហើយសហគមន៍អន្តរជាតិមិនបានកំណត់ថា ការបង្កើតគណៈកម្មការនោះត្រូវតែមានអង្គការ នេះ ឬអង្គការនោះ ចូលរួមនោះឡើយ តែគេបានគាំទ្រគណៈកម្មការមួយដែលស្រុះស្រួលគ្នា ដោយមិនចាំបាច់មានលក្ខណៈណាមួយនោះទេ។ ជាមួយគ្នានោះក៏បានបើកអោយមានការចូលរួមសង្កេតការណ៍ពីអង្គការជាតិ និង អន្តរជាតិផងដែរ ដោយមិនមានអ្វីលាក់លៀមនោះទេ ប៉ុន្តែបើយើងបង្កើតអ្វីដែលខុសពីច្បាប់ក្រែងវាកើតទៅជារឿងផ្សេង ហើយឯកឧត្តមក៏បានជជែកជាមួយលោក សម រង្ស៊ី តាមទូរស័ព្ទថា ប្រសិនបើយើងទាត់ចោលយន្តការ របស់គ.ជ.ប ដែលមានស្រាប់ ហើយទៅបង្កើតយន្តការមួយផ្សេងទៀត វាកាន់តែធ្វើអោយច្របូកច្របល់ ហើយអាចធ្វើអោយរាំងស្ទះដល់ដំណើរការជាតិរបស់យើង។ ទាក់ទងទៅនឹងការធ្វើបាតុកម្មឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង បានលើងឡើងថា អ្វីៗត្រូវធ្វើទៅតាមច្បាប់ដែលមាន ហើយពេលនេះដែរឯកឧត្តមបានអោយអភិបាលរាជធានីភ្នំពេញជាមួយតំណាងគណបក្សសង្គ្រោះជាតិទាក់ទងទៅនឹងការជួបជុំគ្នារបស់គណបក្ស សង្គ្រោះជាតិដើម្បីថ្លែងអំណរគុណអ្នកបោះឆ្នោតនៅល្ងាចថ្ងៃទី០៦ ខែសីហានៅទីលានប្រជាធិបតេយ្យ។ ឯកឧត្តមបញ្ជាក់ថា ពេលនេះដូចជាមិនទាន់យឺតទេចំពោះការ ថ្លែងអំណរគុណដល់អ្នកបោះឆ្នោតពីព្រោះការប្រកាសលទ្ធផលបណ្តោះអាសន្ននៅមិនទាន់បានធ្វើនៅឡើយ ដូច្នេះនៅមានពេលវេលាច្រើនក្នុងការធ្វើរឿងនេះ ប៉ុន្តែធ្វើអ្វីក៏ដោយ សន្តិភាព និង សន្តិវិធី គឺជាបញ្ហាសំខាន់សម្រាប់ទុកអោយប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត ហើយការវិនិយោគ ការអភិវឌ្ឍនានាក៏ត្រូវតែដំណើរការជាធម្មតា។ ចំពោះការងារមួយចំនួននៅក្នុងរដ្ឋសភាដែលសម្តេចនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងថា នៅមិនទាន់ជជែកគ្នាទៅដល់បញ្ហានោះទេ ប៉ុន្តែបញ្ហានោះគណបក្សប្រជាជនកម្ពុជាក៏បានត្រៀមរួចរាល់ហើយដែរ ដើម្បីជជែកពិភាក្សាអោយមានយន្តការសភាមួយមានការចូលរួមពីគណបក្សទាំងពីរ ដោយហេតុថា តាមលទ្ធផលនៃការបោះឆ្នោតយើងត្រូវគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាអោយយន្តការនៅក្នុងរដ្ឋសភានេះធ្វើការរវាងគណបក្សទាំងពីរកាន់តែមានប្រសិទ្ធភាព។ ទាក់ទងទៅនឹងសំនួរមួយទៀតរបស់អ្នកសារព័ត៌មានអំពីភាពមិនប្រក្រតីដែលលើក ឡើងដោយគណបក្សសង្គ្រោះជាតិនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងថា ជាទូទៅក្រោយការបោះឆ្នោត សហគមន៍អន្តរជាតិទូទាំងសកលលោក បានមើលឃើញថាការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូនប្រកបដោយសន្តិភាព ហើយមិនមែននិយាយតែមាត់ទេ គឺមានទាំងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរផងដែរ បញ្ហានោះសបញ្ជាក់អោយឃើញថា មានការវិវត្តន៍ល្អណាស់បើប្រៀបធៀបទៅនឹងការ បោះឆ្នោតលើកមុនៗ ហើយអ្វីដែលជាការកត់សម្គាល់មួយទៀត គឺសម្លេងគណបក្សប្រឆាំង កើនឡើង ដែលបញ្ជាក់ថា ប្រជាពលរដ្ឋបានបញ្ចេញនូវឆន្ទៈរបស់ខ្លួនយ៉ាងត្រឹមត្រូវ ហើយជាការបញ្ជាក់ពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ៕
ប្រភពដើម៖ KPT-NEWS
Tagged as: នយោបាយ, ព័ត៌មានជាតិ

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: