ពាក្យបណ្ដឹងសរុបចំនួន៣៥៩ ត្រូវបានដាក់ប្ដឹងក្នុងដំណាក់កាលឃោសនាបោះឆ្នោត
បញ្ចូលព័ត៌មានដោយ៖Unknown
on Monday, August 5, 2013
0
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានប្រកាសឲ្យដឹងថា ក្នុងដំណាក់កាលឃោសនាបោះឆ្នោត គិតពីថ្ងៃទី២៧មិថុនា ដល់ថ្ងៃទី២៦កក្កដាកន្លងទៅនេះ មានពាក្យបណ្ដឹងសរុបចំនួន៣៥៩បណ្ដឹង ត្រូវបានដាក់ប្ដឹង។ ហើយកម្មវត្ថុនៃពាក្យបណ្ដឹងទាំងអស់ភាគច្រើនប្ដឹងពីបទ ការរំខានការឃោសនា ការហែកបំផ្លាញស្លាកគណបក្ស ការហែកខិត្តប័ណ្ណ ប័ណ្ណខៀវមិនប្រក្រតី និងការប្រើរថយន្តអំណោយរបស់សាលារាជធានីភ្នំពេញទៅធ្វើការឃោសនាជាដើម។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីព្រឹកថ្ងៃចន្ទ ទី៥ខែសីហា បានផ្សព្វផ្សាយសេចក្ដីប្រកាសព័ត៌មានមួយ អំពីពាក្យបណ្ដឹងសរុប ដែលត្រូវបានដាក់ប្ដឹង ក្នុងដំណាក់កាលឃោសនាបោះឆ្នោត។ សេចក្ដីប្រកាសព័ត៌មាននោះឲ្យដឹងថា នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត រយៈពេល៣០ថ្ងៃ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ មានពាក្យបណ្ដឹងសរុបចំនួន៣៥៩បណ្ដឹង។ ពាក្យបណ្ដឹងទាំងអស់កើតនៅថ្នាក់ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ថ្នាក់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត និងថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នៅថ្នាក់ឃុំ-សង្កាត់ មានពាក្យបណ្ដឹងចំនួន៣៣៨បណ្ដឹង ក្នុងនោះដោះស្រាយបាន៣៣៤ នៅសល់ ៤ បណ្ដឹង។ ចំណែកនៅថ្នាក់រាជធានី-ខេត្តវិញ បានទទួលពាក្យបណ្ដឹងសរុបចំនួន១១០ ដោះស្រាយបាន១០៤បណ្ដឹង នៅសល់៦បណ្ដឹង។ មានបណ្ដឹងសរុបចំនួន៣៩ នៅថ្នាក់ជាតិ ក្នុងនោះដោះស្រាយបាន ២៩ នៅសល់១០បណ្ដឹងកំពុងដោះស្រាយ។ ដោយឡែក ពាក្យបណ្ដឹងនៅថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នខ្ពស់បំផុត មានចំនួនសរុប៧បណ្ដឹង ដោះស្រាយបាន៥បណ្ដឹង នៅសល់២បណ្ដឹង កំពុងដោះស្រាយ។
លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ប្រាប់វិទ្យុ RFI ថា សម្រាប់បណ្ដឹងដែលដាក់ប្ដឹងក្នុងដំណាក់កាលការឃោសនាបោះឆ្នោតនេះ មិនមានកំណត់រយៈពេលនៃការដោះស្រាយទេ។ យ៉ាងណាក៏ដោយ លោកទេព នីថា បញ្ជាក់ថា គ.ជ.ប. កំពុងតែដោះស្រាយបណ្ដឹងដែលនៅសេសសល់ឲ្យបានរួចស្រេច មុនការប្រកាសលទ្ធផលបោះឆ្នោត។
គួរបញ្ជាក់ផងដែរថា បណ្ដឹងជាង២០០បណ្ដឹង ប្ដឹងដោយគណបក្សសង្គ្រោះជាតិ។ បណ្ដឹងផ្សេងពីនោះ ត្រូវបានប្ដឹងដោយ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរឈប់ក្រ ប្រជាពលរដ្ឋ អាជ្ញាធរ ក្រុមហ៊ុន កងរាជអាវុធហត្ថ និងមន្ទីរខេត្តពោធិ៍សាត់។ កម្មវត្ថុនៃពាក្យបណ្ដឹងទាំងអស់ ភាគច្រើនប្ដឹងពីបទ ការរំខានការឃោសនា ការហែកបំផ្លាញស្លាកគណបក្ស ការហែកខិត្តប័ណ្ណ ប័ណ្ណខៀវមិនប្រក្រតី និងការប្រើរថយន្តអំណោយរបស់សាលារាជធានីភ្នំពេញទៅធ្វើការឃោសនាជាដើម៕
ប្រភពដើម៖ Radio French Internation
Tagged as: នយោបាយ, ព័ត៌មានជាតិ

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: