បក្សសង្គ្រោះជាតិប្រកាសរក្សាជំហរធ្វើមហាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត
បញ្ចូលព័ត៌មានដោយ៖Unknown
on Wednesday, August 7, 2013
0
មេដឹកនាំគណបក្សសង្គ្រោះជាតិ ព្រមានជាថ្មីថានឹងធ្វើមហាបាតុកម្មក្នុងទ្រង់ទ្រាយធំនៅទូទាំងប្រទេសក្នុងពេលខាងមុខប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
ថ្លែងទៅកាន់អ្នកគាំទ្រប្រមាណជាង ១ពាន់នាក់នៅទីរួមខេត្តតាកែវ ប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសជំហរមិនរាថយថា គណបក្សប្រឆាំងមួយនេះនឹងកៀរគរអ្នកគាំទ្រធ្វើបាតុកម្មដ៏ធំពុំធ្លាប់មានប្រឆាំងនឹងលទ្ធផលឆ្នោតបណ្ដោះអាសន្ន ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក សម រង្ស៊ី និយាយនៅថ្ងៃទី៦ សីហា ថា លោកនឹងពុំមានជំនឿសោះឡើយចំពោះការរកយុត្តិធម៌របស់ គ.ជ.ប សម្រាប់គណបក្សសង្គ្រោះជាតិ ដែលលោកអះអាងថា បានឈ្នះការបោះឆ្នោតនៅក្នុងអាណត្តិទី៥នេះ។
លោក សម រង្ស៊ី ដែលនៅពេលនេះមិនទាន់ត្រូវបានផ្ដល់អភ័យឯកសិទ្ធិតំណាងរាស្ត្រនៅឡើយផងនោះ បន្តថា យន្តការដែលនឹងត្រូវប្រើប្រាស់ដើម្បីដណ្ដើមជ័យជំនះនេះពីគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកវិញ គឺត្រូវពឹងអន្តរជាតិ និងជម្រើសចុងក្រោយ គឺចលនាមហាបាតុកម្មប៉ុណ្ណោះ។ លោកគិតថា នេះជាទីចុងក្រោយសម្រាប់ស្រោចស្រង់ប្រទេសជាតិ ហើយជំហរនេះនឹងមិនថយក្រោយឡើយ។
ចំណែកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិវិញនិយាយថា បើទោះជាមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តតាកែវ ប្រើគ្រប់មធ្យោបាយដើម្បីលួចបន្លំសន្លឹកឆ្នោតយ៉ាងណាក្តី ក៏ប៉ុន្តែលោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនៅតែដណ្ដើមជោគជ័យ គឺស្មើនឹងគណបក្សប្រជាជនកម្ពុជា។
អ្នកសម្របសម្រួលមកពីអង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពត លោក យន់ ផល្លី ដែលចុះឃ្លាំមើលការជួបជុំនេះ និយាយថា កិច្ចសន្ទនារបស់មេបក្សប្រឆាំងនៅពេលនេះពុំមានការរារាំងណាមួយពីអាជ្ញាធរមូលដ្ឋានទេ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយពីមន្ត្រី គ.ជ.ប ពាក់ព័ន្ធនឹងបញ្ហានេះ នៅថ្ងៃទី៦ សីហា បានទេ ដោយទូរស័ព្ទពុំមានអ្នកទទួល។
នៅចំពោះមុខអ្នកគាំទ្របក្សប្រឆាំងជាង ១ពាន់នាក់ លោក សម រង្ស៊ី ពុំបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការធ្វើបាតុកម្មនេះឡើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីគិតថា អ្វីដែលជាការសម្រេចចិត្តរបស់មេដឹកនាំបក្សប្រឆាំងនៅពេលនេះ នឹងទាញទម្លាក់ឲ្យកម្ពុជា ជួបវិបត្តិដែលពិបាកនឹងរកច្រកចេញ។ លោកបន្តថា យុទ្ធនាការរបស់លោក សម រង្ស៊ី គឺជាចរន្តផ្ទុយពីសង្គមប្រជាធិបតេយ្យ។
លោក ហង្ស ពុទ្ធា នាយកអង្គការនិចហ្វិក (NICFEC) ឲ្យដឹងថា បាតុកម្មនេះអាចនឹងមានបាតុកម្មប្រឆាំងតបវិញ។ ហេតុនេះលោកគឺថា វាជាការបារម្ភចំពោះសុវត្ថិភាពនិងសន្តិសុខ។ លោកបន្តថា បើទោះជាបែបណា ការធ្វើបាតុកម្មនេះគឺជាទាមទារសិទ្ធិដែលបក្សប្រឆាំងចាត់ទុកថា លទ្ធផលឆ្នោតពុំមានតម្លាភាពនិងយុត្តិធម៌។
កាលពីដើមខែសីហា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានថា នឹងមានបាតុកម្មប្រឆាំងតប បើសិនបក្សប្រឆាំងនៅបន្តជំហរធ្វើបែបនេះ ហើយទាមទារឲ្យពលរដ្ឋ ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ គួរស្ថិតនៅឲ្យឆ្ងាយពីបាតុកម្មនេះ។
ប្រភពដើម៖ RFA
Tagged as: នយោបាយ, ព័ត៌មានអន្តរជាតិ

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: