នាយករដ្ឋមន្ត្រីបារាំងចង់ឲ្យអ្នកនយោបាយខ្មែរធ្វើការជាមួយគ្នា
បញ្ចូលព័ត៌មានដោយ៖Unknown
on Monday, October 14, 2013
0
នាយករដ្ឋមន្ត្រីបារាំង លោក Jean-Marc AYRAULT បានផ្ញើលិខិតសាទរចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានជាប់ឆ្នោតជាថ្មីជាប្រមុខរដ្ឋាភិបាលកម្ពុជា។ នាយករដ្ឋមន្ត្រីបារាំងក៏បានកត់សម្គាល់ថា វាជាការសំខាន់ណាស់ដែលតួអង្គនយោបាយសំខាន់ៗនៅកម្ពុជាធ្វើការជាមួយគ្នា ដើម្បីធានាការប្រព្រឹត្តទៅដោយរលូននៃស្ថាប័ន។ នេះជាការសាទររបស់ប្រទេសប្រជាធិបតេយ្យធំមួយទៀត បន្ទាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី។
ក្នុងសារលិខិតចុះថ្ងៃទី ៤តុលា ដែលក្រសួងការបរទេសកម្ពុជា ទើបតែផ្សព្វផ្សាយនៅថ្ងៃទី ១២តុលានេះ នាយករដ្ឋមន្ត្រីបារាំង លោក Jean-Marc AYRAULT បានថ្លែងសាទរចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសដែលលោកបានជាប់ឆ្នោតជាថ្មី ជាប្រមុខរដ្ឋាភិបាលកម្ពុជា។
ប្រមុខរដ្ឋាភិបាលបារាំងបានថ្លែងក្នុងលិខិតនោះទៀតថា ការបោះឆ្នោតកាលពីខែកក្កដាបានបង្ហាញពីការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកបោះឆ្នោត។ លោកបន្តថា វាជាការសំខាន់ណាស់ដែលអ្នកនយោបាយខ្មែរទាំងអស់ ធ្វើការជាមួយគ្នាចាប់ពីពេលនេះតទៅ ដើម្បីធានាការប្រព្រឹត្តទៅដោយរលូននៃស្ថាប័ន ដែលជាកត្តាមិនអាចខ្វះបាននៃលទ្ធិ ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រទេស។
លោក Jean-Marc AYRAULT បន្តទៀតថា ជានិច្ចកាល បារាំងតែងនៅជាមួយកម្ពុជា ជាពិសេស ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១មក សមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ជាច្រើន ត្រូវបានសម្រេច។ ដោយមានភក្តីភាពជាមួយចំណងមិត្តភាពដ៏ជិតស្និទ្ធនិងយូរអង្វែង ដែលបានចងភ្ជាប់ប្រទេសទាំងពីរ បារាំងនឹងបន្តរួមដំណើរជាមួយកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការអភិវឌ្ឍន៍ និងនីតិរដ្ឋ។ នេះជាការគូសបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលទីក្រុងប៉ារីស ចំពោះសមភាគីក្រុងភ្នំពេញ។
កាលពីថ្ងៃទី ៦តុលា នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក ថូនី អាប់បត ក៏បានសរសេរលិខិតសាទរចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលបានចាត់ទុកកម្ពុជាជាដៃគូសហប្រតិបត្តិការយ៉ាងសំខាន់មួយនោះ បានសម្តែងការគាំទ្រចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក ថូនី អាប់បត ក៏រំពឹងដែរថា ការសម្របសម្រួលរវាងគណបក្សទាំងអស់នៅកម្ពុជា គឺជាការធានាបាននូវសន្តិភាព សន្តិសុខ ដែលជាមូលដ្ឋានគ្រឹះសម្រាប់អនាគតប្រទេសកម្ពុជា។
គួរកតសម្គាល់ថា ប្រទេសប្រជាធិបតេយ្យធំៗទាំងពីរនេះ សុទ្ធតែបានសម្តែងបំណងចង់ឲ្យអ្នកនយោបាយនៅកម្ពុជាធ្វើការជាមួយគ្នា ដើម្បីអនាគតប្រទេសជាតិ។ គោលបំណងដ៏ទទូចនេះ បានស្តែងឡើងខណៈដែលគណបក្សជាប់ឆ្នោតទាំងពីរនៅកម្ពុជា កំពុងបែកបាក់គ្នាដោយគណបក្សមួយបង្កើតរដ្ឋសភា និងរដ្ឋាភិបាលម្នាក់ឯង ចំណែកគណបក្សមួយទៀត មិនព្រមចូលអង្គុយក្នុងរដ្ឋសភា ហើយកំពុងបើកយុទ្ធនាការការទូត សុំកុំឲ្យសហគមន៍អន្តរជាតិទទួលស្គាល់រដ្ឋាភិបាល និងរដ្ឋសភាអាណត្តិទី៥ នេះ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ
បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann ITឡើយការចំលងផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!
About the Author
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts



0 ផ្តល់មតិយោបល់: